អភិបាលខេត្តបាត់ដំបងណែនាំឲ្យ សម្អាត និងបាញ់ថ្នាំសម្លាប់មេរោគមុនបើកសាលារៀន

Phy Sok, [15.09.21 15:39]

បាត់ដំបង៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានណែនាំដល់អាជ្ញាធរ មន្រ្តីសុខាភិបាល និងនាយកសាលាទាំងអស់ ត្រូវសហការគ្នារៀបចំសម្អាត និងបាញ់ថ្នាំសម្លាប់មេរោគមុនបើកដំណើរការសាលារៀនឡើងវិញនាពេលខ្លីខាងមុខ ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ ខណៈសាលារៀនមួយចំនួនបានសម្អាតនិងបាញ់ថ្នាំសម្លាប់មេរោគរួចរាល់ហើយ។

ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្តតាមរយៈប្រព័ន្ធវីដេអូ ZOOM ឯកឧត្តម ងួន រតនៈ បានថ្លែងថា«ចន្លោះពេលនេះបើយើងមានលទ្ធភាពគួរតែសម្អាតសាលារៀន និងបាញ់ថ្នាំសម្លាប់មេរោគជាពិសេសគឺសាលាដែលធ្លាប់ធ្វើជាមណ្ឌលចត្តាឡីស័ក ខណៈកន្លងទៅមានសាលាមួយចំនួនធំត្រូវបានយកធ្វើជាមណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩ និងមណ្ឌលចត្តាឡីស័ក»។

ឯកឧត្តម ងួន រតនៈបានថ្លែងបន្ថែមថានៅតាមបណ្ដាសាលារៀនដែលត្រូវបើកដំណើរការឡើងវិញទាំងអស់ត្រូវបង្កើតគណៈកម្មការតាមដានមួយ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន មន្រ្តីសុខាភិបាល លោកគ្រូ អ្នកគ្រូ និងអាណាព្យាបាលសិស្ស ដើម្បីចូលរួមតាមដាន និងវាយតម្លៃដំណើរការបើកសាលានេះ សំដៅរក្សាសុវត្ថិភាពដល់សិស្សានុសិស្ស។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្តបានសង្កត់ធ្ងន់ថា ក្រោយពេលបើកដំណើរការសាលារៀនហើយ ប្រសិនបើតំបន់នោះមានការឆ្លងរីករាលដាលជំងឺកូវីដ១៩ខ្លាំង ត្រូវបិទសាលាទាំងនោះវិញជាបន្ទាន់ ចៀសវាងការចម្លងក្នុងសហគមន៍។

ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់អាណាព្យាបាល គួរតែជូនកូនទៅសាលារៀនដោយខ្លួនឯង ចៀសការផ្ញើតាមម៉ូតូឌុប ឬរថយន្តដឹកសិស្ស ព្រោះការចម្លងជំងឺកូវីដ១៩ភាគច្រើនកើតចេញពីការដឹកជញ្ជូន។

លោក សឿម ប៊ុនរិទ្ធិ បានពន្យល់ថា ការបើកដំណើរការសាលារៀនឡើងវិញនៅពេលខាងមុខនេះ គឺនឹងធ្វើឡើងដោយអនុវត្តន៍តាមវិធានការសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន ដោយមានការវាស់កម្ដៅ រក្សាគម្លាតនិងពាក់ម៉ាស់នៅអំឡុងពេលចូលរៀនហើយប្រសិនបើសាលាណាអនុវត្តន៍វិធានការសុខាភិបាលមិនបាន គឺមិនអនុញ្ញាតឲ្យបើកដំណើរការឡើយ។

គូសបញ្ជាក់ថា ជាជំហានដំបូង អាជ្ញាធរខេត្តបាត់ដំបង នឹងបើកដំណើរការសាលារៀនសាធារណៈឡើងវិញនាថ្ងៃទី២០កញ្ញា ខាងមុខនេះ សម្រាប់ថ្នាក់ទី៦ ៩ និងទី១២ ខណៈថ្នាក់ផ្សេងៗទៀតនឹងបើកដំណើរការនៅពេលបន្ទាប់៕ ភី សុខ