សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានមានប្រសាសន៍ថាការកកស្ទះសំណុំរឿង កាន់តែមានភាពស្មុគស្មាញ បន្ទាប់ពីការដាក់ឱ្យដំណើរការយុទ្ធនាការ
ប្រយុទ្ធប្រឆាំងគ្រឿងញៀន គិតមកដល់ពេលនេះចំនួនអ្នកជាប់ឃុំក្នុងសំណុំរឿងគ្រឿងញៀនមានជាង២ម៉ឺន២ពាន់នាក់ ។ ដោយឡែកបញ្ហាខ្វះទីតាំងសម្រាប់បំពេញការងារក៏ជាបញ្ហាប្រឈមដែរ ។ សម្ដេចសង្ឃឹមជឿជាក់ថាឯកឧត្តមរដ្ឋមន្ត្រីថ្មីនឹងដោះស្រាយបញ្ហានេះនាពេលខាងមុខ ពិសេសបន្ទាប់ពីបញ្ហាកូវីដ១៩មានភាពធូរស្រាល ។
សម្តេចមានប្រសាសន៍នេះខណៈអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ប្រារព្ធធ្វើនៅទីស្តីការក្រសួងយុត្តិធម៌ នាថ្ងៃទី១ខែមេសា ត្រូវបានសរសេរលើផេកហ្វេសប៊ុករបស់សម្តេចផ្ទាល់។
សម្ដេចក្រឡាហោម បានមានប្រសាសន៍អំពីការពង្រឹងប្រព័ន្ធយុត្តិធម៌ ដោយបានស្នើឱ្យក្រសួងយុត្តិធម៌ត្រូវបង្កើនការលើកកម្ពស់សេវាយុត្តិធម៌ ការពង្រឹងជំនឿទុកចិត្ត និងការទប់ស្កាត់ការបំពានដោយអយុត្តិធម៌ក្នុងសង្គម តាមរយៈការពង្រឹងការអនុវត្តច្បាប់ ការពង្រឹងភាពស្អាតស្អំ និងក្រមសីលធម៌មន្ត្រី ការពង្រឹងយន្តការវិន័យ និងការធ្វើទំនើបកម្មរដ្ឋបាលយុត្តិធម៌ ។
សម្ដេចក៏បានណែនាំឱ្យក្រសួងយុត្តិធម៌ បន្តពង្រឹងការលើកកម្ពស់ការផ្ដល់សេវាយុត្តិធម៌នៅមូលដ្ឋាន ការកែលម្អរយន្តការដោះស្រាយវិវាទដើម្បីឆ្លើយតបនឹងស្ថានភាពជាក់ស្ដែងរបស់សង្គមប្រកបដោយប្រសិទ្ធភាព ហើយដើម្បីសម្រេចបានគោលបំណងខាងលើ សម្ដេចបានបន្តថាក្រសួងយុត្តិធម៌ ត្រូវពង្រឹងការអនុវត្តយុទ្ធសាស្ត្រកំណែទម្រង់ច្បាប់ និងវិស័យយុត្តិធម៌ និងកំណែទ្រង់ប្រព័ន្ធយុត្តិធម៌ឱ្យបានត្រឹមត្រូវ ។
ជាមួយគ្នានេះដែរ សម្ដេចក៏បានមានប្រសាសន៍អំពីតុលាការជំនាញនៅថ្នាក់សាលាដំបូង ដែលច្បាប់បានចែងឱ្យមានតុលាការរដ្ឋប្បវេណី តុលាការព្រហ្មទណ្ឌ តុលាការពាណិជ្ជកម្ម និងតុលាការការងារ ។ ប៉ុន្តែពេលនេះនៅសាលាដំបូងរាជធានីខេត្តមិនទាន់ដំណើរការនៅឡើយទេ ។ សម្ដេចបានណែនាំឱ្យក្រសួងខិតខំឱ្យអស់លទ្ធភាពដើម្បីឱ្យតុលាការជំនាញនេះអាចដំណើរការទៅបាន ដើម្បីឆ្លើយតបនឹងការកកស្ទះសំណុំរឿង ។
ពាក់ព័ន្ធនឹងបញ្ហាកកស្ទះសំណុំរឿង សម្ដេចក្រឡាហោម ស ខេង ក៏បានសម្ដែងការគាំទ្រចំពោះគម្រោងរបស់ក្រសួងយត្តិធម៌ ដែលនឹងបើកយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងតាមសាលាជំនុំជម្រះក្ដីនាពេលឆាប់ៗខាងមុខ ដោយសម្ដេចបានប្រកាសផ្ដល់កិច្ចការគាំទ្រនូវរាល់បញ្ហាណាដែលទាក់ទងនឹងសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ ។
នៅក្នុងឱកាសនោះ ឯកឧត្តមកើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថ្មីបានប្ដេជ្ញាចិត្តស្មោះត្រង់ជានិច្ចចំពោះជាតិ សាសនា ព្រះមហាក្សត្រ បន្តអនុវត្តគោលនយោបាយ យុទ្ធសាស្ត្ររាជរដ្ឋាភិបាល ពិសេសកម្មវិធីកំណែទម្រង់ច្បាប់ និងយុត្តិធម៌ដើម្បីលើកកម្ពស់ទំនុកចិត្តពីប្រជាជន ពង្រឹងប្រព័ន្ធអភិបាលកិច្ចល្អ សុច្ចរិតភាព និងភាពត្រឹមត្រូវនៃមន្ត្រីតុលាការ ដើម្បីពង្រឹងជំនឿទុកចិត្ត ហើយឯកឧត្តមសង្ឃឹមថាថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធទាំងអស់នឹងចូលរួមយ៉ាងសកម្មដើម្បីបុព្វហេតុពង្រឹងនីតិរដ្ឋនៅកម្ពុជា ។
ក្នុងផេកផ្លូវការសម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍បន្តថាឯកឧត្តម កើត រិទ្ធ បានឆ្លងកាត់ការងារជាច្រើននៅក្រសួងយុត្តិធម៌ ចាប់ពីឆ្នាំ២០០៧មក ពោលគឺចាប់ពីអនុរដ្ឋលេខាធិការ រដ្ឋលេខាធិការ រដ្ឋលេខាធិការប្រចាំការ រហូតក្លាយជារដ្ឋមន្ត្រី ។ សម្ដេចក៏បានសម្ដែងការកោតសរសើរឯកឧត្តមទេសរដ្ឋមន្ត្រី អង្គ វង្សវឌ្ឍនា ដែលបានចូលបំរើជាតិមាតុភូមិក្នុងនាមជាថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ជាបន្តបន្ទាប់នារយៈពេល១៩ឆ្នាំមកហើយ។
សម្ដេចបានបន្ថែមថានៅក្នុងការដ្ឋានកំណែទម្រង់ទាំង៤របស់រាជរដ្ឋាភិបាល គឺមានកំណែទម្រង់វិមជ្ឈការ វិសហមជ្ឈការ កំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ និងកំណែទម្រង់រដ្ឋបាលសាធារណៈ ដែលបានបង្កើតលេខាធិការដ្ឋានសម្របសម្រួលមួយ។ ដូច្នេះសម្ដេចសូមឯកភាព និងគាំទ្រការបញ្ចូលកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ទៅក្នុងលេខាធិការដ្ឋាននោះ ។
មុននឹងបញ្ចប់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចតេជោនាយករដ្ឋមន្ត្រី បានសម្ដែងសេចក្ដីសង្ឃឹមជឿជាក់ថាថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃក្រសួងយុត្តិធម៌ នឹងខិតខំរួមគ្នាបំពេញបេសកកម្មបំរើប្រទេសជាតិឱ្យទទួលបានជោគជ័យ និងជូនពរឱ្យជួបប្រទះតែនឹងសេចក្ដីសុខគ្រប់ប្រការ ពិសេសចៀសផុតពីការឆ្លងជំងឺកូវីដ១៩ ៕
@phy sok