ចូលឆ្នាំ​ប្រពៃណីជាតិ​ខាងមុខ ហាម​រាល់​ការប្រមូលផ្ដុំ ជួបជុំ​រៀបចំ​កម្មវិធី​កំសាន្ត​បែប​ប្រពៃណី ពិធីជប់លៀង​រាំ​កំសាន្ត នៅតាម​ទីសាធារណៈ ,​តាម​សហគមន៍ និង​ជួបជុំ​បែប​សាសនា​

​អគ្គស្នងការ​នគរបាល​ជាតិ នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន បាន​ដាក់​បទបញ្ជា​នា​ថ្ងៃទី​៣​ខែ​មេសា ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច គ្រប់​លំដាប់ថ្នាក់​ទូទាំងប្រទេស ត្រូវ​ចាត់តាំង​ឲ្យមាន​កម្លាំងត្បាត ត្រួតពិនិត្យ ឬ​ដាក់​កម្លាំង​ឈរជើង ក្នុង​ករណី​ចាំបាច់ ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​ខាងមុខ​។​

​បញ្ជា​នេះ​ដើម្បី​ទប់ស្កាត់​រាល់​ការប្រមូលផ្ដុំ ជួបជុំ​រៀបចំ​កម្មវិធី​កំសាន្ត​បែប​ប្រពៃណី ពិធីជប់លៀង​រាំ​កំសាន្ត នៅតាម​ទីសាធារណៈ និង​តាមដាន​សហគមន៍ (​លើកលែង​តែ​ការជួបជុំ ជា​លក្ខណៈ​គ្រួសារ ក្នុង​រូបភាព​តូចៗ​តាម​គេហដ្ឋាន​) ព្រមទាំង​ជួបជុំ​តាម​បែប​សាសនា នៅ​តាម​ទី​វត្ត​អារាម ព្រះវិហារ និង​គោលដៅ​ប្រារព្ធ​ពិធី បែប​សាសនា​ផ្សេងៗ សំដៅ​ចូលរួម​ទប់ស្កាត់​ការ​រាលដាល​ជំងឺ​កូវី​ដ​១៩​។​

​សេចក្តីណែនាំ​របស់​អគ្គ​ស្នងការ​នគរបាល​ជាតិ អោយ​កងកម្លាំង​មាន​សមត្ថកិច្ច​ទាំងអស់ ត្រូវ​សហការ ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ក្តាប់​ឱ្យ​បាន​ពី​វត្តមាន និង​ស្ថានភាព​ពលករ​ចំណាកស្រុក ដែល​វិល​ត្រឡប់​ពី​ក្រៅ​ប្រទេស ដើម្បី​បន្ត​អប់រំ និង​បង្ការ ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូវី​ដ​១៩ តាម​ការណែនាំ របស់​ក្រសួង​សុខាភិបាល​។​

​ត្រូវ​បង្កើន​កិច្ចសហការ ជាមួយ​អាជ្ញាធរ​និង​ស្ថាប័ន មាន​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់ ដើម្បី​ដោះស្រាយ នូវ​រាល់​សំណូមពរ របស់​គណៈកម្មការ ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​១៩ ឱ្យបាន​ទាន់​ពេលវេលា ពិសេស​ដាក់​កម្លាំង​ការពារ តាម​គោលដៅ​អាទិភាព ដូចជា​៖ មណ្ឌល​សុខភាព មន្ទីរពេទ្យបង្អែក មន្ទីរពេទ្យ និង​គោលដៅ​ដាក់​ឱ្យ​នៅ​ដាច់​ដោយឡែក ដែល​ត្រូវបាន​កំណត់ ដោយ​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង ជំងឺ​កូវី​ដ​១៩ គ្រប់​ថ្នាក់​៕

​ភី សុខ​