ឯកឧត្តមសុខលូ បានអនុញ្ញាតឱ្យ សមាគមកីឡា តុងហ្គីលម៉ូដូ ខេត្តបាត់ដំបង ចូលជួបសំដីការគួរសម

ឯកឧត្តមសុខលូ អភិបាលនៃគណៈអភិបាល ខេត្តបាត់ដំបង បានអនុញ្ញាតឱ្យសមាគម កីឡាតុងហ្គីលម៉ូដូ ខេត្តបាត់ដំបង ចូលជួបសំដែងការគួរសម និងជម្រាបជូន ពីសកម្មភាព និងលទ្ធផល នៃការប្រកួតកីឡា តុងហ្គីលម៉ូដូ ជ្រើសរើសជើងឯក ថ្នាក់ជាតិ ឆ្នាំ ២០២២ ដែលបានបញ្ចប់ការប្រកួត ប្រកបដោយជោគជ័យ នារសៀលថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២៣ កន្លងទៅនេះ។

 

យោងតាមរបាយការណ របស់សមាគមកីឡា តុងហ្គីលម៉ូដូ ខេត្តបាត់ដំបង បានឲ្យដឹងថា កីឡាករកីឡាការិនី របស់សមាគម កីឡាតុងហ្គីលម៉ូដូ ខេត្តបាត់ដំបង បានចូលរួមប្រកួត ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ ២០២២ កន្លងទៅថ្មីៗនេះ។

របាយការណ៍ក៏បានបញ្ជាក់ផងដែរ ពីលទ្ធផល ដែលសមាគម កីឡាតុងហ្គីលម៉ូដូ ខេត្តបាត់ដំបងទទួលបាន មានដូចជា៖ មេដៃមាសចំនួន ៤ រូប មេដាយប្រាក់ ចំនួន ៥ រូប និងមេដាយសំរិទ្ធ ចំនួន ១៥ រូប។

ឯកឧត្តមសុខលូ បានសំដែងការអបអរសាទរ និងកោតសរសើរ ដល់ការខិតខំប្រឹងប្រែង របស់ក្រុមកីឡាករកីឡាការិនី ដែលបានប្រឹងប្រែងអស់ពីសមត្ថភាព ក្នុងការប្រកួតប្រជែង រហូតទទួលបានលទ្ធផល យ៉ាងល្អប្រសើរត្រឡប់មកវិញ។ ឯកឧត្តមបានបញ្ជាក់ទៀតថា នេះគឺជាកិត្តិយស មិនត្រឹមតែសមាគម ឬសម្រាប់គ្រួសារប៉ុណ្ណោះទេ វាក៏ជាកិត្តិយសដ៏ល្អបំផុត សម្រាប់ខេត្តបាត់ដំបងយើងផងដែរ។ ជាការពិត កីឡាគឺដើម្បីសុខភាព កីឡាដើម្បីមិត្តភាព ដូច្នេះសូមឱ្យសមាគម ត្រូវតែខិតខំ ប្រឹងប្រែង ហ្វឹកហាត់បន្ថែមទៀត ព្រោះកីឡាក៏ជាផ្នែកមួយ ធ្វើឲ្យមនុស្ស រួចផុតពីអំពើអបាយមុខទាំងពួង នឹងដើរជៀសចេញឆ្ងាយឲ្យផុត ពីបញ្ហាគ្រឿងញៀនជាដើម៕ ប្រភព រដ្ឋបាលខេត្ត