បាត់ដំបង ៖ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង ដោយមានកិច្ចសហការជាមួយរដ្ឋបាលខេត្ត នឹងរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាពានរង្វាន់សម្តេចក្រឡាហោម ស ខេង ឆ្នាំ២០២៤ នៅខេត្តបាត់ដំបង ក្រោមប្រធានបទ យុវជនម្នាក់លេងកីឡាមួយប្រភេទប្រចាំជីវិត និងចៀសឆ្ងាយពីគ្រឿងញៀន ។
ពិធីនេះស្ថិតក្រោមការឧបត្ថម្ភគាំទ្រធំពីក្រុមហ៊ុនខ្មែរប៊ែវើរេសជីស និងសហការឧបត្ថម្ភ ពីក្រុមហ៊ុន ភូ ពុយ អ៊ិនវេសមិន ខូអិលធីឌី ក្រុមហ៊ុនបុរី មហាទេព ក្រុមហ៊ុនទឹកពិសា ហាយ ធិច ក្រុមហ៊ុន ស៊ីភី & អេ ត្រេឌីង អិនធឺណេសិនណល ក្រុមហ៊ុន បាណន់ អាបាទ័រ ក្រុមហ៊ុន មីគោក អ៊ុនដូមី និងមានអ្នកសហការគាំទ្រពីក្រុមហ៊ុនតូយ៉ូតា ខេមបូឌាសាខាខេត្តបាត់ដំបង និងក្រុមហ៊ុនជាច្រើនទៀត ។
លោកឧកញ៉ា ភួ វាសនា ប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង បានបញ្ជាក់ថា អំពីគោលបំណងនៃការបើកព្រឹត្តិការណ៍ប្រកួតកីឡាពានរង្វាន់ សម្តេចក្រឡាហោម ស ខេង ឆ្នាំ២០២៤ គឺដើម្បីឱ្យប្រជាពលរដ្ឋ ជាពិសេសយុវជនមានសុខភាពល្អ បង្កើននូវសាមគ្គីភាព មិត្តភាព ចៀសឆ្ងាយពីការប្រើប្រាស់ គ្រឿងញៀន និងកាត់បន្ថយភាពអសកម្មផ្សេងៗ ក្នុងសង្គម រួមចំណែក ក្នុងការលើកកម្ពស់វិស័យកីឡាឱ្យកាន់តែរីកចម្រើនឈានដល់ការសម្រេចបានគោលនយោបាយជាតិ ស្តីពី ការអភិវឌ្ឍវិស័យអប់រំកាយ និងកីឡារបស់រាជរដ្ឋាភិបាលកម្ពុជា ដែលព្រឹត្តិការណ៍នៃការប្រកួតនេះរៀបចំឡើងចាប់ពីថ្ងៃទី១០ ខែវិច្ឆិកា ដល់ពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៤ លើវិញ្ញាសា៤ប្រភេទ គឺកីឡាបាល់ទាត់ កីឡាបាល់ទះ កីឡាវាយសី និងកីឡាប៉េតង់ ដោយមានរៀបចំជាពានរង្វាន់ និងប្រាក់រង្វាន់ មេដាយមាស ប្រាក់សំរឹទ្ធ ទៅតាមថ្នាក់នៃកីឡានីមួយៗផងដែរ ។
តំណាងក្រុមកីឡាករ កីឡាការិនី បានបញ្ជាក់យ៉ាងដូច្នេះថា………..
លោក យី សុងគី ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្ត និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង បានចាត់ទុកការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាពានរង្វាន់ សម្តេចក្រឡាហោម ស ខេង ឆ្នាំ២០២៤នេះ គឺដើម្បីប្រមែប្រមូលយុវជនគ្រប់ស្រទាប់ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធទាំងអស់ឱ្យបានចូលរួមប្រកួតកីឡានេះ ក៏ដូចជាការរឹតចំណងសាមគ្គីភាព ភាតរភាព ដោយក្តីស្រឡាញ់ ឱ្យយល់ដឹងអំពីសារសំខាន់នៃពាក្យស្លោករបស់រាជរដ្ឋាភិបាលកម្ពុជា កីឡាក្រោមម្លប់សន្តិភាព និងចង់ឱ្យយុវជនរបស់យើងជៀសឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ ដែលពាក់ព័ន្ធគ្រោះថ្នាក់ដល់សុខភាព ការសិក្សា និងសង្គមជាតិទាំងមូល ។ ជាងនេះទៀត ដើម្បីកៀរគរយុវជនបានចូលរួមប្រកួត បន្ទាប់ពីបានខិតខំហ្វឹកហាត់ មានឱកាសក្នុងការបញ្ចេញស្នាដៃថែមទៀតផង ។
លោក យី សុងគី បានបញ្ជាក់ថា ការប្រកួតកីឡាទាំង៤ប្រភេទ សម្រាប់ឆ្នាំ២០២៤នេះ គណៈកម្មការរៀបចំការប្រកួត មានកីឡាករ កីឡាការិនីចូលរួមសរុបទាំងអស់ចំនួន ១១៨២នាក់ ដែលចំនួននេះឃើញថា មានច្រើន ហើយវិញ្ញាសាមានការកើនឡើងមួយវិញ្ញាសាទៀត ខណៈឆ្នាំ២០២២ មានតែ៣វិញ្ញាសាប៉ុណ្ណោះ ឆ្នាំ២០២៤នេះមានវិញ្ញាសាចំនួន៤ មាន៤ប្រភេទកីឡាហើយបើសិនជាដំណើរការទៅល្អ ហើយយុវជន និងកីឡាករ កីឡាការិនីទាំងអស់មានការចាប់អារម្មណ៍ គណៈកម្មការមានឆន្ទៈ នឹងរៀបចំកីឡាហែលទឹកមួយប្រភេទទៀត ខណៈខេត្តបាត់ដំបង មានមណ្ឌលហែលទឹក ដែលមានស្តង់ដា នៅសាកលវិទ្យាល័យជាតិបាត់ដំបង ដែលមានការរៀបចំដោយឯកឧត្តម ស៊ុន ចាន់ថុល ប្រធានសហព័ន្ធកីឡាហែលទឹកកម្ពុជា ដែលយើងអាចប្រកួត និងហ្វឹកហាត់បាន ៕
ដោយ ៖ គួយ គឹមស៊ន