បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយ ក្នុងចំណោមពិធីបុណ្យធំៗដទៃទៀត នៅព្រះរាជាណាចក្រកម្ពុជា ហើយប្រជាជន នឹងពុទ្ធបរិស័ទមួយចំនួនតែងតែប្រារព្ធពីធីបុណ្យភ្ជុំបិណ្ឌនេះជារៀងរាល់ឆ្នាំតាមទីកន្លែងមួយចំនួនមានវត្តអារាមជាដើម ។ ដោយមានប្រជាពលរដ្ឋខ្លះ មានជំនឿ ថាអាច ឧទ្ទិសកុសល មគ្គផល ដល់បុព្វការីជន ឬ ញាតិការទាំង៧សន្ដាន មានមាតាបិតា ជាដើមនោះ ដោយការថ្វាយទេយ្យទាន ឬ បច្ច័យ៤ ចំពោះអ្នកមានគុណ យាយជីតា ឬ ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់៣ខែ ។
កញ្ញា សុខា អាយុ២៣ឆ្នាំ បានប្រាប់ថា៖ ពេលបុណ្យភ្ជុំបិណ្ឌម្ដង់ៗ តែងតែនាំយកចង្ហាន់ទឹកភេសជ្ជៈ វត្ថុប្រើប្រាស់ផ្សេងៗ ប្រគេនដល់ព្រះសង្ឃ ដើម្បីឧទ្ទិសកុសលបុព្វការីជនដែលបានស្លាប់ទៅ ។ រីឯលោក ថ្លៃ ង៉ា រស់នៅស្រុកមោងឬស្សី បាននិយាយថាៈ ពិធីបុណ្យភ្ជុំបិណ្ឌនេះ មានយុវជនមួយចំនួនបានយល់ដឹង តែយុវជនមួយចំនួនទៀតមិនទាន់យល់ដឹងនៅឡើយទេ តែឃើញចាស់ៗធ្វើក៏ធ្វើតាមទៅ ។
ទាក់ទិន និង បុណ្យភ្ជុំបិណ្ឌនេះដែរ ព្រះតេជគុណ ស៊ុន ចក្រ បានមានព្រះថេរដីកាថា ៖ ពីធីភ្ជុំបិណ្ឌនេះ ប្រារព្វឡើងដើម្បី៖ ទី១ ឲ្យប្រជាជនបានខ្មែរ ជួបជុំ គ្នាធ្វើបុណ្យឧទ្ទិសកុសលនិងស្ដាប់ធម៏អប់រំចំរើនបញ្ញា,ទី២ ដើម្បីឲ្យមានភាពសាមគ្គីគ្នាក្នុងសង្គម,ទី៣ ដើម្បីបង្ហាញឲ្យអន្ដរជាតិ បានស្គាល់ពីវប្បធម៌ទំនៀមទម្លាប់ប្រពៃណីខ្មែរ និងទី៤ ដើម្បីបណ្ដុះកូនខ្មែរឲ្យចេះធ្វើបុណ្យ និងចេះស្ដាប់ជាដើម ។ ព្រះតេជគណក៏ មានព្រះថេរដីកាបន្ដថា៖ ពិធីភ្ជុំបិណ្ឌនេះ មិនមែនជាបុណ្យនៅក្នុងព្រះពុទ្ធសាសនាសុទ្ធសាធនោះតែទេជាបុណ្យមួយរបស់ប្រពៃណីរបស់ខ្មែរយើង លាយលំ និង ព្រះពុទ្ធសាសនាផងដែរ ។.
ជារៀងរាល់ឆ្នាំ នៅពេលដល់ថ្ងៃខែដែលត្រូវប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិ សន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយ ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃដែលគង់នៅវត្តអារាម។ ប្រជាជនកម្ពុជា នាំគ្នាប្រារព្ធពិធីបុណ្យនេះមិនដែលអាក់ខានឡើយ គឺចាប់ពីថៃ្ង ១រោច ខែភទ្របទ រហូតដល់ថៃ្ងទី ១៥រោច មានរយៈពេល ១៥ថៃ្ង ដែលយើងហៅថា បិណ្ឌ1, បិណ្ឌ2 … និងថៃ្ងបញ្ចប់ គឺជា ថៃ្ង “ភ្ជុំបិណ្ឌ”។ បុណ្យភ្ជុំបិណ្ឌ ត្រូវបានធ្វើឡើងតាមបែបព្រះពុទ្ធសាសនា។
អត្ថបទ៖ ឈឿន ថៃកឿ