ដើម្បីឆ្លើយតបតម្រូវការពលរដ្ឋ“អង្គភាពច្រកចេញចូលតែមួយ” ខេត្តបាត់ដំបង និងធ្វើអគារថ្មីខ្ពស់ធំជាងមុននៅចុងឆ្នាំនេះ


រដ្ឋបាលខេត្តដោយមើលឃើញពីតម្រូវការរបស់សាធារណៈជនកាន់តែមានច្រើនលើវិស័យសេវាច្រកចេញចូលតែមួយផងនោះ ។ អគារអង្គភាពច្រកចេញចូលតែមួយ បាត់ដំបងនឹងមានអគារថ្មី ជំនួសអគារចាស់ដែលមានសភាព ទ្រុឌទ្រោម ដោយ បានសាងសង់នៅក្នុងបរិវេណសាលាខេត្តបាត់ដំបង។

    

ពិធីបើកការដ្ឋាននេះបានប្រព្រឹត្តិឡើងកាលពីថ្ងៃទី១៨ខែមិថុនា ឆ្នាំ២០២៤ ក្រោមវត្តមានឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តនិងឯកឧត្តមអភិបាលខេត្ត ។

បើយោងតាមប្រភពពី ,មន្ត្រីជំនាញទទួលការសាងសង់ឲ្យដឹងថាៈ អគារថ្មីរបស់អង្គភាពច្រកចេញ-ចូលតែមួយ នេះ មានបណ្តោយ២៥ម៉ែត្រ គុណនឹងទទឹង១០ម៉ែត្រ ,,កម្ពស់ពីរជាន់ស្មើនឹងកម្ពស់ប្រវែង ១៦,៣០ម៉ែត្រ។ ក្នុងនោះ មានកន្លែង រង់ចាំ ,បន្ទប់ការិយាល័យចំនួន១០បន្ទប់,មាន សាល ប្រជុំតូច ចំនួនមួយ ដែលអាចផ្ទុកមនុស្សប្រជុំបានចំនួន ១២-១៥ នាក់ និងមានសាលប្រជុំធំចំនួនមួយ ដែលអាច ផ្ទុកមនុស្សប្រជុំបានចំនួន ៧០-៨០នាក់។ រយៈពេលក្នុងការ សាងសង់ គ្រោង បញ្ចប់នៅ ចុងឆ្នាំ២០២៤នេះ។

កាលពីឆ្នាំ២០២៣កន្លងទៅអង្គភាពច្រកចេញ-ចូលតែមួយសាលាខេត្តបាត់ដំបង បានបម្រើនិងផ្តល់សេវា សាធារណៈ ជូនប្រជាពលរដ្ឋនៅក្នុងខេត្តលើវិស័យសំខាន់ៗ ជាច្រើនបានប្រមាណជាងប្រាំម៉ឺន សេវា។ ខណៈប្រាំខែនៅដើម ឆ្នាំ២០២៤នេះ បានផ្តល់និងបម្រើសេវាបានជាងពីរម៉ឺន សេវា រួចមកហើយ។

ក្នុងចំណោមសេវារដ្ឋបាលដែលត្រូវបានផ្តល់ជូនប្រជាពលរដ្ឋចំនួន១៤វិស័យដូចជាការងារនីត្យានុកូលកម្ម (ការបញ្ជាក់ លើឯកសារ ការថតចម្លង), ការងាររដ្ឋបាល, វិស័យសុខា ភិបាល,ទេសចរណ៍,សាធារណការ និងដឹកជញ្ជូន, វប្បធម៌ និងវិចិត្រសិល្បៈ, ព័ត៌មាន, បរិស្ថាន, ឧស្សាហកម្មនិង សិប្បកម្ម, រ៉ែ និងថាមពល, ពាណិជ្ជកម្ម,ការរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និង វិស័យការងារ បណ្តុះបណ្តាល និងវិជ្ជាជីវៈ ។

គោលបំណងចម្បងនៃការបង្កើតនូវអង្គភាពច្រកចេញចូលតែមួយនេះ គឺជាកន្លែង ប្រមូលផ្តុំការផ្តល់សេវារដ្ឋបាលលើគ្រប់វិស័យ ដែលរួមបញ្ចូល ទាំង សេវារដ្ឋបាល ដែលកំពុងផ្តល់ ដោយរដ្ឋបាលខេត្ត និង សេវារដ្ឋបាលដែលកំពុងផ្តល់ដោយមន្ទីរអង្គភាពជំនាញនានាក្នុង ខេត្ត ។ មួយវិញដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវារដ្ឋបាលស្របតាមគោលការណ៍ និងនីតិវិធីដែលមានលក្ខណៈសាមញ្ញ ឆាប់រហ័ស តម្លាភាព គណនេយ្យភាព ភាពជឿទុកចិត្ត និងគ្មានអំពើពុករលួយ ៕

សម្រួលអត្ថបទ៖ ឈឿន ថៃកឿ
ប្រភពអត្ថបទនិងរូបភាព៖ APSARA