ពលរដ្ឋ៤ភូមិ រស់នៅក្នុងឃុំត្រាងស្នើរអាជ្ញាធរឲ្យដាក់ផ្លាកសញ្ញាចរាចរណ៍តាមដងផ្លូវដើម្បីបង្ការគ្រោះថ្នាក់

បាត់ដំបង៖ ពលរដ្ឋ៤ភូមិ ស្ថិតក្នុងឃុំត្រាង ស្រុកកំរៀង ខេត្ដបាត់ដំបង បានស្នើរដល់អាជ្ញាធរពាក់ព័ន្ធពិនិត្យ មើលថ្នល់មួយខ្សែដែលចុះមកពីផ្លូវជាតិ ពីចំនុចភូមិត្រាង ដល់ភូមិភ្នំមួយរយ ដោយសារផ្លូវមានកែងច្រើនបាំងព្រៃ ដីហុយ និងគ្មានផ្លាកសញ្ញាចរាចរណ៍ ។

ពលរដ្ឋ ៤ភូមិ ក្នុងឃុំត្រាងសំនូមពរដល់អាជ្ញាធរពាក់ព័ន្ធ ចុះពិនិត្យ សម្រួលជូនដល់ពលរដ្ឋ អំពីផ្លូវថ្នល់មួយខ្សែរនេះ ដើម្បីសុវត្ថិភាពរួម ជាពិសេសផ្លាកសញ្ញាតាមតំបន់ វត្ដអារាម សាលារៀន និងផ្លូវកែងដែលបង្កគ្រោះថ្នាក់ញឹកញាប់បំផុត។ ពលរដ្ឋរស់នៅភូមិអូចំបក់លើ ក៏បានប្រាប់ឱ្យដឹងថា តាំងពីផ្លូវធ្វើស្រួលបានមួយរយះមកពេលត្រូវភ្លៀង ហើយឡានធំបើកឆ្លងកាត់មានក្រឡុកតូចៗ ក៏មានអតីតព្រះចៅអធិការវត្ដអូចំបក់ដឹកនាំអ្នកភូមិដឹកដីចាក់បំពេញដើម្បីបានស្រួលធ្វើដំណើរ ។
លោកបន្តថា ផ្លូវថ្នល់ក្រាលដីថ្មធំៗ មិនបានប៉ុន្មានក៏ឡើងក្បាលថ្ម ធ្វើឱ្យពិបាកធ្វើដំណើរ ពេលខ្លះជិះម៉ូតូដួល ហើយដោយសារផ្លូវមាន កាច់កែងច្រើនបាំងព្រៃតាមចញ្ចើមផ្លូវ គ្មានផ្លាកសញ្ញាសំគាល់ ឬទួលដើម្បីបន្ថយល្បឿន និងដីហុយ ទើបបណ្ដាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ ពេលខ្លះឈានដល់បាត់បង់ជីវិតផងក៏មាន ។

លោកបានបន្ថែមថា ពេលខ្លះផ្លូវថ្នល់តូចចង្អៀតនេះមានប្រភេទឡានធំចូល ឡានមួយគឺពេញផ្លូវតែម្ដង ហើយបណ្ដាលឱ្យដីហុយខ្លាំង ប៉ះពាល់ដល់សុខភាពក្មេងតូចៗ និងចាស់ជរាផងដែរ ។
ពលរដ្ឋម្នាក់រស់នៅភូមិអូចំបក់ក្រោម ឃុំត្រាង អោយដឹងថាកាលពីដើមឡើយផ្លូវថ្នល់មួយខ្សែនេះពិបាកធ្វើដំណើរ គឺមានក្រឡុកជ្រៅ តាំងពីចុះពីផ្លូវកៅស៊ូមក។ ពលរដ្ឋដដែលបន្តថា ៖«កាលផ្លូវនៅពិបាកបើសិនជាអ្នកភូមិអូចំបក់ និងភូមិភ្នំមួយរយ ចង់ទៅផ្សារទិញអីវ៉ាន់ត្រូវប្រើពេលអស់ជិតពេញមួយថ្ងៃទើបអាចត្រឡប់មកដល់ផ្ទះវិញ» ៕
លោក បាន ធារ៉ា សារព័ត៌មានប្រជាពលរដ្ឋ