ដំណើរការ​ នៃ​ការផ្តល់​អត្តសញ្ញាណប័ណ្ណ​ជូន​ពលរដ្ឋ​ក្នុង​ខេត្តបាត់ដំបង​

​ក្រសួងមហាផ្ទៃ​ ដាក់​ផែនការ​រយៈពេល​១០​ឆ្នាំ ក្នុង​ការផ្តល់​អត្តសញ្ញាណ​ប័ណ្ណ ជូន​ប្រជាពលរដ្ឋ​អោយបាន​គ្រប់ៗ​គ្នា​ដើម្បីអោយ​ប្រជាពលរដ្ឋ​មាន​អត្តសញ្ញាណប័ណ្ណ​ប្រើប្រាស់​ទាំងអស់គ្នា ហើយ​មាន​លក្ខណៈ​ត្រឹមត្រូវ និង​ផ្តល់ជូន​ប្រកបដោយ​គុណភាព​ដែល​ត្រូវមាន​ការត្រួតពិនិត្យ​តាមដាន ក្នុងការ​ផ្តល់​ទៅកាន់​ពលរដ្ឋ ពិសេស​ទាន់ពេលវេលា ។​

​បើតាម​បង្ហាញ​ពី ​លោក​វីរ​សេនីយ៍​ឯក រឿ​ម ធុច នាយការិយាល័យ​អត្តសញ្ញាណប័ណ្ណ នៃ​ស្នងការ​ខេត្តបាត់ដំបង អោយដឹង​ក្នុង​កម្មវិធី​សន្ទនា​មតិ​នៅ​ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ​២០១៩ បាន​ប្រាប់ថា​៖ នៅ​ទូទាំង​ខេត្តបាត់ដំបង ចាប់តាំងពី​ការចុះអនុវត្ត ពី​ខែមិថុនា ឆ្នាំ​២០១២ រហូតមកដល់​បច្ចុប្បន្ន យើង​សម្រេចបាន​លទ្ធផល ៨៣,១៨០២ នាក់ ស្មើរ ៩៦% ដោយ​ក្នុងនោះ​ធ្វើ​ការចែក​ជូនទៅ​ដល់ដៃ​ពលរដ្ឋ​បាន​ចំនួន ៧៩,៧៩៨៣ នាក់ ស្មើរ​នឹង ៩២% នៃ​ផែន​ការសរុប ។​

ចំណែកឯ​ លោកវីរសេនី​យ៍ឯក ឆាង វណ្ណ​ឆៃ អធិការ​ក្រុង​បាត់ដំបង បន្ថែមថា​៖ នៅក្នុង​ដំណើរការ​ផ្តល់​នោះ​យើង​មាន​បញ្ហា​មួយចំនួន​ដោយសារ​ពលរដ្ឋ​ខ្លះ​គាត់​មក​ធ្វើ​អត្តសញ្ញាណប័ណ្ណ តែ​មិនមាន​ឯកសារ​គ្រប់គ្រាន់ ដូចជា​សំបុត្រកំណើត សៀវភៅ​គ្រួសារ សៀវភៅ​ស្នាក់នៅ តែ​គាត់​មក​ព​ន្លឿ​នខា​ង​មន្ត្រី​យើង​ចង់បាន​លឿន តែបើ​មិនមាន​ឯកសារ​គ្រប់គ្រាន់ ចឹ​ង​យើង​មិន​អាចធ្វើ​លឿន​ជូន​គាត់​បាន​នោះទេ ។​

លោក​វីរ​សេនី​យ៍ឯក រឿ​ម ធុច ក៏បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ដែល​មិនទាន់​បានធ្វើ​អត្តសញ្ញាណប័ណ្ណ​គំរូ​ថ្មី សូម​រួសរាន់​មក​ធ្វើ​នៅតាម​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​តា​ម​ឃុំ​នៅ​មូលដ្ឋាន​របស់​បងប្អូន អោយបាន​គ្រប់ៗ​គ្នា ព្រោះ​អត្ត​សញ្ញាញ​ប័ណ្ណ​នេះ មាន​សារៈសំខាន់​ណាស់ ដើម្បី​សំគាល់ថា​យើង​ជា​ជនជាតិខ្មែរ និង​សំរាប់​យកទៅ​ប្រើប្រាស់ ឬ​ធ្វើ​ការងារ​ផ្សេងៗ ។​

​អត្ថបទ៖ ឌិន មករា