បុគ្គលិកាស៊ីណូជិត ២០០នាក់ ពាក់ព័ន្ធអ្នកឆ្លងជំងឺកូវីដ១៩ តេស្តលទ្ធផលអវិជ្ជមាន 2លើកត្រូវអនុញ្ញាតឲ្យទៅផ្ទះ

  បាត់ដំបង៖ លោកវេជ្ជបណ្ឌិត អ៊ុកវិទ្យាអនុប្រធានមន្ទីសុខាភិបាលខេត្តបាត់ដំបងអោយដឹងថាបុគ្គលិកកាស៊ីណូមួយជិត២០០នាក់ នៅក្នុងស្រុកកំរៀង ខេត្តបាត់ដំបង ដែលបានពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលជាមួយអ្នកឆ្លងជំងឺកូវីដ១៩ម្នាក់ ត្រូវមន្ត្រីសុខាភិបាលយកសំណាកធ្វើតេស្តរកជំងឺនេះ២លើក ក្នុងរយះពេល១៣ថ្ងៃ ជាលទ្ធផលគឺអវិជ្ជមានទាំងអស់ ហើយត្រូវបានអនុញ្ញាតឲ្យផ្ទះវិញរៀងៗខ្លួន ។

លោកវេជ្ជបណ្ឌិតអ៊ុកវិទ្យា បានឲ្យដឹងបន្ថែមថា បុគ្គលិកទាំងជិត ២០០នាក់នោះ ត្រូវបានអនុញ្ញាតឲ្យទៅផ្ទះវិញកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ បន្ទាប់ពីក្រសួងសុខាភិបាល មិនបានរកឃើញថាឆ្លងជំងឺកូវីដ១៩ ហើយសុខភាពពួកគេមានសភាពល្អធម្មតា ។

គួរបញ្ជាក់ថា ចំពោះបុគ្គលិកកាស៊ីណូទាំងជិត២០០នាក់ ដែលត្រូវធ្វើចត្តាឡីស័ក និងបានយកសំណាករកជំងឺកូវីដ១៩នោះ ព្រោះមិត្តភក្តិរបស់ពួកគេកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ បានមកលេងក្នុងពិធីជប់លៀងមួយ បានប៉ះពាល់គ្នាដោយផ្ទាល់ និងដោយប្រយោល ហើយមិត្តភក្តិម្នាក់នោះ ត្រូវបានក្រសួងសុខាភិបាលរកឃើញថា មានវិជ្ជមានកូវីដ១៩ ក្នុងអំឡុងដើមខែមករា ឆ្នាំ២០២១នេះ ។

លោក សុខ គឹមខុន អភិបាលស្រុកកំរៀងអោយដឹងថា បច្ចុប្បន្នក្នុងស្រុកកំរៀង កំពុងមានពលករទើបត្រឡប់មកពីប្រទេសថៃ ធ្វើចត្តាឡីស័កតាមមណ្ឌលនានាក្នុងស្រុក មានប្រមាណជាង ៦០០នាក់ និងមានចេញជាហូហែរ បន្ទាប់ពីបានបញ្ចប់ការធ្វើចត្តាឡីស័កគ្រប់ចំនួនថ្ងៃកំណត់របស់ក្រសួងសុខាភិបាល ខណៈការឆ្លងដែនរបស់ពលករមកពីថៃតាមច្រកនានា ជាប់ស្រុកកំរៀង ក្នុងមួយថ្ងៃមានចន្លោះ៥០នាក់ ឬក្រោម៥០នាក់ ។

យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តបាត់ដំបងបង្ហាញថា កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ មានពលករត្រឡប់មកពីប្រទេសថៃ ចូលតាមច្រកព្រំដែនជាប់ខេត្តបាត់ដំបង មានចំនួន ៥៧នាក់ និងចាប់ពីមានការឆ្លងរីករាលដាលក្នុងសហគមន៍ខេត្តសាមុទសាខន នៃប្រទេសថៃ សរុបចំនួន ៣ ៤២៣នាក់ បានបញ្ចប់ចត្តាឡីស័កអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះចំនួន ២ ១៦៣នាក់, កំពុងធ្វើចត្តាឡីស័កតាមមណ្ឌលនានាក្នុងខេត្តចំនួន ៩៤១នាក់, បានធ្វើសំណាកសរុប ៣៣១០នាក់ ខណៈអ្នកឆ្លងជំងឺកូវីដ១៩ កំពុងសម្រាក់ព្យាបាលក្នុងមន្ទីរពេទ្យបង្អែកខេត្តចំនួន ៩នាក់ ។ភីសុខ