ថ្នាក់ដឹកនាំខេត្តបាត់ដំបងជំរុញកងកម្លាំងតាមព្រំប្រទល់រឹតបន្តឹងការត្រួតពិនិត្យកុំឲ្យមានករណីបង្កប់មនុស្សលួចឆ្លងខេត្ត

Phy Sok, [06.08.21 10:01]


អភិបាលខេត្តបាត់ដំបង បានធ្វើការជំរុញទៅកាន់កងកម្លាំងប្រចាំការនៅតាមព្រំប្រទល់ទាំងអស់ ត្រូវបន្តរឹតបន្តឹងការត្រួតពិនិត្យរាល់ការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយទៀត ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩បំប្លែងខ្លួនថ្មីប្រភេទDelta។

ក្នុងឱកាសអញ្ជើញចុះត្រួតពិនិត្យស្ថានភាពទូទៅ នៅក្នុងភូមិសាស្រ្តស្រុកថ្មគោល និងស្រុកបវេល ដែលមានព្រំប្រទល់ជាប់ខេត្តបន្ទាយមានជ័យ និង ស្រុកកំរៀង ជាប់ខេត្តប៉ៃលិន នៅរសៀលថ្ងៃទី៥ ខែ សីហា ឆ្នាំ ២០២១ ឯកឧត្តម ងួន រតនៈ បានណែនាំឲ្យកងកម្លាំងប្រចាំការទាំងអស់ត្រូវធ្វើយ៉ាងណារឹតបន្តឹងការត្រួតពិនិត្យ ឲ្យបានហ្មត់ចត់ដើម្បីធ្វើយ៉ាងណាកុំឲ្យមានការបង្កប់មនុស្សតាមរថយន្តដឹកទំនិញ និងរថយន្តតាក់ស៊ីឆ្លងពីខេត្តមួយទៅខេត្តមួយទៀត។

ការពង្រឹងការត្រួតពិនិត្យនេះដើម្បីទប់ស្កាត់ពីការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ បំប្លែងថ្មីប្រភេទDelta ដែលកន្លងមក ជំងឺនេះបាននាំចូលនិងឆ្លងចូលក្នុងសហគមន៍ ដោយសារតែលំហូរបងប្អូនពលករខ្មែរវិលត្រឡប់មកពីប្រទេសថៃច្រើន ហើយពួកគាត់ទាំងនោះបានគេចវេសពីការត្រួតពិនិត្យរបស់កម្លាំងសមត្ថកិច្ចនៅតាមមាត់ច្រកព្រំដែនហើយបន្លំខ្លួនធ្វើដំណើរទៅកាន់ស្រុកកំណើតរបស់ខ្លួន ដែលអាចបង្កហានិភ័យនៃការឆ្លង និងចម្លងជំងឺកូវីដ១៩នេះ។

ឯកឧត្តម ងួន រតនៈ ក៏បានក្តាប់នូវសំណូមពរពីក្រុមការងារតាមគោលដៅទាំងអស់ ដើម្បីរកដំណោះស្រាយ និងដាក់ចេញនូវវិធានការថ្មីបន្ថែមទៀតក្នុងការអនុវត្តន៍វិធានការបិទខ្ទប់ឲ្យមានប្រសិទ្ធភាព និងសម្រេចជោគជ័យក្នុងការផ្តាច់ការឆ្លងរាតត្បាតជំងឺកូវីដ១៩ ក្នុងសហគមន៍។

ចាប់តាំងពីមានការរីករាលដាលជំងឺកូវីដ១៩នៅកម្ពុជារហូតមកដល់ពេលនេះ ខេត្តបាត់ដំបងបាន រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៣ ៩២៩នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន២ ៣៤២នាក់ កំពុងសម្រាកព្យាបាលចំនួន ១ ៥៤០នាក់ និងស្លាប់៤៧នាក់។ដោយឡែកសម្រាប់ថ្ងៃទី៥ ខែ សីហា ឆ្នាំ ២០២១ ខេត្តបាត់ដំបង បារកឃើញករណី វិជ្ជមានកូវីដ១៩ ចំនួន១០៨នាក់ថ្មី ករណីជាសះស្បើយ១១១នាក់ និងស្លាប់២នាក់ ដែលជាតួលេខមួយមានអត្រាឆ្លងខ្ពស់នៅឡើយ៕ភី សុខ