ពលរដ្ឋបារម្ភពីខ្យល់កន្ត្រាក់ និង រន្ទះ នៅដើមឆ្នាំនេះ



​ប្រជាពលរដ្ឋ បង្ហាញ​ពី​ក្តីបារម្ភ ចំពោះ​គ្រោះធម្មជាតិ រន្ទះ នឹង​ខ្យល់​កន្ត្រាក់ នៅ​ដើម​ឆ្នាំនេះ ដែល​អាច​ប៉ះពាល់​ដល់​អាយុជីវិត​មនុស្ស និង​ព្រ​ទ្យ​សម្បត្តិ ។ ការបារម្ភ​បែបនេះ ខណៈ​មាន​ករណី ខ្យល់​កន្ត្រាក់ បានកើត​ឡើង​តាម​បណ្តាល​ស្រុក​មួយចំនួន ក្នុង​ខេត្តបាត់ដំបង នាំអោយ​ផ្ទះសំបែង​មួយចំនួន ត្រូវបាន​ខូចខាត ។

​ពលរដ្ឋ​មួយរូប បង្ហាញ​ពី​ក្តីកង្វល់ នៅពេល​មាន​ភ្លៀងខ្យល់​ម្តងៗ ដោយពេល​ខ្លះ​មិន​ហ៊ាន​នៅក្នុង​ផ្ទះ​ផង ព្រោះ​បារម្ភ​ខ្លាច​ខ្យល់ កួច​ផ្ទះ ។ លើសពីនេះ ការយល់ដឹង​ពី​វិធី​បង្ការ ពួកគាត់​ក៏​មិនទាន់ មានការ​យល់ដឹង​ដែរ ។​

 

​មិន​ខុសគ្នា​នោះ ដែរ ពលរដ្ឋ​មួយរូប​ទៀត ប្រាប់ថា ធ្លាប់​ជួប​បទពិសោធន៍​ផ្ទាល់​នៅពេល​រន្ទះបាញ់ ខណៈ​លោក​កាន់​ស​ង្គ​សី គឺ​បណ្តាលអោយ​ឆក់​លោក ប៉ុន្តែ​មិន​បង្ករ​អោយមាន​គ្រោះថ្នាក់​ធ្ងន់​ធ្ងូ​រ ។ មួយវិញទៀត ចំពោះ​វិធី​ការពារ​ខ្លួន ពី​បញ្ហា​នេះ លោក​ថា មិនដែល​បានដឹង​នោះឡើយ ។​

​លោក យ៉ាន ឧ​ត្ត​ម ជា​នាយករង សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបាត់ដំបង​បាន​លើកឡើងថា នៅ​ដើមឆ្នាំ​2019​នេះ​គ្រោះធម្មជាតិ​បានកើត​ឡើង​មាន​ចំនួន​4​លើក កើតមានឡើង​នៅ​ស្រុក​កំរៀង សំឡូត គាស់ក្រឡ និង​ស្រុក​សំពៅ​លូន​ធ្ងន់ធ្ងរ​ជាងគេ ឃុំ​ចំនួន​4​នៃ​ស្រុក​សំពៅ​លូន​ដែល​រង​ការខូចខាត​មាន​ឃុំ​សន្តិភាព ឃុំ​សិរី​មានជ័យ ឃុំ​តា​ស្ដា និង​ឃុំ​ជ្រៃ​សីមា ដោយមាន​ការ​ខូ​ត​ខាត​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​213​ខ្នង ខូចខាត​រោង​ម៉ាស៊ីន មាន​ខ្យល់កួច​រោងការ​ជាដើម រីឯ​នៅ​ខាង​ស្រុក​កំរៀង​កើតឡើង​2​ភូមិ គឺមាន​ភូមិ​ទួល​ទិស និង​ភូមិ​តា​ក្រី បណ្ដាលអោយ​ខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ​30​ខ្នង និង​ខូចខាត​ឃ្លាំង​ស្តុក​ដំឡូង​មី​មួយ ។​

លោក​បន្តថា គ្រោះធម្មជាតិ​ដើមឆ្នាំ​នេះ​មាន​ល​លក្ខណៈ​កាច​សាហាវ​ដែល​ទាមទារ​អោយ​ប្រជាពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​វិធី​ការពារ​ខ្លួន​ពី​បាតុភូត​នេះ​លោក​បាន​លើកឡើងថា យើង​ត្រូវតែ​ដាំ​ដើមឈើ​អោយបាន​ច្រើន ព្រោះ​ដើមឈើ​អាចជួយ​ទប់​កម្លាំង​ខ្យល់​កន្ត្រាក់ កុំ​នៅក្រោម​ដើមឈើ​ពេល​មេឃ​ភ្លៀង ឬ​ឈរ​ក្បែរ​បង្គោល​ភ្លើង ពេល​មេឃងងឹត​សូម​ប្រញាប់​រក​កន្លែង​មាន​សុវត្ថិភាព​ជ្រក កុំ​ប៉ះពាល់​គ្រឿង​ដែក​ពេល​មាន​ភ្លៀង កុំ​ចេញ​ត្រងទឹក​ភ្លៀង​ពេល​មាន​ភ្លៀង​ធ្លាក់ បិទ​ទូរស័ព្ទ និង​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​ផ្សេង​ជាដើម​។

ពាក់ព័ន្ធ​បញ្ហា​នេះ​លោក​ក៏បាន​ចូលរួម​ជួយ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​តាមរយៈ​វិទ្យុ តាម​ហ្វេ​ស​ប៊ុ​ក លិខិត​អំពាវនាវ សិក្ខាសាលា និង​មាន​អ្នក​ស្ម​គ្រ​ចិត្ត​ចុះ​ផ្សេ​ព្វ​ផ្សាយ​តាម​ភូមិ​ឃុំ និង​ពេល​ចុះសួរសុខទុក្ខ​ប្រជាពលរដ្ឋ​។ លោក​ក៏បាន​សំណូមពរ​អោយ​ប្រជាពលរដ្ឋ​មានការ​តាមដាន​ព័ត៌មាន​អោយបាន​ជាប់​ជាប្រចាំ​ដើម្បី​បានដឹង​មុន និង​ត្រៀម​បង្ការ​នូវ​គ្រោះមហន្តរាយ​ផ្សេងៗ និង​ចូលរួម​ការពារ​ខ្លួនឯង មានការ​ប្រុស​ប្រយ័ត្ន​ខ្ពស់​។​

​សូមបញ្ជាក់ថា ខ្យល់​កន្ត្រាក់​បាន​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​ខ្នង​ក្នុង​ខេត្តបាត់ដំបង និង​បណ្តា​ខេត្ត​មួយចំនួនទៀត​ក្នុងប្រទេស​កម្ពុជា​នៅ​ចុងខែ​កុម្ភៈ​នេះ​។ ប៉ុន្តែ​មិន​បណ្តាល​ឲ្យ​ប្រជាពលរដ្ឋ​រងរបួស​នោះទេ​។​
​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ជូនដំណឹង​ដល់​សាធារណ​:​ជន​ឲ្យ​មានការ​ប្រុងប្រយ័ត្ន ចំពោះ​បាតុភូតរ​ន្ទៈ និង​ខ្យល់​កន្ត្រាក់​នៅពេល​មាន​ភ្លៀង​ធ្លាក់​។​

​អត្ថបទ៖  លោក ញ៉ែម ចាន់