មន្ត្រីរាជការ នឹងទទួលការបើកប្រាក់បៀវត្សសម្រាប់ខែមេសា សរុបតែមួយលើក ជាមួយនឹងប្រាក់ឧបត្ថម្ភ ៥ម៉ឺនរៀល សម្រាប់ចូលឆ្នាំខ្មែរ

🎉ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរជិតចូលមកដល់ ក្រសួងមុខងារសាធារណៈបានចេញសេក្តីជូនដំណឹង ជំរាបដល់ មន្ត្រីរាជការស៊ីវិល និងមន្រ្តីជាន់ខ្ពស់ជាប់កិច្ចសន្យាទាំងអស់ ពីការបើកប្រាក់បៀវត្សប្រចាំខែមេសា សរុបតែមួយលើក រួមទាំងប្រាក់ឧបត្ថម្ភក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ យ៉ាងយូរបំផុតត្រឹមថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១។

📊នៅក្នុងលិខិតនៃសេចក្ដីប្រកាសបានចែងយ៉ាងដូច្នេះថា៖ ក្រសួងមុខងារសាធារណ​ៈមានកិត្តិយស សូមគោរពជម្រាបជូន សម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី នៃក្រសួងស្ថាប័ន ឯកឧត្តម លោកជំទាវ អភិបាលនៃគណអភិបាល រាជធានី ខេត្ត លោក លោកស្រី អភិបាលនៃគណអភិបាលក្រុង ស្រុក ខណ្ឌ លោក លោកស្រី ប្រធានមន្ទី និងអង្គភាពពាក់ព័ន្ធ មេត្តា ជ្រាបថា ការបើកផ្តល់ប្រាក់បៀវត្សសម្រាប់ខែ មេសា និង ឧសភា ឆ្នាំ២០២១ ជូនមន្រ្តីរាជការស៊ីវិល និងមន្រ្តីជាប់កិច្ចសន្យា ត្រូវសហការរៀបចំអនុវត្តដូចខាងក្រោម៖

👉១. ការបើកផ្តល់បៀវត្សសម្រាប់ខែមេសា គឺត្រូវរៀបចំបើកផ្តល់បៀវត្សប្រចាំខែតែមួយលើក រួមទាំងប្រាក់ឧបត្ថម្ភ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងឲ្យបានដល់សាមីជនម្នាក់ៗយ៉ាងយូរបំផុតត្រឹមថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១។

👉២. ការបើកផ្តល់បៀវត្សសម្រាប់ខែឧសភា និងខែបន្ទាប់ គឺត្រូវរៀបចំបើកផ្តល់រៀងរាល់ ២ សប្តាហ៍ម្តង ដោយអនុវត្តតាមស្មារតីសារាចរលេខ ០៧ សរ ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ ស្តីពីការកំណត់នីតិវិធីសម្រាប់ការបើកផ្តល់បៀវត្សរៀងរាល់​២​ សប្តាហ៍ម្តងក្នុងខែនីមួយៗជូនមន្រ្តីរាជការស៊ីវិល និងមន្រ្តីសាធារណៈផ្សេងទៀត។

💥គូសបញ្ចាក់ផងដែរថា បើតាមក្រសួងមុខងារបានចេញសេចក្តីជូនដំណឹងដូចបានរៀបរាប់ខាងលើ សូម សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធានក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ខណ្ឌ មន្ទីរ អង្គភាពពាក់ព័ន្ធ មេត្តាសហការអនុវត្តតាមសារនៃសេចក្តីជូនដំណឹងតាមការគួរ៕