ការកសាង​សមត្ថភាព​យុវតី និង ភាពជា​អ្នកដឹកនាំ នៅ​ប្រទេស​កម្ពុជា

​ការបង្កើន​លទ្ធភាព​ទ​ទួលបាន​សេវា​អប់រំ គឺជា​វិធីសាស្ត្រ​ដ៏​មាន​ប្រសិទ្ធភាព​មួយ ដើម្បី​ជួយ​ឱ្យ​យុវតី​អាច​រំដោះខ្លួន និង​ក្រុមគ្រួសារ​របស់​ពួកគេ​ពី​ភាពក្រីក្រ ហើយ​រួមចំណែក​កាន់តែ​ប្រសើរ​ដល់​ការអភិវឌ្ឍ​សហគមន៍ និង​ប្រទេសជាតិ​របស់​ពួកគេ​។ កម្ពុជា​គឺជា​ប្រទេស​ដំបូង​ដើម្បី​អនុវត្ត​កម្មវិធី​នេះ ហើយ​ជា​ប្រទេស​ដែល​ឆ្លងកាត់​ការផ្លាស់ប្ដូរ​យ៉ាង​ឆាប់រហ័ស ដែល​ក្នុងនោះ​ការអប់រំ គឺជា​ធាតុ​ផ្សំ​ដ៏​សំខាន់​មួយ​នៃ​គោលដៅ​អភិវឌ្ឍន៍​របស់ខ្លួន​។​

ផ្អែក​តាម​បទពិសោធន៍​នៃ​ការអនុវត្ត​ការងារ​ក្នុងប្រទេស​កម្ពុជា​ដោយផ្ទាល់ របស់​អង្គការ​មូលនិធិ​អាស៊ី​ក្នុង​រយៈពេល ២ ទសវត្សរ៍​ ចុងក្រោយ​នេះ ដំណាក់កាល​សាកល្បង​កម្មវិធី​នេះ​បានចាប់ផ្ដើម​ធ្វើឡើង​កាលពី​ខែ ឧសភា រហូតដល់​ខែ ធ្នូ ឆ្នាំ ២០១៩ ដោយ​រួមមាន ការផ្ដល់​អាហារូបករណ៍​ដល់​សិស្សស្រី​ចំនួន ១០២ នាក់ នៅ​វិទ្យាល័យ​ព្រះបាទ​នរោត្តម ក្នុង​ខេត្តព្រៃវែង ដែលជា​ខេត្ត​ជនបទ​មួយ​។ កម្មវិធី​នេះ បាន​ជួយ​ដល់​យុវតី​ទាំងនេះ ឱ្យទទួល​បានការ​អប់រំ​កម្រិត​មធ្យមសិក្សា ការណែនាំ​ហ្វឹកហ្វឺន​ផ្ទាល់ និង​ការយល់ដឹង​ពី​គន្លង​អាជីព​ការងារ​ដែល​ល្អប្រសើរ​សម្រាប់​ពួកគេ​។

ខណៈពេលដែល​កម្ពុជា​បាន​ខិតខំ​ប្រឹងប្រែង ផ្ដល់ឱ្យ​យុវជន​និង​យុវតី នូវ​ឱកាស​ក្នុង​ការទទួល​បានការ​អប់រំ​ស្មើភាព​គ្នា គម្លាត​យេនឌ័រ​នៅតែ​បន្ត​មាន​ក្នុង​កម្រិត​មួយ​គួរឱ្យកត់សម្គាល់​។ អត្រា​អក្ខរកម្ម​សម្រាប់​ស្ត្រី​ពេញវ័យ គឺ ៧០,៩% និង​សម្រាប់​បុរស​ពេញវ័យ​គឺ ៨៥,១% នៅ​កម្ពុជា​។ ពលរដ្ឋ​ជាង​ពាក់កណ្ដាល គឺជា​ស្ត្រី ប៉ុន្តែ​និស្សិត​ដែល​បញ្ចប់​ការសិក្សា​ពី​សកល​វិទ្យាល័យ​មាន​ភាគតិច​ប៉ុណ្ណោះ​ជា​ស្ត្រី​។​

ការផ្ដួចផ្ដើម​អនុវត្ត​វិធានការ ដើម្បី​ប្រយុទ្ធ​នឹង​ភាពក្រីក្រ បទដ្ឋាន​វប្បធម៌ និង​ការលើកកម្ពស់​ការសិក្សា​នៅតាម​សាលារៀន​ក្នុង​តំបន់​ជនបទ​នៃ​ប្រទេស​កម្ពុជា គឺជា​វិធាន​ការដែល​ចាំបាច់ ដើម្បីឱ្យ​ក្មេងស្រី​បន្ត​ការសិក្សា​របស់​ពួកគេ​នៅ​សាលា​មធ្យមសិក្សា​។​

កម្មវិធី​របស់ Shiseido ស្ដីពី កសាង​សមត្ថភាព​យុវតី និង​ភាពជា​អ្នកដឹកនាំ (GLL)
​ដំណាក់កាល​សាកល្បង​កម្មវិធី GLL បានចាប់ផ្ដើម​ធ្វើឡើង​នៅ​កម្ពុជា ក្នុង​ឆ្នាំ​២០១៩ ដោយ​កម្មវិធី​នេះ​ត្រូវបាន​រៀបចំឡើង ដើម្បី​ជំរុញ​ឱ្យ​យុវតី​បន្ត​រៀនសូត្រ និង​បញ្ចប់​ការសិក្សា​កម្រិត​មធ្យមសិក្សា​។ នេះ​គឺជា​ពេលវេលា​ដ៏​សំខាន់ ព្រោះថា​យុវតី​ច្រើន​បោះបង់ចោល​ការសិក្សា ហើយ​ស្វែងរក​ការងារ​ធ្វើ​ដើម្បី​បាន​ប្រាក់កម្រៃ​។ ផ្អែក​តាម​បេសកកម្ម​សកល​របស់​ក្រុមហ៊ុន Shiseido“​នវានុវត្តន៍​ខាង​សម្ផស្ស ដើម្បី​ពិភពលោក​កាន់តែ​ល្អប្រសើរ​” ក្រុមហ៊ុន​បន្តធ្វើ​សកម្មភាព​ជាក់លាក់ ដើម្បី​ជំរុញឱ្យមាន​ការផ្លាស់ប្តូ​រ​នៅក្នុង​សង្គម និង​ក្នុង​វិស័យ​ផ្សេងៗ ដូចជា ការពង្រឹង​ភាព​អង់អាច​ដល់​ស្ត្រី​ជាដើម ដែលជា​គោលការណ៍​ដ៏​សំខាន់​មួយ ក្នុងការ​ប្រកប​អាជីវកម្ម និង​ការគ្រប់គ្រង​របស់​ក្រុមហ៊ុន Shiseido​។

​ដែលមាន​អាយុ​ពី ១៦ ដល់ ១៩​ឆ្នាំ រៀន​ថ្នាក់​ទី ១០-១២ នៅ​វិទ្យាល័យ​ព្រះបាទ​នរោត្តម ក្នុង​ខេត្តព្រៃវែង ដែល​ត្រូវ​ធ្វើដំណើរ​ប្រមាណ ២ ម៉ោង​កន្លះ ពី​រាជធានី​ភ្នំពេញ​។ GLL ត្រូវបាន​រៀបចំឡើង​ក្នុង​ទម្រង់​ជា​ប្រព័ន្ធ​ដែល​ផ្ដល់​ការគាំទ្រ​គ្រប់​ជ្រុងជ្រោយ​ដល់​យុវតី​ដែល​ទទួលបាន​អាហារូបករណ៍​។

កម្មវិធី​នេះ​នឹង​ផ្ដោតលើ​សរសរ​ស្ដម្ភ​សំខាន់ៗ​ចំនួន ៤៖

●​ ​ការគាំទ្រ​ផ្នែក​សម្ភារ​៖ សិស្ស​ទទួលបាន​ការគាំទ្រ​ផ្នែក​សម្ភារ ដើម្បី​បំពេញតម្រូវការ​ជា​មូលដ្ឋាន​របស់​ពួកគេ ដូចជា សៀវភៅ សម្ភារ​សិក្សា និង​អង្ករ ដែល​ជួយ​សម្រាល​បន្ទុក​ជីវភាព​គ្រួសារ​របស់​ពួកគេ​។

●​ ​ការអភិវឌ្ឍ​ជំនាញ​ទន់​៖ ការបណ្ដុះបណ្ដាល​ជំនាញ​ទន់​សំខាន់ៗ​ដូចជា ជំនាញ​ដឹកនាំ ជំនាញ​ប្រាស្រ័យ​ទាក់ទង ការគិត​ពិចារណា ការដោះស្រាយ​បញ្ហា និង​ការកសាង​ក្រុម ក៏ដូចជា ការផ្ដល់​ការគាំទ្រ​ក្នុង​ទម្រង់​ជាការ​ហ្វឹកហ្វឺន​និង​ណែនាំ ដើម្បី​ឲ្យ​ពួកគេ​ត្រៀមខ្លួន​សម្រាប់​ការអប់រំ​កម្រិត​ឧ​ត្ត​ម​សិក្សា​និង​អាជីព​ការងារ​។ បន្ទាប់មក សិស្ស​ដែល​ទទួលបាន​អាហារូបករណ៍ បាន​យក​ជំនាញ​ទាំងនេះ​ទៅប្រើ​ប្រាស់​ក្នុង ការអនុវត្ត​គម្រោង​សកម្មភាព​ខ្លីៗ​របស់​ពួកគេ ដោយ​ទទួលបាន​លទ្ធផល​ដ៏​ល្អ​។

●​ ​ការគាំទ្រ​សម្រាប់​ការសិក្សា​៖ ការបណ្ដុះបណ្ដាល​ភាសា​អង់គ្លេស ការបណ្ដុះបណ្ដាល​បន្ថែម​ផ្ដោតលើ​មុខវិជ្ជា STEM ដូចជា​គណិតវិទ្យា និង​វិទ្យាសាស្ត្រ​ជាដើម​។​

●​ ​ការហ្វឹកហ្វឺន និង​ណែនាំ​ផ្ទាល់​៖ អ្នកជំនាញ​ពី​ក្រុមហ៊ុន Shiseido និង​ពី​អ្នកជំនាញ​ក្នុងប្រទេស​កម្ពុជា បានផ្ដល់​ការហ្វឹកហ្វឺន​ណែនាំ​ផ្ទាល់ ដោយ​បង្ហាញឱ្យឃើញ​ពី​គំរូ​នៃ​ភាព​វិជ្ជមាន និង​បង្កើត​បណ្ដាញ​គាំទ្រ​ដល់​សិស្សានុសិស្ស​ដែល​បានទទួល​អាហារូបករណ៍ ដើម្បី​ផ្ដល់​ការលើកទឹកចិត្ត​ដល់​ពួកគេ ព្រមទាំង​បង្កើន​ភាពងាយស្រួល​ឲ្យ​ពួកគេ​ក្នុងការ​ចែករំលែក​បញ្ហា​ប្រឈម បទពិសោធន៍ និង​គំនិត​នានា​។

Jean-Philippe Charrier ជា​ប្រធាន & CEO របស់​ក្រុមហ៊ុន Shiseido Asia Pacific មានប្រសាសន៍ថា “​ស្ត្រី​គឺជា​បេះដូង និង​ព្រលឹង​នៃ​អាជីវកម្ម​របស់​ក្រុមហ៊ុន Shiseido​។ ខ្ញុំ​ជឿជាក់​យ៉ាង​មុតមាំ​ថា សម្ផស្ស​អាចធ្វើឱ្យ​ពិភពលោក​មានការ​ផ្លាស់​ប្តូរ ហើយ​លើសពីនេះទៅទៀត​យើង​ជា​ក្រុមហ៊ុន​មួយ​ដែល​ត្រៀមខ្លួន​យ៉ាង​ល្អ​ក្នុង​ការជួយ​ឱ្យ​សម្រេច​លទ្ធផល​វិជ្ជមាន​គង់វង្ស​យូរអង្វែង ដោយ​ឱ្យ​យុវតី​វ័យក្មេង​មានឱកាស​ស្មើភាព​គ្នា ថែមទាំង​ផ្ដល់​ភាព​អង់អាច​ដល់​ពួកគេ តាមរយៈ​ការសិក្សា​រៀនសូត្រ និង​តាម​ការផ្ដល់​ការណែនាំ​ផ្ទាល់​។ តាមរយៈ​ភាពជា​ដៃគូ​ដ៏​រឹងមាំ​របស់​យើង​ជាមួយនឹង​អង្គការ​មូលនិធិ​អាស៊ី ខ្ញុំ​សង្ឃឹមថា កម្មវិធី​កសាង​សមត្ថភាព​យុវតី និង​ភាពជា​អ្នកដឹកនាំ នឹង​ផ្ដល់​លទ្ធភាព​ឱ្យ​យុវតី​វ័យក្មេង​ដែល​ទទួលបាន​អាហារូបករណ៍​របស់​យើង អាច​បន្ត​ការសិក្សា​ដល់​កម្រិត​ឧ​ត្ត​មសិ​ក្សា​ប្រកបដោយ​ជោគជ័យ រៀន​ចេះ​ជំនាញ​ដឹកនាំ និង​ជំនាញ​ទន់​សំខាន់ៗ​ដែល​ជួយ​ឱ្យ​ពួកគេ​ទទួលបាន​អនាគត​កាន់តែ​ល្អប្រសើរ​សម្រាប់​ខ្លួនឯង និង​សម្រាប់​គ្រួសារ​របស់​ពួកគេ​។​”

លោកស្រី Meloney Lindberg តំណាង​អង្គការ​មូលនិធិ​អាស៊ី​ប្រចាំ​ប្រទេស​កម្ពុជា ក៏មាន​ប្រសាសន៍​បន្ថែម​ទៀតផង​ដែរ​ថា “​កំណើនសេដ្ឋកិច្ច​ដែល​ជំរុញ​ដោយ​វិស័យ​ឯកជន​រយៈពេល​មួយ​ទសវត្សរ៍​របស់​ប្រទេស​កម្ពុជា​កន្លងមកនេះ បាន​ផ្ដល់នូវ​អត្ថប្រយោជន៍​ជាការ​អភិវឌ្ឍ​សំខាន់ៗ ប៉ុន្តែ​ប្រជាពលរដ្ឋ​ពុំទាន់​ទទួលបាន​អត្ថប្រយោជន៍​នោះ​ស្មើៗ​គ្នា​នៅឡើយ​។ ស្ត្រី និង​សហគមន៍​ក្រីក្រ នៅតែ​ងាយ​រងគ្រោះ​ជាពិសេស​។ តាមរយៈ​ការជួយ​គាំទ្រ​ដ៏​សំខាន់​ពី​ក្រុមហ៊ុន Shiseido អង្គការ​មូលនិធិ​អាស៊ី កំពុង​មើលឃើញ​ពី​ភាព​ផ្លាស់ប្តូរ​វិជ្ជមាន លើ​អត្រា​នៃ​ការបន្ដ​ការសិក្សា ក៏ដូចជា​លទ្ធផល​សិក្សា​របស់​យុវតី​ទាំងនោះ ដែល​កំពុង​ទទួលបាន​នូវ​ជំនាញ និង​ភាពជឿជាក់​លើ​ខ្លួនឯង ហើយ​ធ្វើឱ្យ​ជីវិត​របស់​ពួកគេ​មានការ​ផ្លាស់ប្តូរ​កាន់តែ​ប្រសើរឡើង​។​”