រាជរដ្ឋាភិបាល​កម្ពុជា​បាន​សន្សំ​សំចៃ​ថវិកា​បន្ថែម ៩១៨​លាន​ដុល្លារ សម្រាប់​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវី​ដ​-១៩

​ដូច​បងប្អូន​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​បាន​ដឹង​ច្បាស់​ហើយ​អំពី​ការរីក​រាលដាល​ជំងឺ​ឆ្លងកូវី​ដ​-១៩ នៅ​ទូទាំង​ពិភពលោក​ដែល​ធ្វើអោយមាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង​។ ទោះបី​អត្រា​នៃ​ការឆ្លង​ជំងឺ​កូវី​ដ​-១៩ នៅ​កម្ពុជា​មាន​កម្រិត​ទាប ហើយ​ការព្យាបាល​បាន​ជា​ច្រើន​ឡើង​ជា​រៀងរាល់​ថ្ងៃ​ក៏​ពិតមែន ប៉ុន្តែ​ជំងឺ​នេះ​គឺ​នៅតែ​ជា​ជំងឺឆ្លង​ដ៏​កាច​សាហាវ​បំផុត​។​

​ជាក់ស្តែង នៅ​ជុំវិញ​ប្រទេស​យើង​ដូចជា​ប្រទេស​ថៃ និង​វៀតណាម គឺ​កំពុង​ប្រឈម​នឹង​ការឆ្លង​រាលដាល​យ៉ាងខ្លាំង​។ ដូច្នេះ​កម្ពុជា​ត្រូវតែ​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ជាមួយ​វិធានការ​ទប់ស្កាត់​គ្រប់​ជ្រុងជ្រោយ រួម​ទាំង​ការត្រៀម​បម្រុង​ថវិកា​សម្រាប់​ទិញ​សម្ភារៈ​និង​បរិក្ខា​ពេទ្យ ព្រមទាំង​ស្បៀងអាហារ​ស្តុក​ទុក​សម្រាប់​ជួយ​ប្រជាពលរដ្ឋ​ក្នុងស្ថានភាព​ដែល​យើង​មិន​អាច​មើលឃើញ​ណាមួយ​។​

​កាលពី​ពេល​ថ្មីៗ​នេះ តាមរយៈ​ការ​រៃអង្គាស​មូលនិធិ​ពី​សប្បុរសជន និង​ពី​មន្ត្រីរាជការ​សម្រាប់​មូលនិធិ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវី​ដ​១៩ គឺ​បាន​ទទួល​ជាង​១១​លាន​ដុល្លារ​អាមេរិក​រួចហើយ​។ នៅ​ថ្ងៃ​ទី ៧ មេសា ម្សិលមិញ​នេះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​បាន​បញ្ជាក់​ប្រាប់​ជា​សា​ធា​រណះ​អំពី​ការសម្រេច​កាត់បន្ថយ​ថវិកា​ចំនួន​៩១៨​លាន​ដុល្លារ​អាមេរិក​ថែម​ទៀត ពី​ស្ថាប័ន​រដ្ឋ ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ដើម្បី​យក​មក​ត្រៀម​បម្រុង​សម្រាប់​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​-១៩​។​

​សម្ដេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា «​ខ្ញុំ​សុំ​ការយោគយល់​ពី​ស្ថាប័ន​ជាតិ​គ្រប់​ថ្នាក់ ទាំង​ថ្នាក់​ជាតិ និង ថ្នាក់ក្រោម​ជាតិ ដែល​រាជរដ្ឋាភិបាល​ត្រូវ​បង្ខំចិត្ត​កាត់បន្ថយ​ការចំណាយ​ពីរដង លើកទីមួយ គឺ​កាត់​បន្ថយ​ការចំណាយ​ចំនួន ៤៤៣​លាន​ដុល្លារ​អាមេរិក និង​លើក​ទី​ពីរ​នេះ កាត់បន្ថយ​ការចំណាយ​ចំនួន​៤៧៥​លាន​ដុល្លារ​អាមេរិក​ថែម​ទៀត​។ បូកសរុប​ទាំង​ពីរ​លើក​នេះ​គឺ​មាន​ចំនួន​៩១៨​លាន ដុល្លារ​អាមេរិក សម្រាប់​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​-១៩ ”៕
(​ប្រភព ៖​ផេក​ហ្វេស​ប៊ុក ផ្លូវការ​សម្តេច​ហ៊ុន​សែន​)​