រាជរដ្ឋាភិបាល និង នាកដ្ឋានពន្ធដា បានចេញច្បាប់និងបទបញ្ញត្តិមួយចំនួនលើកទឹកចិត្តផ្នែកពន្ធដាដល់ម្ចាស់សហគ្រាសធនតូច និង មធ្យម ដោយផ្តោតលើវិស័យអាទិភាពមួយចំនួន ដើម្បីពង្រឹងការអភិវឌ្ឍន៍លើវិស័យទាំងនោះ។
កាលពីថ្ងៃទី ២ ខែកក្កដា អគ្គនាយកដ្ឋានពន្ធដារ បានសហការជាមួយរដ្ឋបាលខេត្តបាត់ដំបង រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី ច្បាប់ និង បទប្បញ្ញតិ្តនានា សេចក្តីណែនាំថ្មីៗ និង ការលើកទឹកចិត្តផ្នែកពន្ធដារ ក្នុងវិស័យអាទិភាព សម្រាប់អ្នកជាប់ពន្ធតូច និងមធ្យម នៅសាលាខេត្តបាត់ដំបង ។ សិក្ខាសាលានេះមានគោលបំណង ដើម្បីផ្សព្វផ្សាយ និងលើកកម្ពស់ការអភិវឌ្ឍសហគ្រាស់ធុនតូច និង មធ្យម ដើម្បីបង្កើតការងារ និងបង្កើនសមត្ថភាពផលិតកម្មក្នុងស្រុក ក្នុងគោលដៅកំណត់លក្ខខណ្ឌ សម្រាប់ផ្តល់ការលើទឹកចិត្តផ្នែកពន្ធដារ ដែលមានវិសាលភាពអនុវត្តចំពោះតែសហគ្រាសធុនតូច និង មធ្យមក្នុងវិស័យអាទិភាព។
វិស័យអាទិភាពទាំងនោះរួមមាន ៖
១៖ ផលិតផលកសិកម្ម ឬកសិ-ឧស្សាហកម្ម។
២៖ ផលិត និងកែច្នៃម្ហូបអាហារ។
៣៖ កម្មន្តសាលដែលផលិតទំនិញប្រើប្រាស់ក្នុងស្រុក, កែច្នៃកាកសំណល់, និងផលិតទំនិញសម្រាប់វិស័យទេសចរណ៍។
៤៖ កម្មន្តសាលដែលផលិតនូវផលិតផលសម្រេច ឬផ្នែក ឬគ្រឿងបង្គុំ ដើម្បីផ្គត់ផ្គង់ឱ្យកម្មន្តសាលដទៃទៀត។
៥៖ ស្រាវជ្រាវ និង អភិវឌ្ឍបច្ចេកវិទ្យាព័ត៌មាន រួមទាំងការផ្គត់ផ្គង់សេវាគ្រប់គ្រងតាមប្រព័ន្ធបច្ចេក-វិទ្យាព័ត៌មាន ដែលមានលក្ខណៈនវានុវត្តន៍។
៦៖ សហគ្រាសដែលស្ថិតក្នុងតំបន់ប្រមូលផ្តុំសហគ្រាសធុនតូច និងមធ្យម, និង សហគ្រាសដែលអភិវឌ្ឍតំបន់នេះ ។
សូមបញ្ជាក់ថា វិស័យអាទិភាពទាំងនេះ មិនរួមបញ្ចូលវិស័យដែលប៉ះពាល់ដល់សន្តិសុខសង្គម សុខភាព និងបរិស្ថាន នោះទេ ។
សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យដូចបានរៀបរាប់ខាងលើអាចទទួលបាននូវការលើកទឹកចិត្តដូចជា៖
១៖ លើកលែងពន្ធលើប្រាក់ចំណូលចំនួន៣ឆ្នាំ ដោយគិតចាប់ពីថ្ងៃដែលចុះបញ្ជីពន្ធដារសម្រាប់សហគ្រាស ចុះបញ្ជីថ្មី ឬចាប់ពីថ្ងៃដែលសហគ្រាសមកធ្វើបច្ចុប្បន្នកម្មសម្រាប់សហគ្រាសដែលបានចុះបញ្ជីពន្ធដាររួចហើយ ចាប់ពីពេលអនុក្រឹត្យនេះចូលជាធរមាន។
២៖ លើកលែងពន្ធលើប្រាក់ចំណូលរយៈពេល៥ឆ្នាំ ដោយគិតចាប់ពីថ្ងៃដែលចុះបញ្ជីពន្ធដារសម្រាប់ សហគ្រាសចុះបញ្ជីថ្មី ឬ ចាប់ពីថ្ងៃដែលសហគ្រាសមកធ្វើបច្ចុប្បន្នកម្មសម្រាប់សហគ្រាសដែលបានចុះបញ្ជីពន្ធដាររួចហើយ ចាប់ពីពេលអនុក្រឹត្យនេះចូលជាធរមាន ដែលបំពេញលក្ខខណ្ឌណាមួយ ដូចខាងក្រោម៖ ប្រើវត្ថុធាតុដើមក្នុងស្រុក ចាប់ពី ៦០%ឡើងទៅ ឬបង្កើនចំនួននិយោជិតបន្ថែមយ៉ាងតិច២០% ឬមានទីតាំងក្នុងតំបន់ប្រមូលផ្តុំសហគ្រាសធុនតូច និងមធ្យម (SME Cluster)។
៣៖ លើកលែងការបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណូល និងពន្ធអប្បរមា ក្នុងរយៈពេលលើកលែងពន្ធលើប្រាក់ចំណូល ។
៤៖ លើកទឹកចិត្តចំណាយដែលអាចកាត់កងបាន ដូចខាងក្រោម៖ ក៖ អនុញ្ញាតកាត់កងចំណាយ ២០០% ចំពោះចំណាយលើការប្រើប្រាស់បញ្ជីគណនេយ្យតាមប្រព័ន្ធបច្ចេក-វិទ្យាព័ត៌មាន, ខ៖ អនុញ្ញាតកាត់កងចំណាយ ២០០% ចំពោះចំណាយលើការបណ្តុះបណ្តាលការកាន់បញ្ជី គណនេយ្យ ឬ ការបណ្តុះបណ្តាលជំនាញបច្ចេកទេសដល់និយោជិត, និងគ៖ អនុញ្ញាតកាត់កងចំណាយ១៥០% ចំពោះចំណាយវិនិយោគលើម៉ាស៊ីន ឬឧបករណ៍បច្ចេកវិទ្យា ដែលមានលក្ខណៈនវានុវត្តន៍ សម្រាប់បម្រើនិងលើកកម្ពស់ផលិតភាពផលិតកម្ម ។
អត្ថបទ៖ កញ្ញា ឌិន មករា