ខេត្តបាត់ដំបង​រៀ​ចំ​ទិវា​បរិស្ថាន​ជាតិ និង​បរិស្ថាន​ពិភពលោក ៥ មិថុនា ២០១៩

ឯកឧត្តម​បណ្ឌិត ប៊ុត គីម​ស៊ាន អភិបាលរង នៃ​គណ​អភិបាលខេត្ត​បាត់ដំបង ថ្លែង​ក្នុង ទិវា​បរិស្ថាន​ជាតិ និង បរិស្ថាន​ពី​ភព​លោក ៥ មិថុនា ២០១៩ នៅ​សួន​នាគ​សន្តិភាព​ថា​៖ បញ្ហា​បរិស្ថាន​ជា បញ្ហា​ប្រឈម ដ៏​ចម្បង​មួយ ដែល​ពិភពលោក កំពុងមាន​ការព្រួយបារម្ភ និង យកចិត្តទុកដាក់​យ៉ាងខ្លាំង បញ្ហា​ទាំងនោះ​រួមមាន កំណើន​ប្រជាពលរដ្ឋ កំណើន​តម្រូវការ ការបំផ្លាញ​ព្រៃឈើ ការបំពុល​ទឹក បំពុល​ខ្យល់ ការចាក់ចោល សំណល់​ច្រើន និង ការបាត់បង់ ជីវចម្រុះ​ជាដើម​។​ ឯកឧត្តម​បាន​បន្តទៀតថា ទន្ទឹមនេះ ពី​ភព​លោក បាននិងកំពុង​អនុវត្ត យន្តការ ស្អាត​៣ គឺ​ហូប​ស្អាត ផឹក​ស្អាត និង រស់នៅ​ស្អាត​។​

 

ឯកឧត្តម បាន​អំពាវនាវ ដល់​គ្រប់​មជ្ឈដ្ឋាន នៃ​ប្រជាពលរដ្ឋ នៅ​ទូទាំង​ខេត្តបាត់ដំបង សូម​ចូលរួម​ជាមួយ រាជរដ្ឋាភិបាល ក្នុង​កិច្ច​គាំពារ​បរិស្ថាន និង ជួយ​អភិរក្ស ជីវៈចម្រុះ តាម​សមត្ថភាព លទ្ធភាព និង ភារកិច្ច​ជំនាញ​របស់ខ្លួន ហើយ​ស្វែងយល់ អំពី​បញ្ហា​បរិស្ថាន និង គ្រប់គ្រង​បញ្ហា ទាំងនោះ​ឲ្យ​បាន សមស្រប​តាម គោល​ការគ្រប់គ្រង​បរិស្ថាន ដូចជា​ការកាត់បន្ថយ ការប្រើប្រាស់ ការប្រើប្រាស់​ឡើងវិញ និង ប្រកបដោយ វិចារណញ្ញាណ មនសិការ​ខ្ពស់ និង​ការកែច្នៃ​ឡើងវិញ នេះ​ជា​គោល​ការ និរន្តរភាព សមភាព​រវាង ជំនាន់​នានា​៕

​អត្ថបទ​៖ លោក ម៉ូត វោ​យ​ហូ​