ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អំពាវនាវដល់ កម្មករកម្មការិនី ទាំងអស់រួមគ្នាគាំទ្រ ព្រឹត្តិការណ៍កីឡាអាស៊ាន ប៉ារ៉ាហ្គេម ឲ្យបានផុលផុស

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវដល់ កម្មករកម្មការិនីទាំងអស់ រួមគ្នាគាំទ្រ ព្រឹត្តិការណ៍តីឡា អាស៊ានប៉ារ៉ាហ្គេម ឱ្យបានផុលផុស ដើម្បីលើកទឹកចិត្ត ដល់កីឡាករកីឡាការិនី កម្ពុជា ឱ្យ ខិតខំប្រឹងប្រែង ប្រកួតដណ្ដើមយក មេដាយជូនជាតិមាតុភូមិ។

ក្នុងជំនួបសំណេះសំណាល ជាមួយកម្មករនិយោជិត ជិត ២ ម៉ឺននាក់ មកពីរោងចក្រ ម៉ាវ៉លហ្កាមិន រោងចក្រ វ៉ុនវីន ហ្កាមិន និងរោងចក្រ ដាគ្វានថេកស្តាយ ខេមបូឌា នាតំបន់សេដ្ឋកិច្ចពិសេស royal group ភ្នំពេញ នាព្រឹកថ្ងៃទី ២៦ ខែឧសភា សម្ដេចអគ្គមហា សេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា នៅសល់តែ ៨ ថ្ងៃទៀតប៉ុណ្ណោះ និងឈានដល់ព្រឹត្តិការណ៍ អាស៊ាន ប៉ារ៉ាហ្គេម លើកទី ១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្នុងឆ្នាំ ២០២៣ នេះ ហើយបច្ចុប្បន្ននេះ គ្រប់ផ្នែក ពាក់ព័ន្ធទាំងអស់ កំពុងខិតខំរៀបចំ ធ្វើយ៉ាងណាឱ្យព្រឹត្តិការណ៍ ១នេះ ប្រព្រឹត្តទៅដោយរលូន និងអស្ចារ្យ ដូចព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលទើបនឹងបញ្ចប់ទៅថ្មីៗនេះ ហើយទទួលបានលទ្ធផល លើសពីការរំពឹងទុក។ សម្ដេចតេជោបានបន្តទៀតថា កាលពីព្រឹត្តិការណ៍ កីឡាស៊ីហ្គេម គឺទទួលបានការអបអរសាទរ និងគាំទ្រយ៉ាងអស្ចារ្យ ពីប្រជាពលរដ្ឋ ភ្ញៀវជាតិអន្តរជាតិ ដូច្នេះសម្រាប់ព្រឹត្តិការណ៍ អាស៊ានប៉ារ៉ាហ្គេម នាពេលខាងមុខនេះ សូមឱ្យប្រជាពលរដ្ឋ ពិសេសកម្មករកម្មការិនី ចូលរួមគាំទ្រ និងលើកទឹកចិត្ត កីឡាករកីឡាការិនី ឱ្យបានច្រើនកុះករ។

ឥឡូវនេះ នៅសល់តែ ៨ ថ្ងៃទៀតទេ អាស៊ានប៉ារ៉ាហ្គេម គឺការប្រកួតកីឡាជនពិការ និងមកដល់ ក្មួយៗទាំងឡាយ ត្រូវតែផ្ដល់ការគាំទ្រ លើកទឹកចិត្ត ឱ្យកីឡាករកីឡាការិនី ពិការរបស់យើង ព្រោះមិនខុសពីកីឡាដែលមាន កាយសម្បទាគ្រប់គ្រាន់នោះទេ ចំណុចនេះគឺត្រូវ រៀបចំលិខិតផ្ដល់ជូន ក្រសួងការងារមួយចំនួន ដើម្បីចែកជូន ដល់កម្មករកម្មការិនី ព្រោះកម្មវិធីបើកនិងបិទ មិនខុសគ្នា ពីកម្មវិធីស៊ីហ្គេម ប៉ុន្មាននោះទេ គឺដូចគ្នា យើងធ្វើជាម្ចាស់ផ្ទះ ហើយសម្រាប់ល្ងាចនេះ គឺសម្ដេចជូនដំណើរ កីឡាករកីឡាការិនី ទៅកន្លែងប្រកួត ដោយជូនពរ ពីវិមានសន្តិភាព ទៅកាន់ទីតាំងប្រកួត។

 

សូមបញ្ជាក់ថា ការប្រកួតកីឡា អាស៊ានប៉ារ៉ាហ្គេម លើកទី ១២ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ និងចាប់ផ្ដើមពីថ្ងៃទី ៣ ដល់ថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២៣ ដោយមានកីឡាករ ១៤ ប្រភេទ ត្រូវបានដាក់ ឱ្យធ្វើការប្រកួត លើវិញ្ញាសាជាង ៤00 រួមមានកីឡា អត្តពលកម្ម ហែលទឹក វាយសី ប៊ូស្យា អុក បាល់ទាត់បុរស(៥ម្ខាងនិង៧ម្ខាង) បាល់បោះ ពិការភ្នែក យូដូ លើកទំងន់ វាយកូនឃ្លីលើតុ បាល់ទះអង្គុយ បាល់បោះជិះរទេះ និងកីឡាអេឡិចត្រូនិច។ កាលពីកីឡាអាស៊ាន ប៉ារ៉ាហ្គេម លើកទី ១១ គឺកម្ពុជាដណ្ដើមបាន មេដាយសរុប ២៨ គ្រឿង ក្នុងនោះមេដាយមាស ៧ គ្រឿង ប្រាក់ ១0 គ្រឿង និងមេដាយសំរិទ្ធ ១១ គ្រឿង៕ ប្រភព វិទ្យុជាតិ កម្ពុជា