អាជ្ញាធរ​ក្រុង​ត្រៀម​ចេញ ស ជ ណ លើក​ទី ២ ដើម្បី​បញ្ជា​អោយ​រុះរើ​សំណង់​ដែល​សាងសង់​លើ​ចំណី​ផ្លូវ​រថភ្លើង​

​រដ្ឋបាល​ក្រុង​បាត់ដំបង​បាន​ប្រាប់​អ្នក​សា​ព័ត៌មាន​ថា បាន​អះអាង​ថា នឹង​ចេញ​សេចក្តីជូនដំណឹង​ជា​លើក​ទី ២ ដើម្បី​អោយ​ម្ចាស់​សំណង់​ដែល​បាន​សង់​បំពាន​លើ​ដី​ចំណី​ផ្លូវ​រថភ្លើង រុះរើ​ចេញ​អោយអស់ បន្ទាប់​ពី​រដ្ឋបាល​ក្រុង បាន​ចេញ​លិខិត​នេះ​ម្តង​រួចមកហើយ ។​

​គួររំលឹកថា កាលពី​ថ្ងៃ​ទី ២៦ ខែ វិច្ឆិកា កន្លងមកនេះ រដ្ឋបាល​ក្រុង​បាត់ដំបង បាន​ចេញ​សេចក្តីជូនដំណឹង​មួយ​ច្បាប់​តម្រូវឲ្យ​ម្ចាស់​រោងដែ​ក​មួយ​កន្លែង​ឋិត​នៅត្រង់ចំណុច​ភូមិ​អណ្តូង​ចេញ ក្នុង​សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ដោយ​តម្រូវឲ្យប​ញ្ឍប់​ដំណើរការសាងស​ង់​ជាបន្ទាន់​ក្រោយ​បាន​សាងសង់​រំលោភ​លើ​ដី​ចំណី​ថ្នល់ និង​ចំណី​ផ្លូវ​រថភ្លើង​កាលពីដើម​សប្តាហ៍​កន្លងមក ហើយ​តម្រូវ​ឲ្យ​រុះរើ​សំណង់​ទាំងនោះ​ចេញ​ក្នុង​រង្វង់​រយះពេល ៧​ថ្ងៃ​ជា​កំហិត​។​

​លោក ពេជ្រ ចំរើន អាយុ ៦១​ឆ្នាំ​ដែល​អះអាង​ថា​ជា​ឱ​ពុក​ម្ចាស់​រោង​ដែក​នេះ​បានបញ្ជាក់​ថា​ការសាងសង់​រោង​នេះ​ឡើង គឺ​ដើម្បី​ឲ្យ​កូន​របស់​លោក​បាន​លក់​ដូរ​ចំណីអាហារ​តិចតួច​ប៉ុណ្ណោះ​ហើយ​ចំពោះ​ទីតាំង​ដែល​បាន​ធ្វើ​រោង​នេះ​ដែរ​លោក​បាន​ការអនុញ្ញាតិ​ពី​ម្ចាស់​ដី ដែល​បាន​អាស្រ័យ​ផល​តាំងពី​ឆ្នាំ ១៩៩០​មក គឺ​លោក ចាន់ លាង ជា​អាជីវករ​។ ដោយសារ​ទំនាក់ទំនង​ការរាប់​អាន​លោក ចាន់ លាង មិន​បាន​យក​កម្រៃ​ថ្លៃឈ្នួល​ដី​អ្វី​ឡើយ ។​

​បើ​ទោះ​យ៉ាងណា នៅ​ព្រឹក​ថ្ងៃទី ១៨ ខែ​ធ្នូ​នេះ លោក ផេង សិទ្ធី អភិបាលក្រុង​បាត់ដំបង បាន​បញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​ថា នេះ​គឺជា​សំណង់​ថ្មី ដែល​មិន​អាច​អនុញ្ញត​អោយ​សាងសង់​បាន​នោះ​ទេ ដោយសារ​តែ​សំណង់​នេះ​បាន​រំលោភ​លើ​ដី​ចំណី​ផ្លូវ​ជាតិ​ផង និង​ចំណី​ផ្លូវ​រថភ្លើង​ផង ។ ស្របពេល​ដែល​សំណង់​នេះ​បាន​ផ្អាក​សកម្មភាព​សាងសង់​បន្ត ក៏ប៉ុន្តែ​សំណង់​នេះ​មិន​ព្រម​រុះរើ​ចេញ​នៅក្នុង​អំឡុង​ដែល​លោក​បាន​ដាក់​ឱសានវាទ រយៈពេល ៧ ថ្ងៃ នៅ​ក្នុង​សេចក្តីជូនដំណឹង​លើក​ទី ១ ដូច្នេះ នៅ​ដើម​សប្តាហ៍​ក្រោយ លោក​នឹង​សម្រេច​ចេញ ស ជ ណ ជា​លើក​ទី ២ ដើម្បី​កំណត់​អោយ​ម្ចាស់​រុះរើ​ចេញ​អោយអស់ ៕