ការដាំសណ្តែកគួ របស់កសិករខេត្តបាត់ដំបង

អ្នកស្រី តៅ ស៊ា អាយុ ៥០ឆ្នាំ ជាកសិករ រស់នៅភូមិ ព្រែកត្រប់ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។ អ្នកស្រីប្រកបមុខរប ដាំបន្លែលក់ ជាច្រើនឆ្នាំមកហើយ។ បន្លែទាំងនោះ មានដូចជា សណ្តែកគួ ,ត្រប់ ត្រសក់ ល្ពៅ ។ ពេលនេះ អ្នកស្រីកំពុងត្រៀមប្រមូលផលសណ្តែកគួ ។ អ្នកស្រីថា សណ្តែកគួរប្រសិនបើ ផ្លែច្រើន ប្រមូលផលម្តង អាចបាន ប្រហែល ២០០គីឡូក្រាម ហើយការប្រមូលផលមួយថ្ងៃ ចន្លោះមួយថ្ងៃ។  ចំណែកតម្លៃវិញ ថ្មីៗនេះ អ្នកស្រីលឺថា ១គីឡូក្រាម ២០០០រៀល ។

ចំណែកការដាំវិញកសិកររូបនេះ លើកឡើងថាមិនពិបាកទេ ប៉ុន្តែអ្វីដែលពិបាកគឺទីផ្សារឡើងចុះមិនទៀង ។ ចំពោះបញ្ហានេះ កសិកររូបនេះ ត្អូញត្អែរ ថាប្រសិនតម្លៃចុះខ្លាំង ការដាំបន្លែ ប្រឈមការជំពាក់បំណុលធនាគារ ដោយសារការលក់បន្លែថោកពេក ។

យ៉ាងនេះក្តី កសិកររូបនេះ មិនបោះបង់ការដាំបន្លែនោះទេ។ ម្យ៉ាងទៀតសម្រាប់តម្លៃក្នុងឆ្នាំនេះ អ្នកស្រីថាថ្លៃគួរសម ដែលអាចលើកកម្ពស់ជីវភាពគ្រួសារល្អប្រសើរដែរ ។ លើសពីនេះ កសិកររូបនេះ សូមឱ្យតម្លៃបន្លែ កុំធ្លាក់ចុះខ្លាំងពេកឱ្យរក្សាតម្លៃដូចបច្ចុប្បន្ន ឬល្អជាងនេះ ដើម្បីលើកស្ទួយជីវភាពកសិករ និងលើកទឹកចិត្តដល់កសិករ ឱ្យដាំដុះបន្លែ ដើម្បីបង្កើនផលិតផលក្នុងស្រុក ។

អត្ថបទ៖ លោក ញ៉ែម ចាន់