Mot Voyho, [05.08.21 09:29]
ក្រសួងសាធារណៈការ និងដឹកជញ្ជូន គ្រោងស្នើសុំគោលការណ៍ ឯកភាពនឹងធ្វើជាច្បាប់ ចរាចរណ៍ផ្លូវគោកថ្មី ក្រោយពីច្បាប់ ដែលដាក់ឲ្យ អនុវត្ត កាលពីឆ្នាំ 2015 ត្រូវធ្វើវិសោធនកម្ម រហូតដល់ចំនួន 48 មាត្រា ក្នុងចំណោម 92 មាត្រា នៃច្បាប់ទាំងមូល។
ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុនចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឲ្យដឹងថា ក្រោយបញ្ចប់តែពិភាក្សា សួរដេញដោលអស់រយៈ ពេល 19 លើក លើវិសោធនកម្ម ច្បាប់ចរាចរណ៍ផ្លូវគោក ក្រុមការងារជំនាញ ក្រសួងសាធារណៈការ និងដឹកជញ្ជូន និងភាគីពាក់ព័ន្ធយល់ឃើញថា វិសោធនកម្មច្បាប់នេះ គួរតែស្នើ សុំគោលការណ៍ ឯកភាពធ្វើជាច្បាប់ថ្មី ពីសម្ដេចក្រឡាហោមសខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ដោយសារត្រូវកែប្រែខ្លឹមសារ ព្រមទាំងមានមាត្រាខ្លះ ត្រូវកែសម្រួលថ្មី និងមានបន្ថែមថ្មី។
ការឯកភាពលើសំណើ សុំគោលការណ៍ ពីថ្នាក់ដឹកនាំ រាជរដ្ឋាភិបាល ចំពោះការបង្កើតច្បាប់ ឡើងវិញជាថ្មីនេះ ធ្វើឡើងក្នុងកិច្ចប្រជុំ ស្ដីពីការពិនិត្យ និងពិភាក្សា លើវិសោធនកម្ម ច្បាប់ចរាចរណ៍ផ្លូវគោក រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី 3 ដល់ថ្ងៃទី 4 ខែសីហាកន្លងទៅនេះ ដោយមានការចូលរួមផ្ទាល់ និងតាមប្រព័ន្ធវីដេអូ ពីចម្ងាយ ពីថ្នាក់ដឹកនាំ តាមក្រសួង ទទួលបន្ទុក មានដូចជា ឯកឧត្តម រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ ឯកឧត្តមនាយឧត្តមសេនីយ៍ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តមនាយឧត្តមសេនីយ៍ អគ្គស្នងការរង នៃអគ្គនាយកដ្ឋាននគរបាលជាតិ និងមន្ត្រីជំនាញ ពាក់ព័ន្ធជាច្រើនរូបទៀត។ អង្គប្រជុំក៏បានឯកភាព បញ្ចូល ការកំណត់ល្បឿន បើកបរ នៅលើផ្លូវល្បឿនលឿន ចួលទៅក្នុងអនុក្រឹត្យ ស្ដីពីការ កំណត់ល្បឿន មុនដំណើរការ ផ្លូវល្បឿនលឿន។
សូមរំលឹកថា ច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដែលចូល ជាធរមាន នៅឆ្នាំ 2015 ក្រោយការកែសម្រួល ស្ទើរតែទាំងស្រុង នៅច្បាប់កាលពីឆ្នាំ 2007 ត្រូវបានរាជរដ្ឋាភិបាល ស្នើសុំសភា ធ្វើវិសោធនកម្ម រួចម្ដងហើយនៅឆ្នាំ 2017 ដោយបញ្ឈប់ លែងឲ្យមានប័ណ្ណបើកបរ ចំពោះអ្នកប្រើប្រាស់ ទោចក្រយានយន្ត ដែលមានទំហំស៊ីឡាំង 125 សង់ទីម៉ែត្រគូប លក្ខខណ្ឌសម្រាប់អ្នកបើកបរ ត្រូវមានប័ណ្ណបើកបរ ការគ្រប់គ្រងស្លាកលេខ និងប័ណ្ណ បើកបរយានយន្ត ការផ្ដន្ទាទោស និងពិន័យអន្តរកាល ចំពោះការល្មើសច្បាប់ ចរាចរណ៍ដូចជា បើកបរក្នុងពេលមានជាតិស្រវឹង បើកបរគ្មានប័ណ្ណបើកបរ ការប្រើប្រាស់ស្លាកលេខ ជាដើម។
កន្លងមកនេះ រាជរដ្ឋាភិបាល ក៏បានចេញអនុក្រឹត្យ ចំពោះការបង្កើន ប្រាក់ពិន័យ ទៅលើបទល្មើស ចរាចរណ៍ផ្លូវគោក ក្នុងគោលបំណង រឹតបន្តឹង ច្បាប់ស្ដីពី ចរាចរណ៍ផ្លូវគោក សំដៅកាត់បន្ថយ អត្រាគ្រោះថ្នាក់ ឲ្យនៅទាបជាទីបំផុត៕ ប្រភព វិទ្យុជាតិ