ពលរដ្ឋ​ត្អូញត្អែរ​ពី​បញ្ហា​ផ្លូវ​ដែល​លំបាក​នៅ​ភូមិ​ស្លា​កែ​ត​

​ប្រជាពលរដ្ឋនៅក្នុង​ភូមិ​ស្លា​កែ​ត​ខ្លះ​ក៏បាន​សម្តែង​ការសប្បាយ​ចិត្ត ក្រោយ​អាជ្ញាធរ​ឃុំ​បាន​ជួយ ចាក់ដី និង​ពង្រីក​ផ្លូវ នៅក្នុង​ភូមិ ដោយ​ពីមុន​នៅ​ចំណុច​នេះ​មិនមាន​ផ្លូវធំ​ធ្វើដំណើរ​ស្រួល​នោះទេ ហើយ​ពិបាក​នៅ​រដូវវស្សា តែ​ក៏មាន​ប្រជាពលរដ្ឋ​ខ្លះទៀត​បាន​សម្តែង​ក្តីកង្វល់ និង​ចម្ងល់​ជាច្រើន​ពី​ការចាក់ដី​ធ្វើ​ផ្លូវ​នេះ ដោយ​ខ្លះ​ថា​ចាក់ដី​ពង្រីក​ផ្លូវ​ទៅ ទឹក​កាន់តែ​លិច​ផ្ទះ​គាត់​ថែមទៀត និង​ខ្លះ​ទៀតថា​ចាក់ដី​តែ​មិន​រៀប​ប្រព័ន្ធ​លូ​ត្រឹមត្រូវ ។

អ្នកស្រី ឃ្វៃ យ៉ា​ស់ ជា​ពលរដ្ឋ​រស់នៅ​ភូមិ​ស្លា​កែ​ត ហើយ​មានផ្ទះ​នៅ​មាត់​ផ្លូវ​ដែល​ទើប​និង​ចាក់ដី​នោះ បាន​រៀបរាប់ថា​៖ ផ្លូវ​នេះ​ពីមុន​លំបាក​ធ្វើដំណើរ​ខ្លាំង តែ​ឥឡូវ​បាន​ចាក់ដី​ពិតមែនតែ​ក៏​មិនសូវ​ជា​ស្រួល​ប៉ុន្មាន​ដែរ ព្រោះ​រអិល ហើយ​ផ្លូវ នេះ​លឺ​គេ​ថា​ចាក់​បេតុង តែ​ពេលនេះ​គេ​ចាក់​តែ​គ្រួស​ក្រហម​អោយ​នោះទេ ម្យ៉ាងទៀត ថា​ដាក់លូ​អី​ក៏​មិនទាន់​ឃើញ​ដាក់​ដែរ ។​ អ្នកស្រី​បន្តថា​៖ ពីមុន​ចាក់ដី ផ្លូវ​គឺ​ស្មើរ​នឹង​ផ្ទះ​អ្នកស្រី​ពេល​ភ្លៀង​មានទឹក​លិច​ខ្លះៗ ដល់​ឥឡូវ​ចាក់ដី ពង្រីក​ផ្លូវ​កាន់តែ​ខ្ពស់ ផ្ទះ​កាន់តែ​ទាប ពេល​ភ្លៀង​ម្តង​ទឹក​ក៏​លិច​ច្រើន ហើយ​អ្នកស្រី​សុំអោយ​អាជ្ញាធរ​ជួយ​ដោះស្រាយ​បញ្ហា​ផ្លូវ​នេះ​ផង​អោយមាន​ភាពងាយស្រួល​ជាង​នេះ  ​ផង ។​

លោក ទូច រ៉ើ​ន ចៅសង្កាត់​ស្លា​កែ​ត បាន​ឆ្លើយតប​ថា​៖ បញ្ហា​ផ្លូវ​នេះ​យើង​បានធ្វើការ​ស្ថាបនា​ដោយ​ដាក់​គ្រួស​ក្រហម​ជូន​ពួកគាត់ ដោយ​ធ្វើ​ទៅតាម​មូលនិធិ​របស់​ឃុំ​យើង​មានកំណត់ ដូច្នេះ ការធ្វើ​កន្លែង​ខ្លះ​មាន​ភាពខ្វះខាត ហើយ​រាល់​ការជួសជុល​ឬ​រៀប​ប្រព័ន្ធ​លូ​និង​ចាក់​គ្រួស​បំពេញ​កន្លែង​ផ្សេងទៀត ឃុំ​កំពុង​ស្វែងរក​មូលនិធិ​ពី​សប្បុរសជន បន្ថែមទៀត​។​

​អត្ថបទ៖ ក.ឌិន មករា