រដ្ឋ​សភា​កម្ពុជា សម្រេច​ដាក់​ឱ្យ​មន្ត្រី​អាច​ធ្វើ​ការងារ​តាម​អន​ឡា​ញ​

​រដ្ឋ​សភា​កម្ពុជា នឹង​ដាក់​ឲ្យ​មន្ត្រី​របស់​ខ្លួន អនុវត្តន៍​ការធ្វើ​ការងារ​តាម​អន​ឡាញ ដើម្បី​ការពារ​ខ្លួន​ពី​ការ​រាលដាល​ជំងឺ​រលាក​ផ្លូវដង្ហើម ដែល​បង្ក​ដោយ​មេរោគ Covid-19 មានន័យ​ថា មន្ត្រីសភា​ទាំងអស់ អាច​ធ្វើ​ការងារ​ពី​ផ្ទះ​បាន​។​

​ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិកា​រដ្ឋសភា បាន​ថ្លែង​ប្រាប់​ក្រុម​អ្នកព័ត៌មាន នៅ​ព្រឹក​ថ្ងៃទី​១៧ ខែ​មីនា ឆ្នាំ​២០២០​នេះ បានឲ្យ​ដឹង​បន្ថែមថា ក្នុងពេល​ដែល​មេរោគ Covid-19 កំពុង​រាតត្បាត​កាន់តែខ្លាំង​នោះ សភា​ចង់​កាត់បន្ថយ​ការ​ចរាចរណ៍​ឯកសារ​ដោយផ្ទាល់​ឲ្យបាន​តិច​បំផុត និង​ការធ្វើ​ការងារ​តាម​អន​ឡាញ​ឲ្យបាន​ច្រើន​បំផុត​។​

​អគ្គលេខាធិការ​រដ្ឋសភា​ខាងលើ បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖ យើង​បាន​រៀបចំ​ឲ្យមាន​ជា​អាសយដ្ឋាន​លើ​អន​ឡា​ញ យើង​នឹង​ដាក់​នៅ​លើ វេប សាយ​រដ្ឋសភា​។ អន​ឡាញ មាន​ការទាក់ទង​មក​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​ផ្ទាល់ អន​ឡាញ​ដែល​ទាក់ទង​មក​គណៈកម្មការ​ផ្សេងៗ ទាក់ទង​នឹង ខុទ្ទកាល័យ​ផ្សេងៗ ។​

​វិធានការ​របស់​រដ្ឋ​សភាជាតិ​កម្ពុជា​នេះ ស្រប​ពេល​ខូ​វីដ​១៩ កំពុង​រីក​រាលដាល​ជា​សកល ហើយ​កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​ជំងឺ​នេះ​កើនឡើង​ដល់​ចំនួន​២៤​នាក់ ៕

​ភី សុខ​