ក្រុមរថយន្តសាំយ៉ុងដឹកផ្លែឈើ ធ្វើការតវ៉ាអោយមន្ត្រីគយច្រកអន្តរជាតិដូង បញ្ចុះតម្លៃនៃការយកប្រាក់ ពីក្បាលរថយន្ត

Phy Sok, [23.09.21 11:53]

ក្រុមរថយន្តសាំយ៉ុងជាច្រើនគ្រឿង ដែលជាប្រភេទរថយន្តដឹកផ្លែឈើ បានប្រមូលផ្តុំគ្នានៅមុនស្នាក់ការគយ ដែលមានទីតាំងក្នុងភូមិអូរដារ ឃុំអូរដារ ស្រុកកំរៀង ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២៣នេះ ដើម្បីតវ៉ា ចំពោះការទាថ្លៃក្បាលឡានថ្លៃ ។

យោងតាមខ្លឹមសារនៃការប្រមូលផ្តុំគ្នានោះ គឺក្រុមរថយន្តសាំងយ៉ុងទាំងអស់ ដែលរកស៊ីផ្លែឈើតាមច្រកអន្តរជាតិដូង បានទាមទាអោយ អង្គភាពគយប្រចាំច្រកនោះធ្វើការបញ្ចុះតម្លៃលើការយកប្រាក់ពីក្បាលរថយន្ត ដោយសារតែពួកគាត់ដឹកមិនសូវបានកម្រៃប៉ុន្មាននោះឡើយ។

ក្រុមរថយន្តទាំងនោះបានសង្កត់ធ្ងន់ថា ក្នុងមួយជើងៗ ពួកគាត់ត្រូវបង់អោយគ្រប់ច្រកល្ហក ទោះតិចក្តី ច្រើនក្តី ដោយឡែកខាងមន្ត្រីគយយករហូតដល់ ២០ម៉ឺនរៀល ដែលធ្វើអោយពួកគាត់មិនអាចរកសល់ បើកាត់ទៅលើការបង់ លើការចាក់ប្រេង ការហូបចុក ហើយបើសិនជាផ្ទុះកង់រថយន្តតែមួយគ្រាប់ ត្រូវដាក់ប្លង់ដីទៅធនាគារជាមិនខាន ។ ចំណុចសំខាន់គឺពួកគាត់សុំអោយខាងស្នាក់ការគយ យកត្រឹម៥ម៉ឺន សម្រាប់ក្បាលរថយន្តមួយគ្រឿង គឺសមរម្យ ដែលពួកគាត់អាចទទួលយកបាន។

ជុំវិញបញ្ហានេះដែរ យើងមិនអាចសុំការបំភ្លឺពីស្នាក់ការគយស្រុកកំរៀងបាននោះឡើយ ប៉ុន្តែដោយឡែក លោក សុខ គឹមខុន អភិបាលស្រុកកំរៀង បានបញ្ជាក់យ៉ាងខ្លីប្រាប់អ្នកព័ត៌មានថា រឿងការតវ៉ាទាមទាអោយមន្ត្រីគយ បញ្ចុះតម្លៃនេះលោកបានចុះទៅសម្របសម្រួលដល់ទីតាំងតវ៉ាហើយ តែលទ្ធផលយ៉ាងណានោះ គឺមិនទាន់ដឹងនៅឡើយទេ ដោយការសម្របសម្រួលមិនទាន់បានបញ្ចប់នៅឡើយទេ ។លោកបញ្ជាក់ថា នៅម៉ោង ២ រសៀល ថ្ងៃទី២៣កញ្ញានេះ ឯកឧត្តមអភិបាលខេត្តនឹងចាត់អោយអភិបាលរងខេត្តមួយរូបអញ្ជើញចុះទៅធ្វើការសម្របសម្រួលក្នុងរឿងនេះបន្តទៀត ជូនបងប្អូន ដឹកផ្លែឈើ ទាំងនោះ ៕