ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនា បតីតេជោហ៊ុនសែន បានមានប្រសាសន៍ ស្នើឱ្យម៉ារុក អាចពិនិត្យមើល ការរៀបចំកិច្ចព្រមព្រៀង មិនយកពន្ធត្រួតគ្នា ដើម្បីសម្រួលដល់ វិនិយោគិន ឱ្យមកធ្វើវិនិយោគ ទៅវិញទៅមក រវាងប្រទេសទាំងពីរ នាពេលខាងមុខ។
នេះបើតាមការឲ្យដឹង របស់ឯកឧត្តម អៀងសុផល្លែត ជំនួយការផ្ទាល់ របស់សម្ដេចតេជោ បន្ទាប់ពីជំនួប របស់សម្ដេច អគ្គមហាសេនាបតី តេជោហ៊ុនសែន និងឯកឧត្តម ប្រធានរដ្ឋសភាម៉ារុក នាល្ងាចថ្ងៃទី ២៣ ខែវិច្ឆិកាកន្លងទៅថ្មីៗនេះ នៅវិមានសន្តិភាព ក្នុងឱកាសដែលសម្ដេច បានអញ្ជើញចូលរួម កិច្ចប្រជុំ អន្តរសភាអាស៊ាន នៅព្រះរាជាណាចក្រកម្ពុជា។
ក្នុងជំនួបនោះ ឯកឧត្តម Rachid បានសំដែងការគោរព វាយតម្លៃខ្ពស់ជាមួយ ការអបអរសាទរ ជូនចំពោះសម្ដេចតេជោ ហ៊ុនសែន ដែលបានអភិវឌ្ឍន៍កម្ពុជា ឱ្យមានហេដ្ឋារចនាសម្ព័ន្ធល្អ ទីក្រុងស្រស់បំព្រង និងបានធ្វើការ ទទួលជោគជ័យយ៉ាងច្រើន សម្រាប់តំបន់។ ឯកឧត្តមក៏បានសម្ដែង ការរីករាយ ដែលបានចូលរួមក្នុងកិច្ចប្រជុំ អាយប៉ា ក្នុងឋា:នដាក់ជាអ្នកសង្កេតការណ៍ ហើយបានបង្ហាញនូវបំណង ចង់ពង្រីក ពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជា និងទាំងជាមួយតំបន់ផងដែរ។
ជាការឆ្លើយតប សម្ដេចតេជោហ៊ុនសែន បានសំដែងការស្វាគមន៍ និងមានប្រសាសន៍ថា ជាជំហានបន្ត ម៉ារុក អាចប្រឹងប្រែងធ្វើយ៉ាងណា ដើម្បីក្លាយខ្លួន ទៅជាដៃគូសន្ទនា តាមវិស័យជាមួយអាស៊ាន។ ដោយឡែកជាមួយកម្ពុជា យើងអាចជំរុញទំនាក់ទំនង សេដ្ឋកិច្ច និងពាណិជ្ជកម្ម ដែលជាមូលដ្ឋាន នាំទៅដល់ ដំណើរការទំនាក់ទំនងល្អ ទាំងវិស័យនយោបាយ និងវិស័យដទៃទៀត។ ពាក់ព័ន្ធទៅនឹងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា យើងអាចពិនិត្យមើល ការរៀបចំកិច្ចព្រមព្រៀង មិនយកពន្ធត្រួតគ្នា ដើម្បីសម្រួលដល់ វិនិយោគិន ឱ្យមកធ្វើការវិនិយោគ ទៅវិញទៅមក រវាងប្រទេសយើងទាំងពីរផងដែរ។៕ ប្រភព AKP