ខណៈ​អ្នកភូមិ​៧​នាក់​ស្លាប់​និង​៤៤​នាក់​ពុល​ដោយសារ​ស្រាថ្នាំ​ក្រសួង​សុខាភិបាល ក្រើនរំលឹក​ពលរដ្ឋ​អោយ​ចូលរួម​អនុវត្ត​វិធានការ​៤​ចំណុច ដើម្បី​ចៀសផុត​ពី​ការពុល​

តាម​សេចក្តីប្រកាស​របស់​ក្រសួង​សុខាភិបាល​ថ្ងៃទី​១៣​មិថុនា​បញ្ជាក់ថា​ការចូលរួម​អនុវត្ត​វិធានការណ៍​៤ ដើម្បី​ចៀសផុត​ពី​ការពុល​ស្រាស ឬ​ស្រាថ្នាំ មានដូចជា ៖

១៖ មិន​ត្រូវ​ទិញ និង​បរិភោគ​ស្រាស ឬ​ស្រាថ្នាំ ដែល​ផលិត ឬ បិត ដោយ​មិន​មាន​ប្រភព​ច្បាស់​លាស់ មិន​មាន​លក្ខណៈ បច្ចេកទេស​ត្រឹមត្រូវ ជាដាច់ខាត ជាពិសេស​ស្រា​ដែល​យក​មេ​តា​ណុល​មកហើយ ត្រូវ​ហាមឃាត់​ដាច់ខាត​

២៖ ត្រូវ​បញ្ឈប់​ជាដាច់ខាត នូវ​ការលក់ដូរ​ស្រាស ឬ​ស្រាថ្នាំ ដែល​ផលិត ឬ​បិត ឬ​លាយ​ផ្សំ ដោយ​មិន​ត្រឹមត្រូវ​តាម​លក្ខណៈ បច្ចេកទេស​។​

៣៖ បើ​មាន​បញ្ហា​សុខភាព​ដូចជា ឈឺក្បាល ក្អួត ឈឺ​ពោះ វិលមុខ ស្រវាំងភ្នែក សន្លប់ ប្រកាច់ ពិបាក​ដកដង្ហើម ជាដើម សូម​ស្វែងរក​ការពិគ្រោះ​ពិនិត្យ និង​ព្យាបាល ជា​បន្ទាន់​នៅ​មណ្ឌល​សុខភាព ឬ​ទៅ​មន្ទី​ពេទ្យ​ដែល​នៅ​ជិត​លោកអ្នក​ជាទីបំផុត​។​

៤៖ ចៀសវាង​ការពុល​ចំណីអាហារ ដោយ​អនុវត្ត​អនាម័យ​ល្អ រស់នៅ​ស្អាត ជាពិសេស​អនុវត្តន៍​គោលការណ៍ អនាម័យ​ចំណីអាហារ​ស្អាត ជាដើម​។​

​សូមបញ្ជាក់​ថា ចាប់ពី​ថ្ងៃ​ទី​០៧ ដល់ ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០២០ មាន​ហេតុការណ៍ណ៍​ពុល​ស្រា​ថ្នាំចិនសែ​តាំងគួ​យ បាន​កើតឡើង​នៅក្នុង​ភូមិ​ចំនួន ០៩​ភូមិ នៅក្នុង​ក្រុង​ប៉ោយ​ប៉ែត និង​ស្រុក ម៉ា​ល័យ​នៃ​ខេត្ត​បន្ទាយមានជ័យ ដែល​មាន​អ្នកពុល​ស្រាថ្នាំ​នេះ សរុប​ចំនួន ៤៤​នាក់ ក្នុងនោះ មាន​ស្ត្រី​ចំនួន ០៣​នាក់ និង​ស្លាប់​បុរស ចំនួន ០៧​នាក់​)៕
​ដោយ ភី សុខ​