“ កិច្ច​គាំពារ​សង្គម​ដើម្បី​ផលិតភាព “

​ជា​ប្រធានបទ​មួយ ដែល​រាជរដ្ឋាភិបាល​កម្ពុជា បាន​អំពាវនាវ​ដល់​មន្ត្រីរាជកា​រ​គ្រប់​លំដាប់ថ្នាក់ និយោជក កម្មករ​និ​យោ​ជិ​ក ទាំងអស់​ចូលរួម​ប្រារព្ធ​ពិធី​អបអរសាទរ​កម្មវិធី​ខួប​១០០​ឆ្នាំ​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ ខួប​៥០ ឆ្នាំ​នៃ​សមាជិកភាព​កម្ពុជា​នៅ​អង្គការ​អន្តរជាតិ​ខាង​ការងារ​និង​ខួប​អនុស្សាវរីយ៍​លើក​ទី​១៣៣​នៃ​ទិវា​ពលកម្ម​អន្តរជាតិ​១​ឧសភា ដែល​រដ្ឋបាលខេត្ត​បាន​សហការ​ជាមួយ​មន្ទីរ​ការងារ​ខេត្ត និង​ក្រុមហ៊ុន​បាត់ដំបង​ខន​ស៊ី​មេន ខម​ភេ​នី​លី​មី​ធី​ត (Battambang Conch Cement Company Limited)​ក្រោម​អធិបតីភាព​ឯកឧត្តម ងួន រតនៈ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង នា​ព្រឹក​ថ្ងៃ​ពុធ​នេះ ស្ថិតក្នុង​បរិវេណ​ក្រុមហ៊ុន បាត់ដំបង​ខន​ស៊ី​មេន ខម​ភេ​នី​លី​មី​ធី​ត ក្នុងភូមិ​ដូន​មា​យ ឃុំ​ស្តៅ​ស្រុក​រតនៈមណ្ឌល ខេត្តបាត់ដំបង ។​

​លោក មាស ដា​រា ប្រធាន​មន្ទីរ​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត​បានឱ្យដឹងថា ខេត្តបាត់ដំបង​មាន​សហគ្រាស គ្រឹះស្ថាន​ចំនួន​៧៣០​និង​មាន​កម្មករ​និ​យោ​ជិ​ក​ចំនួន​ជាង​១៤​ម៉ឺន​នាក់ ក្នុងនោះ​មានកម្ម​ករ និ​យោ​ជិ​កប​រទេស​ជិត​៧០០​នាក់ ហើយ​ពួកគាត់​អាច​ទទួលបាន​ចំណូល​ជា​អប្ប​បរិ​មា​ប្រចាំខែ​ប្រមាណ​១៨២​ដុល្លា​ក្នុង​ផ្នែក​វាយ​ន​ភណ្ឌ និង​ផ្នែក​ផ្សេងៗ​ទៀត​មាន​ចំណូល​ទាប​បំផុត​ជា​មធ្យម ប្រមាណ​ ១១០​ដុល្លា​ក្នុង​មួយខែ​និង​បានការ​គាំពារ​សង្គម​ពី​បេឡា​របប​សន្តិសុខ​សង្គម​លើ​ផ្នែក​គ្រោះថ្នាក់​ការងារ​និង​ផ្នែក​ថែទាំ​សុខភាព​ថែមទៀត ។

ការគោរព​លក្ខខណ្ឌ​ការងារ រាជរដ្ឋាភិបាល​កម្ពុជា​ក៏ដូចជា​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ផ្តោត​ការយកចិត្ត​យ៉ាង​មុតមាំ​អនុវត្ត​គោល នយោបាយ​នេះ ដើម្បី​ធានាថា​សិទ្ធិសេរីភាព និង​លក្ខខណ្ឌ​ការងារ​នៅ​កម្ពុជា​ត្រូវបាន​គោរព​ទៅតាម​បទដ្ឋាន​និង​ស្តង់ដា​អន្តរជាតិ ។

​ស្ថិតក្នុង​ទិវា​នេះ ឯកឧត្តម ងួន រតនៈ បាន​អាន​សារលិខិត​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ផ្តោតលើ​គោលនយោបាយ​នានា​ស្រប​តាប​តាម​អង្គការ​អន្តរជាតិ​ខាង​ការងារ​( ILO) ដែលជា​ទីភ្នាក់ងារ​ត្រីភាគី ឯកទេស​ផ្នែក​ពិភព​ការងារ​របស់​អង្គការសហប្រជាជាតិ​ត្រូវបាន​បង្កើត​នៅ​ឆ្នាំ​១៩១៩ ដើម្បី​កំណត់​បទដ្ឋាន​ការងារ​និង​រៀបចំ​គោលនយោបាយ​ការងារ​ក្នុង​គោលបំណង​បង្កើន​យុត្តិធម៌​សង្គម​និង​លើកកម្ពស់​ការងារ​សម​រម្យ​សម្រាប់​ស្ត្រី​និង​បុរស ។ ក្នុងនោះ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ចូល​ជា​សមាជិក​នៅ​ថ្ងៃទី​២៤ ខែកុម្ភៈ​ឆ្នាំ ១៩៦៩ ក្នុងចំណោម​សមាជិក​អង្គការ​អន្តរជាតិ​ខាង​ការងារ​ចំនួន​១៨២ ប្រទេស ។​

ឯកឧត្តម អភិបាលខេត្ត​បាន​សម្តែង​នូវ​មោទនភាព​ជាមួយ​កម្មករ កម្មការិនី​រោងចក្រ​ទាំងអស់​នាពេលនេះ ដោយបាន​បញ្ជាក់ថា ខេត្តបាត់ដំបង​មាន​រោងចក្រ​ស៊ីម៉ងត៍​ដ៏​ធំ​មួយ​ក្នុងប្រទេស​កម្ពុជា​មា​នស​ម​ត្ថ​ភាព​អាច​ផលិត ស៊ីម៉ងត៍​បាន​៥០០០​តោន​ក្នុង​១​ថ្ងៃ ដើម្បី​រួមចំណែក​ផ្គត់ផ្គង់​ក្នុងស្រុក​និង​ធ្វើ​ការនាំ​ចេញទៅ​លក់​ទៅ​ក្រៅប្រទេស​ទៀតផង ។ ឯកឧត្តម​អភិបាលខេត្ត​បាន បង្ហាញ​ពី​សក្តានុពល​របស់​ខេត្ត​ដែលមាន​ស្រាប់​ធ្វើ​ឲ្យ​អ្នក​វិនិយោគិន ចូលមក វិនិយោគ​លើ​វិស័យ​នានា​ជា​បន្តបន្ទាប់ ដែល​អាច​ស្រូបយក​កម្លាំង​ពលកម្ម​ជួយ​ផ្តល់ឱ្យ​កូនចៅ​ប្រជាពលរដ្ឋ​មានការ​ងារ​ធ្វើ មាន ប្រាក់ចំណូល ជួយ​ទ្រទ្រង់​ជីវភាព​គ្រួសារ បាន​កាន់តែ​ប្រសើរឡើង​ថែមទៀត ។​

អត្ថបទ៖ លោក សួស សុភ័ក្រ