ខេត្តបាត់ដំបង ប្រារព្ធ​ពិធី​អបអរសាទរ ខួប​លើក​ទី ១៥៦ ទិវា​ពិភពលោក កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ឆ្នាំ ២០១៩ ក្រោម​ប្រធានបទ ” ខ្ញុំ​ស្រឡាញ់​កាកបាទក្រហមកម្ពុជា​”

ពិធី​នេះ​បានរៀបចំ​ធ្វើ​នៅ​ព្រឹក​ថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ២០១៩ នៅ​សាល​មហោស្រព​ស្ទឹង​សង្កែ ខេត្តបាត់ដំបង ក្រោម​ធិបតី​ភាព ដ៏​ខ្ពង់ខ្ពស់ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ ព្រមទាំង​មានការ​អញ្ជើញ​ចូលរួម​ពី ឯកឧត្តម លោក ជំទាវ លោក​លោកស្រី មន្ត្រីរាជការ សមាជិក សមាជិកា សប្បុរសជន គ្រប់​មជ្ឈដ្ឋាន ភ្ញៀវ​ជាតិ និង​អន្តរជាតិ ប្រមាណ ជិត ២.០០០ នាក់​។​

ខ្លឹមសារ នៃ​សុន្ទរកថា​ស្វាគមន៍ និង​របាយការណ៍​រប​ស់ ឯកឧត្តម បណ្ឌិត ប៊ុត គឹមស៊ាន ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត បាត់ដំបង បាន​ថ្លែង​បញ្ជាក់ថា ក្រោម​ការចង្អុលបង្ហាញ និង​ការឧបត្ថម្ភ គាំទ្រ​គ្រឹះ ដ៏​រឹងមាំ របស់​សម្តេច កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា និង សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ ចលនា និង ​សកម្មភាព​របស់​កាកបាទ​ក្រហម​កម្ពុជា ខេត្តបាត់ដំបង​មានការ​អភិវឌ្ឍន៍​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់ ព្រមទាំង​មានការ​ចូលរួម​ពី រដ្ឋបាល​គ្រប់​ជាន់ថ្នាក់ ពី​អង្គភាព​នានា និង​សប្បុរសជន​ទាំងអស់ បានបង្ហាញ​ឲ្យ​ឃើញ នូវ​ជំនឿ​ទុកចិត្ត ចំការ​ដឹកនាំ គ្រប់គ្រង ប្រកបដោយ​តម្លាភាព គណនេយ្យភាព ផ្តល់នូវ​សេវាកម្ម មនុស្សធម៌​ដោយ​ប្រសិទ្ធភាព និង​ទាន់ពេលវេលា ក្នុង​ការជួយ ជនរងគ្រោះ ជន​ងាយ​រងគ្រោះ ជនក្រីក្រ និង​ប្រជាពលរដ្ឋ ជួប​វិ​ប​ត្ត​ផ្សេង​ដោយ​ឈរលើ​គោលការណ៍​គ្រឹះ​ទាំង ៧ ។​

​អំ​ណាន នូវ សេចក្តីថ្លែងការណ៍ របស់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដោយ ឯកឧត្តម ងួន រតនៈ អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​ជា​អនុប្រធាន កិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ខ្លឹមសារ​នៃ​អនុសាសន៍ បាន​សង្ក​ន់​ធ្ងន់ ត្រូវ​យកចិត្តទុកដាក់ តាមដាន​ព័ត៌មាន គ្រប់​ជ្រុងជ្រោយ និង​ក្តាប់​ឲ្យ​បាន​ស្ថានភាព​ងាយ​រងគ្រោះ​នៅតាម​សហគមន៍ និង​ត្រូវ​មានមុខ​ភ្លាមៗ នៅពេល​មាន​មហន្តរាយ​កើតឡើង យកចិត្តទុកដាក់ និង​ដោះស្រាយ​ឲ្យ​អស់​លទ្ធភាព​ក្នុងការ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ ។​

​មានប្រសាសន៍​សំណេះសំណាល ក្នុងឱកាស ដ៏​ថ្លៃថ្លា​នេះ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​បាន កោតសរសើរ​ចំពោះ​ថ្នាក់ដឹកនាំ សមាជិក​សមាជិកា នៃ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបាត់ដំបង និង​សប្បុរសជន ដែល​បាន​បង្កើត នូវ​ព្រឹត្តិការណ៍​នេះ​ឡើង ហើយ​បានបង្ហាញ អំពី​សាមគ្គី​ភាពជា​ធ្លុង​មួយ ធ្វើ​ឲ្យ​ដំណើរការ នៃ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបាត់ដំបង ទទួលបាន​ជោគជ័យ​យ៉ាង​ត្រចះត្រចង់​កន្លងមក​។​

សម្តេច បាន​ផ្តល់នូវ​អនុសាសន៍ សំខាន់ៗ​ដើម្បី​រួមចំណែក​គាំទ្រ សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបាត់ដំបង ក្នុងការ ដឹកនាំ​គ្រប់គ្រង និង​បំពេញភារកិច្ច តួនាទី ដោយ​ឈរលើ​ស្មារតី​យកចិត្តទុកដាក់​ទទួល​ខុសត្រូវ​ខ្ពស់ ជួយ​ដល់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​គ្រោះធម្មជាតិ និង​គ្រោះមហន្តរាយ​ផ្សេងៗ ឲ្យ​បាន​ទាន់ពេលវេលា ។​

សូមបញ្ជាក់ថា ថវិកា​ដែល​ទទួលបាន​ពី​ការ​ប្រារព្ធ​ពិធី​នេះ សរុប​មាន​ចំនួន​: ១.៨១៩.៧៦០,២៥ ដុល្លារ​អាមេរិក ។​

អត្ថបទ៖ លោក សាន់ ឈង