អ្នកកាសែត​ក្នុងស្រុក​ជិត​៥០០០​នាក់ ត្រូវបាន​អនុញ្ញាតិ​អោយ​ជួប​សម្តេច ហ៊ុនសែន​

ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា​ បាន​អញ្ជើញ​ជួប​មន្ត្រី​ក្រសួង​ព័ត៌មាន​និង​អ្នកកាសែត​ប្រមាណ​ជិត​៥០០០​នាក់​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ នា​ល្ងាច​ ថ្ងៃ​១៤​ មករា​ ២០២០​នេះ ។ ​ជំនួប​នេះ​ត្រូវបាន​គេ​វាយតម្លៃថា​ជាការ​ផ្តល់​តម្លៃ​និង​ការយកចិត្តទុកដាក់​ចំពោះ​សារព័ត៌មាន​និង​អ្នកសារព័ត៌មាន​។​

​ឯកឧត្តម​ ផុស សុវណ្ណ ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ព័ត៌មាន​និង​សោតទស្សន៍​ នៃ​ក្រសួង​ព័ត៌មាន​បាន​ប្រាប់​អ្នកសារព័ត៌មាន​អោយដឹងថា​ជំនួប​លើក​ទី​បួន​នេះ វា​ខុសប្លែកគ្នា​ពី​លើក​មុនៗ​បន្តិច​ត្រង់​ថា មានការ​អញ្ជើញ​រដ្ឋមន្ត្រី​គ្រប់​ក្រសួង ព្រមទាំង​អ្នកនាំពាក្យ និង សមាជិក​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល ចូលរួម​ដែរ ដើម្បី​បាន​ស្គាល់គ្នា​រវាង​ថ្នាក់ដឹកនាំ​តាម​ក្រសួង ស្ថាប័ន និង ជាមួយ​អ្នកសារព័ត៌មាន ។

​មុន​២​ថ្ងៃ​នៃ​ជំនួប​ជាមួយ​អ្នកសារព័ត៌មាន​កម្ពុជា​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បានចាត់ទុក​ការផ្សព្វផ្សាយ​ព័ត៌មាន​វិជ្ជមាន​អំពី​ប្រទេស​កម្ពុជា​ជាការ​ចូលរួមចំណែក​ដ​ល់​ការអភិវឌ្ឍ​ប្រទេសជាតិ ហើយ​សម្តេច​បាន​អរគុណ​ចំពោះ​អ្ន​កា​សារព័ត៌មាន​ដែល​បាន​ផ្សព្វផ្សាយ​បែបនេះ ។​

សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​ បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច​នៅ​ថ្ងៃទី ១២ ខែមករា​ថា ៖ « អរគុណ​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ដែល​បាន​ចូលរួម​ផ្សាយ​ព័ត៌មាន​ពិត​និង​ព័ត៌មាន​វិជ្ជមាន​ល្អ​ពី​កម្ពុជា​ដែលជា​ការរួមចំណែក​ដ​ល់​ការអភិវឌ្ឍ​ប្រទេសជាតិ​»​។​

អត្ថបទ៖ លោក ភី សុខ