Phy Sok, [31.08.21 16:15]
មន្រ្តីនៃមន្ទីរទេសចរណ៍អោយដឹងថា សហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំ ស្ថិតនៅក្នុងភូមិអូរជាំលើ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង មានចំងាយប្រមាណ៩៩គីឡូម៉ែត្រពីក្រុងបាត់ដំបង
គឺជាតំបន់ទេសចរណ៍ធម្មជាតិដ៏មានសក្តានុពលមួយ កំពុងបង្ហាញសម្រស់ ត្រៀមទទួលភ្ញៀវទេសចរណ៍ឡើងវិញ ខណៈថ្ងៃកំណត់នៃការបិទរមនីយដ្ឋាននិងគោលដៅទេសចរណ៍នានា ក្នុងខេត្តបាត់ដំបង រយៈពេល១៤ថ្ងៃ ត្រូវបញ្ចប់ត្រឹមថ្ងៃទី៣១ខែសីហានេះ ។
លោក ហម អរុណ ប្រធានការិយាល័យគ្រប់គ្រងឧស្សាហកម្មទេសចរណ៍នៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបងអោយដឹងថា បើសិនជាគ្មានការប្រែប្រួលអ្វីនោះទេ នៅថ្ងៃទី០១ខែកញ្ញា នឹងដល់ថ្ងៃដែលកំណត់អោយបើកដំណើរការតំបន់គោលដៅទេសចរណ៍និងរមនីដ្ឋាននានាក្នុងខេត្តបាត់ដំបងឡើងវីញ បន្ទាប់ពីបិទបណ្តោះអាសន្នពីរលើកមកហើយ ដែលមានរយៈពេល២១ថ្ងៃ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីឌ១៩ចូលសហគមន៍ជាមួយរាជរដ្ឋាភិបាល ។
ទោះបីយ៉ាងណាលោក ហម អារុណ បានអោយដឹងថា មកទល់ពេលនេះមិនទាន់បានទទួលគោលការណ៍ពីក្រសួងទេសចរណ៍នៅឡើយទេ ថាត្រូវបើកឡើងវិញ រឺ ត្រូវបន្តបិទបណ្តោះអាសន្នទៀត បើទោះជាដល់ថ្ងៃកំណត់បើកវិញទៅហើយក៏ដោយ។
លោក ហម អរុណបន្ថែមថា រមនីដ្ឋាននិងតំបន់ទេសចរណ៍នានា ក្នុងខេត្តបាត់ដំបងមានសម្បូរបែប ជាលក្ខណៈទាំងលក្ខណៈវប្បធម៌ប្រពៃណី ប្រវត្តិសាស្រ្ត និង បែបធម្មជាតិជាដើម ។
លោកបញ្ជាក់ថាក្នុងនោះសហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំក៏ជាទីតាំងកំសាន្ត បែបធម្មជាតិមួយ កំពុងត្រៀមបើកដំណើរការទទួលភ្ញៀវឡើងវិញផងដែរ ។ដែលនៅទីនោះមានដើមឈើធំៗចម្រុះ ផ្តល់នូវម្លប់យ៉ាងត្រជាក់ និងខ្យល់អាកាសបរិសុទ្ធល្អ។ ទឹកធ្លាក់ចុះមកពីលើភ្នំដែលមានប្រភពមកពីបឹងដ៏ធំមួយទំហំប្រមាណជាង២ហិចតា លើកំពូលភ្នំដែលអ្នកនៅតំបន់នោះហៅថាបឹងទន្លេផែន ហូរកាត់តាមផ្ទាំងថ្មធំៗជាច្រើនដំណាក់ ដែលបង្កើតអោយទឹកមានសភាពថ្លាឆ្វង់ និងត្រជាក់ដូចទឹកអម្រិត។ ទីតាំងដ៏អំនោយផលនេះ បានផ្តល់នូវបរិស្ថានដ៏ប្រសើរចំពោះការរស់នៅរបស់មច្ឆា បក្សាបក្សី ប្លែកៗគួរជាទីគយគន់។ ទីភ្នំខ្ពស់ៗអមដោយរុក្ខជាតិ និងស្មៅដុះខៀវខ្ចី បានបង្កើននូវថាមពលដល់ភ្ញៀវទេសចរដែលទៅកម្សាន្តសប្បាយ។ សហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំ ផ្តល់នូវសេវាកម្មដល់ភ្ញៀវទេសចរជាច្រើនដូចជា: សេវាស្នាក់នៅ សេវាម្ហូបអាហារ និងភេសជ្ជៈ សេវាមគ្គុទេសក៍ទេសចរណ៍សហគមន៍ ដូចនេះភ្ញៀវទេសចរមិនបាច់បារម្មណ៍ថាខ្វះខាតអ្វីឡើយ។
លោកបញ្ជាក់ថា សកម្មភាពកម្សាន្តនានាក្នុងសហគមន៍នេះមានដូចជា:
– ការដើរទស្សនាកម្សាន្តតាមលើភ្នំ និងទឹកជ្រោះដែលមានច្រើនដំណាក់និងផ្តល់នូវរសជាតិអារម្មណ៍ប្លែកៗពីគ្នា ,ការងូតទឹកជ្រោះកម្សាន្ត ,ការពិសារអាហារប្លែកៗក្នុងតំបន់ ដែលចំអិនដោយប្រើប្រាស់វត្ថុធាតុដើមក្នុងសហគមន៍ផ្ទាល់; ការបោះតង់ស្នាក់នៅប្រកបសុវត្ថិភាពខ្ពស់; ការទស្សនាហ្វូងមេអំបៅ, ការកម្សាន្តពេលរាត្រី ដុតភ្នក់ភ្លើងជាក្រុមៗ,ការសិក្សា ស្រាវជ្រាវ ស្វែងយល់ ពីសហគមន៍, ការទទួលបាននូវបទពិសោធន៍ថ្មីប្លែក ជាមួយនឹងធម្មជាតិនៃបេះដូងរបស់ស្រុកសំឡូតខេត្តបាត់ដំបងជាដើម ៕