អាជ្ញាធរនិងសប្បុរសជនបាន ផ្តល់អំណោយសង្គ្រោះ ដល់ជនរងគ្រោះ ដោយអគ្គីភ័យ ម្តុំរ៉ារថភ្លើង ខេត្តបាត់ដំបង ជាបន្តបន្ទាប់

រដ្ឋបាលខេត្តបាត់ដំបង ដឹកនាំដោយឯកឧត្តមងួនរតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានយក អំណោយមួយចំនួនចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារអគ្គីភ័យជាង១០គ្រួសារនៅម្តុំរ៉ារថភ្លើង សង្កាត់ទូលតាឯក ក្រុងបាត់ដំបង នាថ្ងៃទី១៨ខែកុម្ភ។

អំណោយនាពេលនេះក្នុងមួយគ្រួសារទទួល បានស័ង្កសីចំនួន១៥សន្លឹក ព្រមទាំងថវិកាមួយចំនួនទៀត។
កាលពីថ្ងៃទី១៧កុម្ភៈ សាខាកាកបាទក្រហមខេត្តបាត់ដំបង និង តំណាង ស ស យ ក ក្រុងបាត់ដំបង ក៏បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ សម្ភារៈ បាយ ម្ហូប និងថវិការមួយចំនួនជូនដល់ជនរង គ្រោះដោយ អគ្គីភ័យខាងលើផងដែរ ។ក្រៅពីនោះក៏ឃើញ មានសប្បុរសជននានា សម្តែងក្តីអាណិតអាសូរនិងបានជួយ ផ្តល់ជាថវិការជូន ជាបន្តបន្ទាប់ផងដែរ ។

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានសម្ដែងនូវការសោកស្ដាយ ចំពោះបងប្អូនប្រជាពលរដ្ឋដែលជួបប្រទះនូវគ្រោះមហន្តរាយនេះ ហើយឯកឧត្តមក៏បានផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចក្រឡាហោមស ខេង ឧបនយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលទោះបីសម្ដេចទាំងពីរមិនបានមកជួបក្ដីក៏សម្ដេចនៅតែផ្ដាំផ្ញើសួរសុខទុក្ខផងដែរ ។

ឯកឧត្តម បានបន្តទៀតថា នេះគឺជាគ្រោះមហន្តរាយមួយដែលយើងមិននឹកស្មានដល់ ដែលធ្វើឲ្យខូចខាតទ្រព្យសម្បត្តិធ្ងន់ធ្ងរ ក៏ប៉ុន្តែក៏សូមធ្វើការកោតសរសើរដល់ប្រជាពលរដ្ឋដែលរស់នៅជុំវិញ ព្រមទាំងអាជ្ញាធរដែលបានជួយសម្របសម្រួល និងជួយគ្នាអន្តរាគមន៍ ជួយពន្លត់ភ្លើងនេះមិនឲ្យរីករាលដាលកាន់តែធំ ។

គួរបញ្ជាក់ផងដែរថា នៅព្រឹកត្រូវថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ២០ ២១ វេលាម៉ោង ០៨ និង ០៥ នាទី នៅចំណុច(បរិវេណស្ថានីយ៍រថភ្លើង)ស្ថិតក្នុង ក្រុមទី ១៧ ភូមិ ទួលតាឯក សង្កាត់ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានករណីអគ្គិភ័យមួយកើតឡើង ដែលបណ្ដាលឲ្យលំនៅដ្ឋានរបស់ប្រជាពលរដ្ឋចំនួន១៣ ខ្នងត្រូវបានអគ្គិភ័យលេបត្របាក់ ហើយក្នុងនោះមានលំនៅដ្ឋានចំនួន ០៨ខ្នងនិងទ្រព្យសម្បត្តិផងត្រូវឆេះអស់ទាំងស្រុង ប៉ុន្តែមិនមានមនុស្សណា ម្នាក់ទទួលរងរបួសឬគ្រោះថ្នាក់ដល់អាយុជីវិតឡើយ។
ដោយឡែកមូលហេតុនៃការឆាបឆេះនៅមិនទាន់ដឹងនៅឡើយទេ ៕អត្ថបទ ភី សុខ