កម្លាំងទឹកភ្លៀងធ្លាក់ពីភ្នំ បំផ្លាញផ្ទះពលករខ្មែរ ដោយបានកួចយកឪពុក និង កូនតូចទៅជាមួយ

Phy Sok, [27.08.21 08:55]

    

ជំនន់ទឹកភ្លៀងមួយបានកើតឡើង បានហូរទម្លាក់ពីលើភ្នំបំផ្លាញផ្ទះពលករខ្មែរដែលសង់នៅក្បែរចង្កេះភ្នំខ្ទេចមួយខ្នងហើយ កម្លាំងទឹកនាំឪពុកនិងកូនតូចដែលកំពុងលង់លក់ទៅជាមួយ ចំណែកស្រ្តីជាប្រពន្ធកប់នៅក្នុងភក់រងរបួសធ្ងន់។ហេតុការណ៍នេះកើតឡើងនៅចំណុចភូមិ៤ ឃុំសំណាក់ថង ស្រុកមឿង ខេត្តរ៉ាក់យ៉ង ប្រទេសថៃ នាម៉ោង៤និង៣០នាទី ទៀបភ្លឺថ្ងៃទី២៦ខែសីហា។

ប្រភពព័ត៌មានថៃអោយដឹងថានៅពេលនោះទាំងអាជ្ញាធរ ក៏ដូចជាប្រជាពលរដ្ឋ និងក្រុមគ្រូពេទ្យតំបន់នោះ បានតាមរកឪពុកនិងកូនដែលបានបាត់ខ្លួនទៅតាមទឹក ទីបំផុតក៏បានឃើញសពឪពុកដែលមានឈ្មោះ ឆាយ អាយុ ២២ ឆ្នាំ បានស្លាប់ជាប់នឹងគល់ឈើធំមួយក្នុងសភាពគ្មានសម្លៀក បំពាក់ដោយសារកម្លាំងទឹក ដោយឡែកកូនប្រុសអាយុ ២ ឆ្នាំ គឺរកមិនទាន់ឃើញនៅឡើយ ដោយសារតែទឹកកំពុងហូរបន្តកាត់ទីប្រជុំជនក្នុងឃុំ សំណាក់ថង នៅឡើយ។

តាមការរៀបរាប់ពីលោក កួន ដែលត្រូវជាឪពុកបង្កើតរបស់សពបាននិយាយថា ពួកគេបានសង់ផ្ទះនៅជើងភ្នំដូចគ្នាតែនៅឆ្ងាយពីគ្នា ដោយមានការងារជាអ្នកចៀជ័រកៅស៊ូ ។

លោកបានបន្តថា នៅយប់កើតហេតុប្រហែងជាម៉ោង១ រំលងអាធ្រាត្រ គឺមានភ្លៀងធ្លាក់មកយ៉ាងខ្លាំងលុះពេលទៀបភ្លឺក៏ឮសន្ធឹកទឹកធ្លាក់ពីលើភ្នំតែម្តង ហើយក៏បានកួចចំផ្ទះកូនរបស់ខ្លួនទៅជាមួយ។ សមត្ថកិច្ចបានសន្និដ្ឋានថា កូនប្រុសអាចត្រូវឪពុកឱបជាប់នឹងទ្រូង ពេលទឹកកួច ហើយក៏ត្រូវរបូតទៅវិញពេលដែលខ្លួនបានស្លាប់ជាប់នឹងគល់ឈើ ឯកូនប្រុសក៏អាចត្រូវខ្សែទឹកកួចនាំយកទៅបន្តទៀត ដោយពេលនេះ ទាំងពលរដ្ឋក៏ដូចជាសមត្ថកិច្ចកំពុងតាមរកនៅឡើយ ៕ អត្ថបទ : ភី សុខ