ក្រសួងសាធារណៈការ ឱ្យម្ចាស់ចូលខ្លួន បងប្រាក់ ពិន័យ មុននឹងយកយានយន្ត ត្រឡប់ទៅវិញ

ក្រសួងសាធារណៈការ និងដឹកជញ្ជូន បានប្រាប់ឲ្យម្ចាស់ក្រុមហ៊ុន និងម្ចាស់យានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិត ដែលត្រូវបានឃាត់ទុក នឹងមិនទាន់ បងប្រាក់ពិន័យ ត្រឹមត្រូវតាមច្បាប់ ត្រូវមកដោះស្រាយ និងបង់ប្រាក់ពិន័យ ឲ្យបានមុនថ្ងៃទី១៨ខែតុលា ឆ្នាំ ២០២១ នេះ ដើម្បីយកយានយន្តរបស់ខ្លួន ត្រឡប់ទៅធ្វើអាជីវកម្មវិញ។

សេចក្តីជូនដំណឹង របស់គណៈកម្មាធិការ ដឹកនាំត្រួតពិនិត្យ យានយន្តដឹកជញ្ជូន លើសទម្ងន់ កម្រិតកំណត់ នៃក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី ១ ខែតុលាឆ្នាំ ២០២១នេះ បានបញ្ជាក់ថា ម្ចាស់ក្រុមហ៊ុន និងម្ចាស់យានយន្ត ដឹកជញ្ជូនលើសទម្ងន់ កម្រិតកំណត់ ដែលត្រូវបានឃាត់ទុក ហើយបានបង់ប្រាក់ពិន័យរួចរាល់ហើយនោះ អាចមកទទួល យានយន្តទៅតាម ទីតាំងរក្សាទុក យានយន្តចាប់ពីថ្ងៃ ជូនដំណឹងនេះ រហូតដល់ថ្ងៃទី ១៨ ខែតុលា ព្រមទាំងធ្វើកិច្ចសន្យា លែងប្រព្រឹត្តបទល្មើស ដឹកជញ្ជូនលើសទម្ងន់ កម្រិតកំណត់ ជាលើកទីពីរ បន្តទៀតនោះទេ។ ដោយឡែកម្ចាស់ក្រុមហ៊ុន នៅម្ចាស់យានយន្ត ដឹកជញ្ជូនលើសទម្ងន់ កម្រិតកំណត់ ដែលត្រូវបានឃាត់ទុក នឹងមិនទាន់បាន បង់ប្រាក់ពិន័យ ត្រឹមត្រូវតាមច្បាប់ ត្រូវមកដោះស្រាយ នឹង បង់ប្រាក់ពិន័យ ឲ្យបានមុនថ្ងៃទី១៨ ខែតុលា នេះជាកំហិត ក្នុងករណីផុតរយៈពេលនេះ គណៈកម្មាធិការ ដឹកនាំការត្រួត ពិនិត្យ យានយន្តដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់ និង ចាត់វិធានការ តាមនីតិវិធី និងបទប្បញ្ញត្តិច្បាប់ ជាធរមាន។ រាល់ការប្រគល់ ទទួល យានយន្ត ម្ចាស់យានយន្ត ត្រូវមកទទួលយានយន្ត នៅតាមទីតាំង ដែលបានឃាត់ទុក ចាប់ពីថ្ងៃ ជូនដំណឹងនេះ រហូតដល់ថ្ងៃទី ១៨ ខែតុលា លើកលែងតែថ្ងៃទី ៥,៦,៧, ខែតុលា ដែលជាថ្ងៃឈប់សម្រាក ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ។ ម្ចាស់យានយន្តត្រូវភ្ជាប់ មកជាមួយនូវ សំណុំឯកសារ ឬលិខិតស្នាមពាក់ព័ន្ធ និងយានយន្ត ដែលបានឃាត់ទុក នាពេលកន្លងមក ដែលចេញដោយមន្ត្រី មានសមត្ថកិច្ច ប្រចាំស្ថានីយ ជញ្ជីង អចល័ត នៃក្រសួងសាធារណការ និងដឹកជញ្ជូន។

សូមបញ្ជាក់ថា ករណីលើកលែង បន្ធូរបន្ថយ យានយន្តដឹកជញ្ជូន លើសទម្ងន់ កម្រិតកំណត់ ចំនួន២២៩គ្រឿង ដែលត្រូវបានឃាត់ទុក នាពេលកន្លងមក ដោយមន្ត្រីមានសមត្ថកិច្ច ប្រចាំស្ថានីយជញ្ជីង អចល័ត និងជញ្ជីងចល័ត នៃក្រសួងសាធារណការ និងដឹកជញ្ជូន គឺជាការអនុវត្តន៍ តាមអនុសាសន៍ របស់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា កាលពីថ្ងៃទី ២៨ ខែកញ្ញាកន្លងទៅនេះ ដើម្បីផ្ដល់ឱកាសសារជាថ្មី ដល់ម្ចាស់ក្រុមហ៊ុន និងម្ចាស់យានយន្ត ដឹកជញ្ជូនលើសទម្ងន់ កម្រិតកំណត់៕ ប្រភព វិទ្យុជាតិ កម្ពុជា