អង្គការMJP ធ្វើសិក្ខាសាលាផ្សព្វផ្សាយ ដល់អ្នកពាក់ព័ន្ធស្វែងយល់ជីវិតសត្វនិងជីវ:ចម្រុះ ក្នុងព្រៃតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត

អង្គការ MJPធ្វើសិក្ខាសាលាផ្សព្វផ្សាយ ដល់អ្នកពាក់ព័ន្ធស្វែងយល់ជីវិតសត្វនិងជីវ:ចម្រុះ ក្នុងព្រៃតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត និងជម្រុញឲ្យមានការចូលរួមជាសាធារណៈ ការពារធនធានធម្មជាតិ ដ៏មានតម្លៃ។ សិក្ខាសាលានេះ ធ្វើឡើងនៅថ្ងៃទី ២៦ កញ្ញា ឆ្នាំ ២០២៤ នាសាលាខេត្តបាត់ដំបង ។

លោក គង់ មុនីច័ន្ទ នាយកអង្គការ MJP មានប្រសាសន៍ថា តំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូតជា កន្លែងដ៏សំខាន់ សម្រាប់ប្រភពទឹក ស្ទឹងសង្កែ ។ លោកបន្តថាប្រសិន បើបាត់បង់ ព្រៃឈើក្នុងតំបន់នេះ ប្រភពទឹកស្ទឹងសង្កែក៏ំគ្មានដែរ ។

លោកជម្រុញដល់អ្នកពាក់ព័ន្ធទាំងអស់ចូលរួម ថែរក្សា ការពារ ព្រៃឈើ និងសត្វ កំពុងរស់នៅទីនោះ។

ចូលរួមក្នុងសិក្ខាសាលានេះ លោក ឆាយ ម៉ាទីណាស់ អភិបាលរងខេត្តបាត់ដំបង ទទួលស្គាល់ថាតំបន់ប្រើប្រាស់ច្រើន យ៉ាងសំឡូត ពិតជាមានសារៈសំខាន់ គឺជាក្បាលម៉ាស៊ីនប៊ូមទឹក ស្ទឹងសង្កែ និង វិស័យទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តបាត់ដំបង ។ លោកជម្រុញដល់អាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុកដាក់ រក្សាការពារ ធនធានទាំងអស់នេះ ឲ្យបានគង់វង្ស ។

យោងតាមក្រុមសិក្សាស្រាវជ្រាវ នៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត ដោយផ្តោតលើ សត្វឆ្អឹងកង, ពពួកល្មូន ,ថលជលិកសត្វ (សត្វរស់នៅ ក្នុង ទឹក និងលើ គោក ផង) បក្សី សត្វប្រចៀវ កេសរកូល និង ប្រភេទរុក្ខជាតិសំខាន់ៗមួយចំនួន ។

តាមការសិក្សាស្រាវជ្រាវ បង្ហាញថា តំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត បានរកឃើញ ប្រភេទសត្វស្លាប ១៤២ ប្រភេទ មានដូចជា មានទោប្រាក់ ,សត្វអកសមុទ្រ ,សត្វយំ ឬ សត្វចាំត្រពាំង និងសត្វផ្សេងៗទៀត ។

ចំណែកថនិកសត្វមាន ៤៤ ប្រភេទ ដូចជា ដំរីអាស៊ី ,សត្វខ្ទីង , ឆ្មាដាវ ,សត្វកែះ ,សត្វខ្លាលឿងមាស, ឈ្លូស ,ក្តាន់ញែង ,ខ្លាឃ្មុំធំ ,សត្វសំពោចក្រអូប ជ្រូកព្រៃ ,ស្វា ,តូច និង សត្វផ្សេងៗជាច្រើនទៀត ។

ម្យ៉ាងទៀតព្រៃឈើក្នុង តំបន់នេះ មានដើមឈើ ដូចជា ក្រញូង ,បេង ,ធ្នង់ ,កកោះ .ល. ។ តាមលោក អៀ គឹមឆេង អនុប្រធានមន្ទីរបរិស្ថាន ចូលរួមក្នុងសិក្ខាសាលា នេះដែរឲ្យដឹងថា ព្រៃឈើក្នុង តំបន់នេះ នៅសល់ក្រោម ៦០ ភាគរយ ។ លោកបន្តថា ក្រសួងបរិស្ថាន កំពុងយកចិត្តទុកដាក់ បង្កើន ឲ្យបាន លើស ៦០ ភាគរយ ។

សូមបញ្ជាក់ថា តំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត ត្រូវបានបង្កើតឡើង ក្នុងឆ្នាំ១៩៩៣ ដោយព្រះរាជក្រឹត មានទំហំ ៦ ម៉ឺនហិកតា គ្របដណ្តប់លើ ភូមិសាស្ត្រខេត្តបាត់ដំបង និងប៉ៃលិន ។ តំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត ជាតំបន់មួយ ដែលនៅសល់ ចុងក្រោយនៃ ទិសពាយព្យ នៃប្រទេសកម្ពុជា ។

តំបន់នេះជាប់គ្នាជាមួយ នឹងតំបន់ជួរភ្នំក្រវាញ ដែនជម្រកសត្វព្រៃភ្នំសំកុស និងជាប់ប្រទេសថៃ ដែនជម្រកខ្លងក្រឿ វ៉ាយឆ្លឺមប្រ:កៀត និង ឪទ្យានជាតិណាំ តុកខ្លងកែវ ។

សព្វថ្ងៃនេះ មូលនិធិ ម៉ាដក្សចូលីភីត (MJP) បានចូលរួមជាមួយរាជរដ្ឋាភិបាល កម្មវិធីអភិវឌ្ឍន៍សហគមន៍ ក្នុងស្រុកសំឡូត ដោយធ្វើការផ្ទាល់ ជាមួយប្រជាពលរដ្ឋ ក្នុង តំបន់ និងសហការ មួយក្រសួងបរិស្ថាន ដើម្បីជួយការពារ និង អភិរក្ស ប្រព័ន្ធអេកូឡូស៊ី ។

អត្តបទ : ញ៉ែម ចាន់