កម្ពុជា ដាក់​កំហិត​លើ​ការធ្វើដំណើរ​ក្នុងប្រទេស ក្នុង​គោលដៅ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូវី​ដ ចាប់ពី​យប់​ថ្ងៃ​ទី​៩-១៦ ខែ​មេសា​

 

ឲ្យ​អាជ្ញាធរ និង​សមត្ថកិច្ច​គ្រប់​ជាន់​ថ្នាក់​បិទ​ការធ្វើដំណើរ​ក្នុងប្រទេស ពី​រាជធានី​ភ្នំពេញ ទៅកាន់​បណ្ដា​ខេត្ត និង​ការធ្វើដំណើរ​ពី​ខេត្ត​មួយ ទៅ​ខេត្ត​មួយទៀត រហូត​ដល់​ពី​ស្រុក​មួយ ទៅ​ស្រុក​មួយ ដោយ​ចាប់​អនុវត្ត​ពី​ម៉ោង​២៤៖០០​នាទី​ថ្ងៃ​ទី​០៩ រហូត​ដល់​ថ្ងៃ​ទី​១៦ ខែ​មេសា ឆ្នាំ​២០២០​។​

​បទបញ្ជា​របស់​រាជរដ្ឋាភិបាល ដែល​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​៩​មេសា​នេះ បានបញ្ជាក់​ថា ហាមឃាត់​ការធ្វើដំណើរ​នៅ​ផ្ទៃ​ក្នុង​ប្រទេស រួម​មាន​ការធ្វើ​ដំណើរ​ឆ្លងកាត់​ចេញ​-​ចូល​រាជធានី​ភ្នំពេញ (​ដោយ​មិន​ប៉ះពាល់​ដល់​ការធ្វើដំណើរ​ផ្ទៃក្នុង​រាជធានី​ភ្នំពេញ​នោះទេ​) ការធ្វើដំណើរ​ឆ្លងកាត់​ពី​ស្រុក​មួយ​ទៅ​ស្រុក​មួយ និង​ការធ្វើដំណើរ​ឆ្លងកាត់​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​ទៀត​។​

​ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ការហាមឃាត់​នេះ​ត្រូវបាន​លើកលែង​ចំពោះ​

-​ការដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ ទាំង​តាម​ផ្លូវគោក ផ្លូវទឹក និង​ផ្លូវដែក​
-​រថយន្ត និង​មធ្យោបាយ​ធ្វើ​ដំណើរ​របស់​មន្ត្រីរាជកា​រ​ស៊ីវិល​គ្រប់​ស្ថាប័ន​រដ្ឋ ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ក្នុង​គោលដៅ​បំពេញ​ការងារ​ប្រចាំថ្ងៃ ដែល​ម្ចាស់​យានយន្ត​ត្រូវ បង្ហាញ​ដល់​កងកម្លាំង​មាន​សមត្ថកិច្ច​ត្រួតពិនិត្យ​នូវ​អត្តសញ្ញាណ​បណ្ណ​ការងារ​របស់​ខ្លួន​
-​រថយន្ត និង​មធ្យោបាយ​ធ្វើ​ដំណើរ​របស់​កងកម្លាំង​ប្រដាប់អាវុធ​គ្រប់​ប្រភេទ ក្នុង​គោលដៅ​បំពេញ​ភារកិច្ច​របស់​ខ្លួន​
-​រថយន្ត​សង្គ្រោះ​បន្ទាន់​របស់​មន្ទីរ​ពេទ្យ​រដ្ឋ និង​ឯកជន​
-​រថយន្ត​ពន្លត់​អគ្គីភ័យ​
-​រថយន្ត​បម្រើសេវា​ដឹក​ជញ្ជូន​សំរាម និង​កាក​សំណល់​
-​ការដឹកជញ្ជូន​កម្មក​រ​ទៅ​កាន់​ទីកន្លែង​ការងារ​នៅតាម​រោងចក្រ​-​សហគ្រាស ដែល​ត្រូវ​មាន​បណ្ណ​អនុញ្ញាត​ចេញ​ដោយ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ឬ មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​
​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ទៅ​កាន់​មន្ទីរពេទ្យ ឬ មណ្ឌល​សុខភាព ដែល​នៅ​ជិត បំផុត ដើម្បី​ទទួលបាន​នូវ​សេវា​សុខភាព​ចាំបាច់ និង​បន្ទាន់ ដោយ​កំណត់​ចំនួន​មនុស្ស មិនឱ្យ​លើស​ពី ៤ (​បួន​) នាក់ សម្រាប់​ករណី​នីមួយៗ ៕
@physok