ផ្លូវមួយចំនួននិង ក្បាលស្ពានលំផាត់ ស្រុកកំរៀងត្រូវបានខូចខាតធ្ងន់ធ្ងរដោយទឹកជំនន់

 


ខេត្តបាត់ដំបង: អាជ្ញាធរស្រុកកំរៀងបានធ្វើការចុះត្រួតពិនិត្យផ្លូវមួយកន្លែងនិងផ្អាកការធ្វើចរាចរណ៍ជាបណ្តោះអាសន្ន ព្រោះក្រោយពីទឹកជំនន់បានហូរកាត់ប្រវែងប្រហែល ជិត១០០ម៉ែត្រ ហើយកម្ពស់ទឹកបានហូរនៅពីលើស្ពានជាង ១ ម៉ែត្រ គឺលិចពីលើបង្កាន់ដៃស្ពានរួចមក ឥឡូវផ្លូវត្រូវខូចខាតយ៉ាងធ្ងន់ធ្ងរពេលទឹកស្រកចុះ ។


គួរបញ្ជាក់ថា កន្លងទៅថ្មីៗនេះ ក្បាលស្ពានលំផាត់ម្ខាង ត្រូវបានទឹកជំនន់ហូរច្រោះដាច់ម្តងរួចមកហើយ បង្កអោយមានការស្ទះចរាចរណ៍មិនអាចឆ្លងកាត់បាន ដែលស្ពាននេះគឺឆ្លងកាត់អូរដារ បែកចេញពីផ្លូវជាតិលេខ ៥៧បេ ត្រង់ចំណុចភូមិលំផាត់ ឃុំអូរដារ ស្រុកកំរៀង ខេត្តបាត់ដំបង ដោយបានភ្ជាប់ទៅកាន់ភូមិសំរោង និងភូមិតាំងយូ ។


ទឹកជំនន់ដែលបានធ្លាក់មកពីអូរព្រំដែនថៃ តាមអូរដារ បានលិចស្ពាន និងកំណាត់ផ្លូវសងខាងស្ពានសរុបប្រហែល ជិត១០០ម៉ែត្រ ដែលតម្រូវអោយអាជ្ញាធរចុះបិទការធ្វើចរាចរណ៍ជាបណ្តោះអាសន្ន រង់ចាំទឹកស្រកវិញ។


នៅព្រឹកថ្ងៃទី ១៣ តុលានេះ លោកអភិបាលស្រុកកំរៀង សុខ គឹមខុន បានដឹកនាំកម្លាំងចុះពិនិត្យស្ថានភាពផ្លូវដែលបាក់ខ្ទេចខ្ទីក្រោយពេលទឹកស្រុក ដើម្បីរកវិធីជួសជុលឡើងវិញ ហើយក៏អាចអោយអាជ្ញាធរឃុំធ្វើការរៃអង្គាសពីប្រជាពលរដ្ឋដែរ ដោយសារតែផ្លូវ និងស្ពាននេះ មិនទាន់មានអង្គការ ឬក្រុមហ៊ុនណា ពិសេសមន្ទីរអភិវឌ្ឍន៍ជនបទ ជួយនៅឡើងទេ ព្រោះវាជាផ្លូវមូលនិធិឃុំ ៕ អត្ថបទ: ភី សុខ