សមាគម​អ្នកផ្គត់ផ្គង់​ទឹកស្អាត​កម្ពុជា ចុះ​ស្រង់​យក​បទពិសោធន៍​ការផលិត​ទឹកស្អាត​តាម​ស្តង់ដារ​ជប៉ុន នៅ​អង្គភាព​រដ្ឋាករទឹក​ខេត្ត​បាត់ដំបង ក្រោម​ជំនួយ​ហិរញ្ញប្បទាន​ឥត​សំណង​របស់​រដ្ឋាភិបាល​ជប៉ុន​

 ​ដើម្បី​ចង់បាន​នូវ​បទពិសោធន៍​ក្នុងការ​ផលិត​ទឹកស្អាត​បែប​ស្តង់ដារ​ជប៉ុន​នេះ សមាគម​អ្នកផ្គត់ផ្គង់​ទឹកស្អាត​កម្ពុជា រួម​មាន​ខេត្ត​កំពង់ធំ សៀមរាប ព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បៃលិន បាត់ដំបង ពោធិសាត់ និង​ខេត្ត​កំពង់ឆ្នាំង បាន​ចុះ​បំពេញ​ទស្សនកិច្ច​សិក្សា​រៀនសូត្រ​នៅ​អង្គភាព​រដ្ឋាករទឹក​ខេត្ត​បាត់ដំបង ក្នុង​ការស្វែងយល់​អំពី​ប្រព័ន្ធ​គ្រប់ គ្រង​និង​បច្ចេកទេស​ផលិត​ទឹកស្អាត ដើម្បី​យក​ទៅ​កែលម្អ​ស្ថានីយ​របស់​ពួកគាត់​ឲ្យបាន​ល្អ ដើម្បី​ការផ្គត់ផ្គង់​ទឹកស្អាត​ដែល​មាន​គុណភាព​តាម​ស្តង់ដារ​ជប៉ុន ជូន​ប្រជាពលរដ្ឋ​នៃ​ខេត្ត​សា​ម៉ី​រៀងៗ​ខ្លួន ។​

​លោក ឈន ណា​រិទ្ធិ តំណាង​លោក អ៊ុត ក្លឹង ប្រធាន​អង្គភាព​រដ្ឋាករទឹក​ខេត្ត​បាត់ដំបង បាន​លើក​បង្ហាញ​ឲ្យដឹងថា អង្គភាព​រដ្ឋាករទឹក​ខេត្ត ក្រោម​ជំនួយ​ហិរញ្ញប្បទាន​ឥត​សំណង​របស់​រដ្ឋាភិបាល​ជប៉ុន បាន​ផ្តល់​នូវ​ការស្ថាបនា​រោងចក្រ​ផលិត​ទឹកស្អាត​មួយ​កន្លែង​ស្ថិតនៅ​ភូមិ​វត្ត​លៀប សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ដែល​បាន​កសាងឡើង​តាំងពី​ឆ្នាំ​២០១៤ និង​បាន​បញ្ចប់​ដាក់ឲ្យ​ប្រើប្រាស់​នៅក្នុង​ឆ្នាំ​២០១៦ ។​

​រោងចក្រ​ផលិត​ទឹកស្អាត​នេះ​មាន​សមត្ថភាព​អាច​ផលិត​ទឹកស្អាត​បាន​២​ម៉ឺន​២​ពាន់​ម​៣ ក្នុង​១​ថ្ងៃ ដែល​មាន​ប្រព័ន្ធ​ចែកចាយ​ប្រវែង​ជិត​៦៥​គ​.​ម ក្រៅ​ពី​ការ​ចែកចាយ​សម្រាប់​អ្នករស់នៅ​ក្នុង​ក្រុង​បាត់ដំបង នៅ​មាន​ស្រុក​ជាប់​ព្រំប្រទល់​ក្រុង​មួយចំនួន​ដូចជា ស្រុក​ថ្មគោល សង្កែ ឯក​ភ្នំ និង​ស្រុក​បាណន់​ផងដែរ ។ លោក ឈន ណា​រិទ្ធិ បានបង្ហាញ​ថា ក្នុង​រោងចក្រ​ផលិត​ទឹកស្អាត​មាន​ស្ថានីយ៍​បូក​ទឹក​ឆៅ​ពី​ស្ទឹង​សង្កែ អាង​ទទួល​ទឹក អាង​កូរ​យឺត អាង​រង​ថ្លា អាង​ច្រោះ អាង​ស្តុក ស្ថានីយ៍​បូម​ទឹកស្អាត​និង​វត្ថុ​ធា​ត​ដើម​សម្រាប់​ផលិត​ទឹតស្អាត ដែល​វត្ថុធាតុដើម​ទាំងនោះ​ត្រូវ​បាន​រក្សាទុក​នៅក្នុង​ឃ្លាំង​ដែល​មាន​សុវត្ថិភាព​មាន​ទំហំ​គ្រប់គ្រាន់​អាច​ស្តុក​វត្ថុធាតុដើម​មិន​អាច​ខ្វះ​បាន ក្នុង​ការប្រើប្រាស់​ប្រចាំ​ថ្ងៃ​និង​មាន​សីតុណ្ហភាព​ធម្មតា​គ្មាន​ទឹក​ដក់​និង​មាន​ខ្យល់​ចេញចូល​គ្រប់​គ្រាន់ ដើម្បី​ធ្វើឲ្យ​ខ្សែសង្វាក់​នៃ​ការ​ផលិត​ទឹកស្អាត​មាន​គុណភាព​ល្អ តាម​ស្តង់ដារ​បច្ចេកទេស​នៃ​ប្រទេស​ជប៉ុន ។​

​សូមបញ្ជាក់​ថា នៅក្នុង​ឆ្នាំ​២០២០​នេះ សមាគម​អ្នកផ្គត់ផ្គង់​ទឹកស្អាត​កម្ពុជា តែងតែ​បាន​រៀបចំ​ឲ្យមាន​ការជួបជុំ​សមាជិកនៅ​តាម​តំបន់​គោលដៅ ដើម្បី​បង្កើន​ទំនាក់ទំនង​រវាង​សមាជិក​និង​ថ្នាក់ដឹកនាំ​សមាគម ក៏ដូចជា​សមាជិក​និង​សមាជិក ក្នុង​ការស្វែងយល់​ពី​បញ្ហា​ប្រឈម ដែល​អាជីវករ​បាន​និង​កំពុង​ជួបប្រទះ​និង​រក​ដំណោះស្រាយ ដើម្បី​ធ្វើ​ទស្សនកិច្ច​សិក្សា​ស្វែងយល់​ពី​ស្ថានីយ៍​ទឹកស្អាត ដែល​មាន​គុណភាព​ស្តង់ដារ​ទឹក​ស្អាត​ជប៉ុន ដូចជា​អង្គភាព​រដ្ឋាករទឹក​ខេត្ត​បាត់ដំបង ដើម្បី​ធ្វើការ​ចែករំលែក​ចំណេះដឹង និង​បទពិសោធន៍​លើ​អាជីវកម្ម​ផ្គត់ផ្គង់​ទឹកស្អាត ក្នុង​ការកែលំអ​ការផលិត​ទឹកស្អាត​ផ្គត់ផ្គង់​ដល់​អតិថិជន​របស់​អង្គភាព​សា​ម៉ី ។ សមាគម​អ្នកផ្គត់ផ្គង់​ទឹកស្អាត​កម្ពុជា បាន​រៀបចំ​កម្មវិធី​ជួបជុំ​តាម​តំបន់ បែប​នេះ​បាន​ចំនួន​២​លើក​រួចមកហើយ គឺ​នៅ​ខេត្ត​កណ្តាល​និង​ខេត្ត​កំពង់ចាម ហើយ​នេះ​ជា​ការជួបជុំ​លើកចុងក្រោយ​សម្រាប់​ឆ្នាំ​២០២០ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ខេត្ត​បាត់ដំបង​នាពេលនេះ ។​

​ជប៉ុន​ជា​ប្រទេស​ដៃគូរ​អភិវឌ្ឍន៍​ដ៏​សំខាន់​របស់​ព្រះរាជាណាចក្រ​កម្ពុជា ក្រៅ​ពី​ការងារ​ជួយ​អភិវឌ្ឍន៍​លើ​វិស័យ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​សង្គម​ជាតិ​នោះ ប្រព័ន្ធ​ទឹក​ស្អាត​គឺជា​ផ្នែក​មួយ​របស់​ជប៉ុន ដែល​បាន​ជួយ​លើកកម្ពស់​ដល់​សុខភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា ដោយ​បាន​ជួយ​ឧបត្ថម្ភ​គាំទ្រ​ផ្នែក​ជំនួយ​ហិរញ្ញាប្បទាន​ឥត​សំណង ក្នុង​ការស្ថាបនា​រោងចក្រ​ផលិត​ទឹកស្អាត​មួយ​កន្លែង​នៅក្នុង​អង្គភាព​រដ្ឋាករទឹក​ខេត្ត​នៃ​មន្ទីរ​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា​និង​នវានុវត្តន៍​ខេត្តបាត់ដំបង ដើម្បី​ផលិត​ទឹកស្អាត​ចែកជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​ប្រចាំថ្ងៃ ដែល​ការផលិត​ទឹកស្អាត​នេះ​បាន​ធ្វើឡើង​ស្រប​តាម​ស្តង់ដារ​នៃ​ប្រទេស​ជប៉ុន ។​

……………………
​អត្ថបទ រូបភាព លោក គួ​យ គឹម​ស៊ន​