បុរសម្នាក់ចាក់សាំងដុតខ្លួនឯងឆេះទាំងផ្ទះគ្មានសល់

ខេត្តបាត់ដំបង: បុរសម្នាក់មានរោគប្រចាំកាយ និងមានសតិមិនល្អ បានសម្រេចចិត្តចាក់សាំងដុតខ្លួនឯងដើម្បីបញ្ចប់ជីវិត បន្ទាប់ពីរវើរវាយថាឈ្មោះខ្លួនគ្មាននៅក្នុងបញ្ជីរបស់អាជ្ញាធរមូលដ្ឋាន នាព្រឹកថ្ងៃទី៣០មិថុនានេះ នៅចញណុចភូមិកំពង់ឡី ក្នុងឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង

លោកវ៉ាន់ សុខា មេភូមិកំពង់ឡី ក្នុងឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង បានអោយដឹងថា ជនរងគ្រោះដែលបានធ្វើអត្តឃាតនោះមានឈ្មោះ គី ឈាន ហៅទូច មានប្រពន្ធ និងកូនចិញ្ចឹម១នាក់ នៅក្នុងផ្ទះ។

លោកមេភូមិបានបន្តថា ជនរងគ្រោះជាមនុស្សមានរោគរាំរៃប្រចាំកាយ និងមានសតិមិនល្អផង។ ដោយប៉ុន្មានថ្ងៃនេះគេតែងតែទូរស័ព្ទទៅសួរលោកមេភូមិថា ឮគេវាយវិទ្យុទាក់ទងមកប្រាប់ថា ឈ្មោះរបស់ខ្លួនមិនមាននៅក្នុងបញ្ជីភូមិ ឃុំនោះទេ បើទោះបីជាលោកមេភូមិព្យាយាមពន្យល់ច្រើនដងក៏ដោយក៏គេនៅតែបន្តទូរស័ព្ទមកសួរដដែលៗជាញឹកញាប់។

លោកមេភូមិបន្ថែមថានៅល្ងាចថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ជនរងគ្រោះបាននិយាយប្រាប់លោកថាប្រពន្ធ កូនរបស់ខ្លួនគ្រាន់តែអោយដេកសុីសោះក៏យ៉ាប់ដែរ ចាំមើលយប់នេះសម្លាប់ចោលតែម្តង។

គ្រាន់តែឮពាក្យនេះលោកមេភូមិបានប្រាប់ទៅស្ត្រីជាភរិយាអោយចេញទៅដេកផ្ទះបងប្អូននៅខាងក្រៅជាបណ្តោះអាសន្នសិនក្រែងមានបញ្ហា។លុះព្រឹកម៉ោង៦ថ្ងៃទី៣០ នេះក៏ស្រាប់តែមានអណ្តាតភ្លើងឆាបឆេះផ្ទះរបស់ជនរងគ្រោះតែម្តង ព្រមទាំងមានក្លិនសាំងផងដែរ ទើបប្រភពជាច្រើនបានសន្និដ្ឋានថា ជនរងគ្រោះប្រាកដជាចាក់សាំងដុតខ្លួនធ្វើអត្តឃាតពិតប្រាកដ ដោយសារតែការរវើរវាយផ្តេសផ្តាស់។

បច្ចុប្បន្នសពដែលឆេះខ្លោចត្រូវបានសមត្ថកិច្ចប្រគល់ទៅអោយក្រុមគ្រួសាររៀបចំធ្វើបុណ្យហើយ៕ ភី សុខ