ក្រសួងធនធានទឹក និងឧតុនិយមបានចេញសេចក្ដីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០។
ក្រសួងបានឲ្យដឹងថា តាមរយៈនៃការវិវត្ត និងប្រែប្រួលជាបន្តបន្ទាប់ នៃស្ថានភាពអាកាសធាតុ សង្កេតឃើញថា កម្ពុជាទទួលរងឥទ្ធិពល ពីជ្រលងសម្ពាធទាប និងខ្យល់មូសុងនិរតីខ្សោយ។ ស្ថានភាពបែបនេះធ្វើឱ្យ៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល មាន ភ្លៀងនឹងបន្តធ្លាក់ក្នុង កម្រិតបរិមាណ កើនឡើង ពីតិចទៅច្រើនជាលំដាប់ ទន្ទឹមនឹងវិសាលភាពរីករាយប៉ាយផងដែរ។
ចំណែក បណ្ដាខេត្តទៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ នៅក្នុងកម្រិតពីតិចទៅច្រើន។
រីឯ បណ្តាខេត្តនៅតំបន់មាត់សមុទ្រ វិញ នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ នៅក្នុងកម្រិតពីតិចទៅបង្គួរ។
ដោយឡែកនៅថ្ងៃទី០៥-០៦ ខែសីហា អាចនឹងមានភ្លៀងខ្លាំងកើតឡើង។
ក្រសួងអំពាវនាវសូមប្រជាពលរដ្ឋ បន្ដប្រុងប្រយ័ត្នចំពោះបាតុភូត ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងរលកសមុទ្រ ដែលនៅបន្តកើតមាន៕
@chan