ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារជំនាញនៃមន្ទីរខេត្ត និងអ្នកពាក់ព័ន្ធផ្សេងទៀត ចុះត្រួតពិនិត្យទីតាំងសួនច្បារនៅតាមបណ្តោយដងស្ទឹងសង្កែ ដើម្បីរៀបចំសណ្តាប់ធ្នាប់ កន្លែងលក់ដូរនៅតាមទីតាំងមួយចំនួន និងត្រៀមរៀបចំកែលម្អសួនច្បារ ខឿនចិញ្ចើមផ្លូវ និងរៀបចំហេដ្ឋារចនាសម្ព័ន្ធមានផ្លូវដើរថ្មើរជើង ផ្លូវសម្រាប់ជិះកង់ ចំណតយានយន្ត ទីធ្លារសម្រាប់ប្រជាពលរដ្ឋហាត់កីឡា ដើរកម្សាន្តទាំងត្រើយខាងលិច និងត្រើយខាងកើតជុំវិញមាត់ស្ទឹងសង្កែចាប់ពីស្ពានសោហឺ ដល់ស្ពានថ្មចាស់។
ក្នុងនោះដែរ ឯកឧត្តម សុខ លូ បានមានប្រសាសន៍ណែនាំដល់ក្រុមការងារជំនាញនៃមន្ទីរខេត្ត និងអ្នកពាក់ព័ន្ធឱ្យធ្វើការសិក្សាស្វែងយល់ពីការរៀបចំសួនច្បារតាមបណ្តោយដងស្ទឹងសង្កែត្រើយខាងលិច និងត្រើយខាងកើតជុំវិញមាត់ស្ទឹងសង្កែចាប់ពីស្ពានសោហឺ ដល់ស្ពានថ្មចាស់ ធ្វើយ៉ាងណាកែលម្អសួនច្បារ ឱ្យមានខឿនចិញ្ចើមផ្លូវ មានផ្លូវដើរថ្មើរជើង ផ្លូវសម្រាប់ជិះកង់ ចំណតយានយន្ត ទីធ្លារសម្រាប់ប្រជាពលរដ្ឋហាត់កីឡា ដើរកម្សាន្ត ដើម្បីលើកកម្ពស់សោភ័ណភាពក្រុងបាត់ដំបងកាន់តែប្រសើរឡើងមួយកំរិត រក្សាបាននូវសណ្តាប់ធ្នាប់របៀបរៀបរយល្អ ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិឱ្យមកលេងកំសាន្តខេត្តបាត់ដំបងកាន់តែច្រើនឡើងថែមទៀត ក៏ដូចជាការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនឡើងថែមទៀត។ សូមបញ្ជាក់ថា គម្រោងជុសជុល កែលម្អនឹងចាប់ផ្តើមដំណើរការនាពេលឆាប់ៗខាងមុខនេះ ដើម្បីបម្រើផលប្រយោជន៍រួម និងបង្កភាពងាយស្រួលដល់ការរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាការលើកកម្ពស់សោភ័ណភាព និងបង្កើនភាពទាក់ទាញក្នុងខេត្តបាត់ដំបង៕