ពលរដ្ឋមិនទាន់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ លើកទី១ អាចទៅចាក់បាននៅតាមមណ្ឌលនានាទូទាំងខេត្ដបាត់ដំបង


បាត់ដំបង៖ លោកអភិបាលខេត្ដបាត់ដំបងបានលើកឡើងថា ក្រុមការងារនៅតែចាំផ្ដល់ វ៉ាក់សាំងលើកទី១ ដល់ប្រជាពលរដ្ឋដែលពុំទាន់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នៅតាមមណ្ឌលនានាក្នុងខេត្ដ ខណៈថ្មីៗនេះអង្គការសុខភាពពិភពលោកបានប្រកាសរកឃើញមេរោគកូវីដ១៩ បំលែងខ្លូនថ្មីឈ្មោះ អូមេក្រុង។


ក្នុងឱកាសអញ្ជើញចូលរួមបើកយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣ នៅផ្សារទំនើប ភួ ពុយ នាព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ លោក សុខ លូ អភិបាលខេត្ដបាត់ដំបងបានមានប្រសាសន៍ថា នៅក្នុងខេត្ដបាត់ដំបងរយៈពេលចុងក្រោយនេះគឺមានករណីឆ្លងជំងឺកូវីដ១៩ តិចបំផុតព្រោះប្រជាពលរដ្ឋភាគច្រើនបានទទួលការចាក់វ៉ាក់ការពាររួចរាល់ ។ លោកបន្តថា ក្រុមការងារនៅតែចាំផ្ដល់ វ៉ាក់សាំងលើកទី១ ដល់ប្រជាពលរដ្ឋដែលពុំទាន់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នៅតាមមណ្ឌលនានាទូទាំងខេត្ដបាត់ដំបង ដោយសារសព្វថ្ងៃនេះជំងឺកូវីដ១៩ ត្រូវបានរកឃើញថាបានបំលែងខ្លួនថ្មីដែលគេបានដាក់ឈ្មោះឱ្យថា អូមេក្រុង ។


លោកបញ្ជាក់ថា វ៉ាក់សាំងមិនបានបង្កផលប៉ះពាល់អ្វីឡើយ ផ្ទុយមកវិញវ៉ាក់សាំងបានសង្រ្គោះជីវិតយើងពីជំងឺកូវីដ១៩ បើទោះបីជាឆ្លងក៏មិនអាចធ្វើឱ្យស្ថានភាពជំងឺនោះធ្ងន់ធ្ងរឡើយ ជាក់ស្ដែងនាពេលកន្លងទៅអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ភាគច្រើនគឺសុទ្ធតែជាអ្នកដែលមិនបានទទួលការចាក់វ៉ាក់សាំងការពារ។
លោកអភិបាលខេត្ដ អំពាវនាវដល់ប្រជាពលរដ្ឋទូទាំងខេត្ដបាត់ដំបងដែលចាញ់បោកការឃោសនាផ្សេងៗមិនហ៊ានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ សូមអញ្ជើញប្រញាប់ទៅចាក់នៅតាមមណ្ឌលនានានៅតាមបណ្ដាក្រុង-ស្រុក ក្នុងខេត្ដបាត់ដំបង និងពលរដ្ឋដែលបានចាក់លើកទី២ រួចរាល់ដែលគ្រប់ចំនួនចាប់ពី ៤ ដល់៦ខែសូមទៅទទួលចាក់លើកទី៣ ជាបន្ត។
ប្រជាពលរដ្ឋដែលបានទទួលវ៉ាក់សាំងលើកទី៣ រួចរាល់បានលើកឡើងដូចៗគ្នាថា ពួកគាត់ពិតជាមានអារម្មណ៍ត្រេកអរដែលបានទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩ តាំងពីដុសទី១ រហូតដល់ដុសទី៣ ដែលធ្វើឱ្យសុខភាពពុំមានហានីភ័យ ពេលបានចាក់វ៉ាក់សាំងហើយមានអារម្មណ៍ថាសប្បាយចិត្ដពេលចង់ចេញទៅណាមកណាស្រួល។ ប្រជាពលរដ្ឋក៏បានបញ្ជាក់ថា «កាលពីចាក់លើកទី១ លើកទី២ គឺមានអ្នកខ្លះមានអាការៈគ្រុនក្ដៅបន្តិចបន្តួច និងអ្នកខ្លះពុំមានអាការៈអ្វីសោះឡើយ។ គឺថា វ៉ាក់សាំងមិនបានផ្ដល់ផលពិបាកដល់យើងទេ គឺជួយការពារទៅវិញទេ»។

 


គួបញ្ជាក់ថា ប្រជាពលរដ្ឋក្នុងខេត្ដបាត់ដំបងដែលត្រូវចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសជំរុញ ឬដូសទី៣ ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ ដែលបានចាក់ដូសទី២រួច ឬគ្រប់ដូសនៅក្នុងក្របខណ្ឌទូទាំងខេត្ត មានប្រមាណជាង ៥០០ ០០០នាក់។ ខណៈរដ្ឋបាលខេត្ដចាប់ផ្ដើមចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសទី៣ ជូនប្រជាពលរដ្ឋ ចាប់ផ្ដើមពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ នៅក្នុងក្រុងបាត់ដំបង និងចាប់ពីថ្ងៃទី៦ ខែធ្នូ នៅតាមបណ្តាស្រុកទាំងអស់ ខណៈទីតាំងចាក់ត្រូវបានរដ្ឋបាលខេត្តកំណត់រួចរាល់អស់ហើយ៕បានធារា