មន្ទីរសាធារណការអ៊ុតគំនូសក្រហមនៅចំណុចបំបែកជា៤ផ្លូវវាងក្រុងបាត់ដំបងដើម្បីពញ្ញាក់ស្មារតីឱ្យអ្នកបើកបរបង្កើនការប្រុងប្រយ័ត្នគ្រោះថ្នាក់ចរាចរណ៍


បាត់ដំបង៖ចំណុចផ្លូវបំបែកជា៤នៃផ្លូវវាងក្រុងបាត់ដំបងត្រូវបានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង រៀបចំអ៊ុតសញ្ញាចរាចរណ៍ជាគំនូសក្រហមដើម្បីពញ្ញាក់ស្មារតីឱ្យអ្នកបើកបរបង្កើនការប្រុងប្រយ័ត្នសំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ខណៈនៅចំណុចផ្លូវបំបែកជា៤នេះតែងកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ដែលជាការព្រួយបារម្ភ។
លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង បានពន្យល់ថា ការអ៊ុតគំនូសក្រហមនេះ គឺចង់បញ្ជាក់ឱ្យអ្នកបើកបរទាំងអស់បានដឹងថានៅខាងមុខមានផ្លូវបំបែកជា៤ ជាតំបន់គ្រោះថ្នាក់ដែលទាមទារឱ្យអ្នកបើកបរលើផ្លូវត្រូវមានការប្រុងប្រយ័ត្ន។
លោក ព្រួញ រិទ្ធថា បញ្ជាក់បន្ថែមថា ក្រៅពីអ៊ុតគំនូសក្រហមមន្ទីរសាធារណការបានបំពាក់ភ្លើងសញ្ញាចរាចរណ៍ជាច្រើនកន្លែងបន្ថែមទៀត ដើម្បីពញ្ញាក់ស្មារតីឱ្យអ្នកបើកបរបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត។
លោក ព្រួញ រិទ្ធថា ថ្លែងបន្ថែមថា បន្ទាប់ពីក្រុមការងារអ៊ុតគំនូស និងបំពាក់ភ្លើងសញ្ញាចរាចរណ៍បានរួចរាល់ មន្ទីរនឹងផ្សព្វផ្សាយបញ្ជ្រាបឱ្យប្រជាពលរដ្ឋបានយល់ដឹងបន្ថែមដើម្បីឈានទៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលកើតមានឡើងជាញឹកញាប់នៅទីនោះ។
លោក ព្រួញ រិទ្ធថា គូសបញ្ជាក់ថា រដ្ឋបាលខេត្តបាត់ដំបង ក៏ដូចជាមន្ទីរសាធារណការបានស្នើសុំទៅកាន់គម្រោងរបស់ចៃកាដើម្បីបំពាក់ភ្លើងស្ដុប៧ទីតាំងនៅលើផ្លូវវាងក្រុង ខណៈអ្នកជំនាញចៃការបានចុះសិក្សារួចរាល់គ្រោងនឹងអនុវត្តការសាងសង់ក្នុងពេលឆាប់ៗខាងមុខនេះ។
លោកប្រធានមន្ទីរ សំណូមពរដល់អ្នកដំណើរទាំងអស់ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ផ្លាកសញ្ញាចរាចរណ៍ ជាពិសេសផ្លូវអាទិភាព ដើម្បីរួមគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
សូមរំលឹកថា ផ្លូវវាងក្រុងបាត់ដំបងមានប្រវែងជាង២០គីឡូម៉ែត្រត្រូវបានដាក់ឱ្យដំណើរការកាលពីចុងឆ្នាំ២០២១ ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ក្នុងក្រុងបាត់ដំបង។ផ្លូវនេះមានដាំលម្អដើមក្ងោកនៅអមសងខាងផ្លូវរាប់ពាន់ដើម ដើម្បីការពារការទន្ទ្រានដីចំណីផ្លូវ បង្កើនសោភ័ណភាព និងជួយទាក់ទាញអ្នកបើកបរ ក៏ដូចជាអ្នកធ្វើដំណើរឱ្យទទួលបាននូវអារម្មណ៍ស្រស់ស្រាយផងដែរ៕