និស្សិត និងយុវជនមួយចំនួន នៅក្រុងបាត់ដំបង កំពុងតែប្រឈម ការស្វែងរកការងារធ្វើ ព្រោះតែទីផ្សារការងារខ្លះ មិនត្រូវនឹងជំនាញរបស់ពួកគេ។ និស្សិតខ្លះទៀត មិនទាន់មានជំនាញ សមត្ថភាពគ្រប់គ្រាន់ ទាញយកការងារធ្វើបាន ដោយដឹងច្បាស់ពីទីផ្សារការងារបច្ចុប្បន្ន។
លោក សេដ្ឋា អាយុ ២៥ឆ្នាំ រស់នៅ ក្រុង បាត់ដំបង បានប្រាប់ថា៖ សង្កេតឃើញថា និស្សិតមួយកំពុងតែប្រឈម ការធ្វើការងារខុសជំនាញ។ដោយឡែកនិស្សិតមួយចំនួនទៀត បានសោកស្តាយដោយសារតែ នៅពេលសិក្សាថ្នាក់បរិញ្ញាប័ត្រ បានជ្រើសរើសរៀនជំនាញតាមគ្នា ឬត្រូវឪពុកម្តាយបង្ខំ ឲ្យរៀនជំនាញ ដែលខ្លួនមិនចូលចិត្តជាដើម។
សេដ្ឋា បន្តទៀតថា៖ នៅពេលពួកគេទាំងនោះធ្វើការខុសជំនាញបែបនេះ គឺអាចប៉ះពាល់អារម្មណ៍ផ្លូវចិត្ត មួយវិញទៀតគ្មានសម្ថតភាពគ្រប់គ្រាន់ បំពេញការងាររបស់ខ្លួនបច្ចុប្បន្ន។
ទន្ទឹមនឹងនេះ លោក នៅ ញិន នាយកវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង មានប្រសាសន៍ថា៖ នៅវិទ្យាស្ថានលោក គឺមានការផ្តល់ជំនាញជាច្រើន រហូតដល់ថ្នាក់បរិញ្ញាប័ត្ររង ដែលតម្រូវទៅតាមទីផ្សារការងារបច្ចុប្បន្ន។ ដោយឡែក ចំពោះនិស្សិតប្រឈមនឹងការស្វែងរការងារធ្វើ ឫធ្វើការងារខុសជំនាញនោះ លោកយល់ឃើញថា បើពួកគេទាំងនោះសិក្សាជំនាញឲ្យបានច្បាស់លាស់ យកចិត្តទុកដាក់ គឺគ្មានបញ្ហាទេ។
សរុបរួម និស្សិតមួយចំនួន ប្រឈមនឹងភាពគ្មានការងារធ្វើ និងធ្វើការខុសជំនាញ ដោយមូលហេតុជាច្រើនផ្សេងៗគ្នា។ ចំពោះបញ្ហានេះ រដ្ឋាភិបាលកម្ពុជាបាន នឹងកំពុងតែយកចិត្តទុកចិត្តជាខ្លាំង។
អត្ថបទ៖ លោក ហ៊ាន វាសនា