ថ្នាក់ដឹកនាំសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងបាននាំ ទេយ្យទាន

Phy Sok, [12.08.21 12:34]


ថ្នាក់ដឹកនាំសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងបាននាំ ទេយ្យទាន គ្រឿងបរិក្ខាមួយចំនួនប្រគេនចំពោះ ព្រះសង្ឃចំនួន១៥៤ អង្គ ដែលគង់ចាំព្រះវស្សានៅវត្តពោធ្យារាម ឃុំគារ ស្រុកមោងឬស្សី ខេត្តបាត់ដំបង ដែលកំពុងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃក្រោយប៉ះពាល់ប្រយោលជាមួយព្រះងស្ឃ ១អង្គដែលមានវិជ្ជាមានកូវីដ-១៩

បាត់ដំបង,៖ នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១នេះក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំនង ដឹកនាំដោយ ឯកឧត្តម អ៊ុយ រី អនុប្រធានកិត្តិយសសាខា និងសហការី បាននាំយកទេយ្យទាន គ្រឿងបរិក្ខា ដែលអំណោយ មនុស្សធម៌របស់សាខាខេត្ត ប្រគេនចំពោះ ព្រះសង្ឃចំនួន១៥៤អង្គ ដែលកំពុងជួបការលំបាក់ក្នុងផ្គត់ផ្គង់ចង្ហាន់ព្រះសង្ឃ ក្នុងខណៈដែលព្រះសង្ឃ គង់ចាំព្រះវស្សានៅវត្តពោធ្យារាម ឃុំគារ ស្រុកមោងឬស្សី ខេត្តបាត់ដំបង ដែលកំពុងធ្វើចត្តាឡីស័កក្រោយពេលដែលប៉ះពាល់ប្រយោលនិងផ្ទាល់ជាមួយព្រះសង្ឃ ១អង្គដែលមានវិជ្ជាមានកូវីដ-១៩ ។


នាឱកាសនោះ ឯកឧត្តមអ៊ុយ រី អនុប្រធានប្រធានកិត្តិយសសាខា បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចទាំងទ្វេតែងតែយកចិត្តទុកដាក់គិតគូរ ចំពោះសុខទុក្ខ ព្រះសង្ឃ និងប្រជាពលរដ្ឋគ្រប់ទិសទី សម្តេច តែងបានចាត់តំណាង ចុះអន្តរាគមន៍ ផ្តល់ជំនួយសង្រ្គោះ ជួយសម្រាលទុក្ខលំបាក ទាន់ពេលវេលា តាមទិសស្លោក “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ” ។


គូបញ្ជាក់ឲ្យដឹងថា ព្រះសង្ឃដែលត្រូវធ្វើចត្តាឡីស័ក មានចំនួន១៥៤អង្គ ដែលជាអ្នកប៉ះពាល់ ដោយប្រយោលនិងផ្ទាល់ ជាមួយព្រះសង្ឃ១អង្គដែលកើតជម្ងឺកូវីដ ១៩ ហើយ ត្រូវធ្វើ ចត្តាឡីស័ករយៈពេល១៤ថ្ងៃចាប់ពីថ្ងៃទី០៩ ខែសីហានឹងត្រូវបញ្ចប់ ចត្តាឡីស័កនៅថ្ងៃទី២៣ ខែសីហាឆ្នាំ២០២១ ខាងមុខនេះ។

ក្រោយពីរកឃើញព្រះសង្ឃ១អង្គ ដែលវិជ្ជាមានកូវីដ-១៩ ខាងលើកនោះភ្លាម រដ្ឋបាលស្រុក បានរៀបចំវិធានការទប់ស្កាត់ដោយនិមន្តព្រះសង្ឃ១អង្គដែលវិជ្ជាមានទៅព្យាបាលនៅក្នុងកុដិដាច់ដោយឡែក ។ ដោយឡែកព្រះសង្ឃប៉ះពាល់ផ្ទាល់ និងប្រយោល ត្រូវបិទខ្ទប់ក្នុងបរិវេណវត្តពោធ្យារាម ដោយមិនអនុញ្ញាតឲ្យនិមន្តចេញក្រៅវត្តនោះទេ ពោលគឺ រង់ចាំ រយៈពេល ១៤ថ្ងៃ ទើបអនុញ្ញាតឲ្យបើកវត្តធម្មតាឡើងវិញ ។

ស្ថិតក្នុងឱកាសនោះ ឯកឧត្តម អ៊ុយ រី មានប្រសាសន៍ថា ការធ្វើចត្តាឡីស័កនេះ គឺស្របតាមគោលការណ៍របស់ក្រសួងសុខាភិបាល និងសេចក្ដីណែនាំ របស់រាជរដ្ឋាភិបាល ដើម្បី ទប់ស្កាត់ការឆ្លងរីករាលដាល នៃជម្ងឺកូវីដ ១៩ ។ ឯកឧត្តម ក៏បានកោតសរសើរ ដល់អាជ្ញាធរមូលដ្ឋាន ដែលបានយកចិត្តទុកដាក់ ចំពោះសុខទុក្ខ ព្រះសង្ឃ និងបងប្អូនប្រជាពលរដ្ឋ ដែលបានធ្វើចត្តាឡីស័ក និងបានរាយការណ៍ជូន រដ្ឋបាលខេត្ត និងសាខាកាកបាទក្រហមកម្ពុជាខេត្ត ដើម្បីនាំយកទេយ្យទាន និងអំណោយមកប្រគេនព្រះសង្ឃ បានទាន់ពេលវេលា បើទោះបីជាគ្រឿងបរិក្ខានេះ មិនមានច្រើន ក៏ពិតមែន ក៏ប៉ុន្តែ វាអាចដោះស្រាយជីវភាព ចង្ហាន់បានមួយរយៈពេល ផងដែរ ខណៈដែលមិន អាចចេញទៅក្រៅ និមន្តបិណ្ឌបាត្របាន។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមក៏បានផ្តាំផ្ញើទៅព្រះសង្ឃទាំងអស់ សូមនិមន្តទៅទទួលការចាក់វ៉ាក់សាំងបង្ការ ទាំងអស់គ្នា ដើម្បីការពារខ្លួនពីជម្ងឺកូវីដ ១៩ នេះ ទៅក្នុងសហគមន៍ ក៏ដូចជា ក្នុងប្រទេសកម្ពុជាទាំងមូល ផងដែរ ។

គួរបញ្ជាក់ថា ទេយ្យទានដែលបានប្រគេនព្រះសង្ឃចំនួន១៥៤អង្គខាងលើ ទទួលបាន អង្ករ ១០ការ៉ុង(២៥០kg) ទឹកបរិសុទ្ធវីឃែរ ២០កេស មី៥កេស ទឹកត្រី ទឹកស៊ីអ៊ីវ ២០យួរ ត្រីងៀត ចំនួន ១០គីឡូក្រាម ម៉ាស់ ៤ប្រអប់ ទឹកអាល់កុល ១ដប និងបច្ច័យចំនួន ៥០ម៉ឺនរៀលផងដែរ ៕ក្នុងនោះអនុសាខាស្រុកមោងឬស្សីបានបន្ថែម ស្ករស ចំនួន២០kg ទឹកដោះគោខាប់ ១កេសផងដែរ។