អភិបាលក្រុង​បាត់ដំបង​៖ នឹង​ផ្អាក​អាជីវកម្ម បើ​ភោជនីយដ្ឋាន អាហា​រដ្ឋា​ន ផាប់​កំសាន្ត​រាត្រី បំពង​សំឡេង​ខ្លាំង​ប៉ះពាល់​ពលរដ្ឋ​រស់នៅ​ជុំវិញ​

លោក ផេង សិទ្ធី អភិបាលក្រុង​បាត់ដំបង បាន​មានប្រសាសន៍​ក្នុង​កម្មវិធី​សន្ទនា​មតិ ព្រឹក​ថ្ងៃទី​១៧ ខែ កក្កដា ឆ្នាំ​២០១៩​នេះ​ថា​៖ នឹង​ផ្អាក​អា​ជីក​ម្ម ចំពោះ​ការបើក​ភោជនីយដ្ឋាន អាហា​រដ្ឋា​ន ផាប់​កំសាន្ត​ពេល​រាត្រី ដែល​ចាក់​ភ្លេង ប្រគុំ​តន្ត្រី បំពង​សំឡេង ប៉ះពាល់​ដល់​របស់​ពល​រដ្ឋ រស់​នៅក្បែរនោះ​។​

លោកអភិបាលក្រុង​បាត់ដំបង បាន​បន្តទៀតថា​៖ រដ្ឋបាល​ក្រុង​បាត់ដំបង គឺ​តែងតែ​តាមដាន និង​បាន​ជូនដំណឹង​ដល់​ម្ចាស់​ភោជនីយដ្ឋាន ផាប់​កំសាន្ត​ពេល​រាត្រី​ទាំងអស់ ពី​ការ​បំពង​សំឡេង ការចាក់​ភ្លេង និង​ការប្រគុំ​តន្ត្រី ឲ្យ​គោរព​ទៅតាម​ច្បាប់​កំណត់​ឲ្យ​បាន​ត្រឹមត្រូវ​។ ម្យ៉ាងវិញទៀត មុន​ឈានដល់​ការផ្អាក​អាជីវកម្ម​ទាំងនោះ​ដោយសារ​ការរំខាន​ដោយ​សំឡេង រដ្ឋបាល​ក្រុង បានធ្វើ​ការណែនាំ​ម្តង​ជា​ពីរ​ម្តង ហើយ​បើ​ម្ចាស់​អាជីវកម្ម​នោះ​មិន​ស្តាប់ ទើប​អនុវត្តន៍​តាមច្បាប់​។​

គួរបញ្ជាក់​ផងដែរ ការឆ្លើយតប​បែបនេះ បន្ទាប់ពី​ប្រជាពលរដ្ឋ​មួយចំនួន​រស់នៅ ក្រុង​បាត់ដំបង បាន​ត្អូញត្អែរ ចំពោះ​ការចាក់​ភ្លេង និង​ការប្រគុំ​តន្ត្រី​តាម​កន្លែង​កំសាន្ត​ទាំងនោះ បានធ្វើ​ឲ្យ​ផលប៉ះពាល់ ប្រចាំថ្ងៃ រហូតដល់​ប្រជាពលរដ្ឋ​ខ្លះទៀត បានដាក់​ពាក្យបណ្តឹង​ទៅកាន់​អាជ្ញាធរ​ទៀតផង​។​

អត្ថបទ ហ៊ាន វាសនា​