ការផលិត​ពូជស្រូវ​វិ​ញ្ញាប​ន​ប័ត្រ​រវាង​ក្រុមហ៊ុន​បៃតង​កម្ពុជា​ និង ​សហគមន៍​កសិកម្ម​ ​

កាលពី​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៩ នៅ​សាលាខេត្ត​បាត់ដំបង ឯកឧត្តម ងួន រតនៈ អភិបាល​ នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង ឯកឧត្តម ឧកញ៉ា ភួ ពុ​យ ប្រធាន​ក្រុមប្រឹក្សាភិបាល​ នៃ​ក្រុមហ៊ុន បៃតង​កម្ពុជា និង​ ឯកឧត្តម កៅ ថាច អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍ជនបទ (RDB) អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​ការចុះ​កិច្ចព្រមព្រៀង​សម្រាប់​ការផលិត​ពូជស្រូវ​វិញ្ញាបន​បត្រ​រវាង​ក្រុមហ៊ុន​បៃតង​កម្ពុជា និង ​សហគមន៍​កសិកម្ម ។

លោក​បណ្ឌិត ប៉ុ​ញ ឧ​ត្ត​ម អនុប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រ​ម៉ាញ់​ និង ​នេសាទ​ខេត្តបាត់ដំបង បាន​មានប្រសាសន៍ថាៈ នៅ​ខេត្តបាត់ដំបង​មាន​គម្រោង​មួយ​គឺ​ កម្មវិធី​ការជំរុញ​ផលិតកម្ម​ស្រូវ​ និង ​ការនាំចេញ​អង្ករ ដែលមាន ​ឯកឧត្ដម ឈឹម សុ​ប៊ុន ជា​នាយក​គម្រោង និង ​ឯកឧត្តម ងួន រតនៈ អភិបាល​ នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង​ជា​ប្រធាន គណកម្មការ​កែ​តម្រង់ទិស​។ គម្រោង​នេះ​អនុវត្ត​តាំងពី​ឆ្នាំ​២០១៣ គឺ​ផ្ដោតទៅលើ​ស្រូវ ព្រោះ​ទូទាំងប្រទេស គោលនយោបាយ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា ​គឺ​យ៉ាងហោចណាស់​គឺ​ នាំចេញ​អង្ករ​មួយ​លាន​តោន​ចេញ កន្លងមក​ផលិត​បាន​ច្រើនតែ​ដោយសារ​ស្រូវ​មានគុណ​ភាព​ទាប​ដោយសារ​ការប្រើប្រាស់​ពូជ​។

ក្នុង​ខេត្តបាត់ដំបង​ គឺ ​បាន​ដំណើរការ​នៃ​ការគាំទ្រ​សហគមន៍​ចំនួន ​២៧ នៅ​ស្រុក​គោលដៅ​ចំនួន​៤​ គឺ ស្រុក​មោងឫស្សី ស្រុក​ថ្មគោល ស្រុក​ប​វេ​ល និង​ ស្រុក​រុក្ខ​គិរី ក្នុងនោះ​យើង​បាន​ចុះ​បណ្ដុះបណ្ដាល​ពង្រឹងសមត្ថភាព​ដល់​ពួកគាត់​ដើម្បី​ចង់ឱ្យ​ចេះ​ផលិត​ពូជស្រូវ​។​ ចំពោះ​ពូជស្រូវ​វិ​ញ្ញាប​ន​ប័ត្រ​នេះ​ គឺជា​ពូជស្រូវ​ចុងក្រោយ ដែល​កសិករ​ទិញ ​ឬ ​ទទួលបាន​សម្រាប់​ផលិត​ស្រូវ​ចំណី​ដែលមាន​គុណភាព​ក្នុងការ​កែច្នៃ​សម្រាប់​នាំចេញ​។ ការរៀបចំ​កម្មវិធី​នេះ ​គឺ​ដើម្បី​ធ្វើយ៉ាងណា​កុំអោយ​មាន​បញ្ហា​ពូជស្រូវ និង ​អ្នក​ផលិត គឺមាន​ធនាគារ​អភិវឌ្ឍ​ជនបទ​មួយ​ដែលជា​ធនាគា​របស់​រដ្ឋ ឯកឧត្ដម កៅ ថាច បាន​ជួយ​គាំទ្រ​ដល់​សហគមន៍​
​ផលិត​​​​​ពូជ​ស្រូវ លោក​មាន​ផ្ដល់​កម្ចី​សាច់ប្រាក់ អត្រា​ការប្រាក់​សមរម្យ និង​ មាន​កម្ចី​ជា​របស់ ដូចជា​ជី ឬក៏​ម៉ាស៊ីន​កសិកម្ម ម៉ាស៊ីន​ដាំ ឬ​ម៉ាស៊ីន​ស្ទូង​ជាដើម​។

ឆ្នាំនេះ​ក្រុមហ៊ុន​បៃតង​ត្រៀម​ទិញ​ពូជស្រូវ​ ពី​សហគមន៍​ចំនួន ​១​ម៉ឺ​ន​តោន ប៉ុន្តែ​បន្ទាប់ពី​យើង​ធ្វើ​សិក្ខាសាលា​ហើយ​មក​បច្ចុប្បន្ន​ប្រមូល​ទិន្នន័យ​ចេញពី​សហគមន៍​កសិក​ម្ម ​គឺ​បាន​ចំនួន​តែ ​២​ពាន់​តោន ​ប៉ុណ្ណោះ​ទេ ដោយសារ​ប្រជាកសិករ​ខ្វះ​ដើមទុន​ក្នុង​ការផលិត​។ ការផលិត​ពូជស្រូវ​វិ​ញ្ញាប​ន​ប័ត្រ​នេះ​ គឺ​មិន​អនុញ្ញាតអោយ​ព្រោះស្រូវ​នោះទេ គឺ​បានតែ​ស្ទូង​ដោយ​ដៃ ឬ​ប្រើ​ម៉ាស៊ីន​ដាំ​តែប៉ុណ្ណោះ ដោយសារតែ​យើង​ត្រូវការ​ពិនិត្យ​ដង​ដើមស្រូវ ជម្ងឺ សត្វល្អិត និង​ពូជ​លាយ បើ​ព្រោះ​ គឺ​បាក​ធ្វើឱ្យ​សុទ្ធ ហើយ​ត្រូវ​ចំណាយពេល​យូរ​។​

ការផលិត​ពូជស្រូវ​វិ​ញ្ញាប​ន​ប័ត្រ ផ្ដល់​អត្ថប្រយោជន៍​ដល់​ប្រជាកសិករ​ដូចជាៈ ប្រជាកសិករ​ទទួលបាន​គ្រាប់ពូជ​សុទ្ធ​ល្អ មាន​ទ្រង់​គ្រាប់​ប៉ុនៗ​គ្នា ពណ៌​ដូចគ្នា អត់​មាន​លាយ​គ្រាប់​ស្មៅ​ចង្រៃ ដូចជា​ស្មៅ​ក្ងោក ស្មៅ​កក់​ឆត្រ និង ​ស្មៅ​បែកក្បាល​នោះទេ ហើយ​មាន​ដំណុះ​គ្រាប់​ចាប់ពី​៨០%​ឡើងទៅ រក្សា​សំណើម​ជាតិ​ទឹក​ខ្ពស់ លក់បាន​ថ្លៃ​។ ជា​ចុងក្រោយ​លោក​ក៏បាន​សំណូមពរ​ដល់​ប្រជាកសិករ សូមឱ្យ​ជ្រើសរើស​ប្រើ​ពូជស្រូវ​ល្អ​ពូជស្រូវ​វិ​ញ្ញាប​ន​ប័ត្រ ពី​សហគមន៍​ដែល​នៅ​ជិត​ផ្ទះ​របស់​ប្រជាកសិករ ដែលមាន​តម្លៃ​សមរម្យ​។ លោក​ក៏បាន​ជូនពរ​ដល់​ប្រជាកសិករ​មាន​ភាពជោគជ័យ​ក្នុងការ​ធ្វើស្រែ​ចំការ ទទួលបាន​តម្លៃ​ខ្ពស់ មានគុណ​ភាព និង​មាន​ទីផ្សារ​ជាង​ឆ្នាំមុនៗ​។​

អត្ថបទ៖ កញ្ញា រិន ម៉ារីយ៉ាន