ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ប្រកាសឲ្យប្រុងប្រយ័ត្នចំពោះឧបាយកលបោកបញ្ឆោត «លួចគណនី Facebook និងព័ត៌មានគណនីធនាគារ

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ប្រកាសឲ្យប្រុងប្រយ័ត្នចំពោះឧបាយកលបោកបញ្ឆោត «លួចគណនី Facebook និងព័ត៌មានគណនីធនាគារ»

👉ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១នេះ បានសេចក្តីជូនដំណឹង ស្ដីពីវិធានការបង្ការឧបាយកលបោកបញ្ឆោត «លួចគណនីហ្វេសប៊ុក ទំព័រហ្វេសប៊ុក និងព័ត៌មានគណនីធនាគារ»។

👉ក្រសួងបន្តថា នាពេលថ្មីៗនេះ មានការប្រើល្បិចលួចគណនីហ្វេសប៊ុក ទំព័រហ្វេសប៊ុក និងព័ត៌មានគណនីធនាគារតាមរយៈ ការបោកបញ្ឆោតដោយចោរបច្ចេកវិទ្យា (Hackers) ឬអ្នកបោកប្រាស់បានបង្កើតទំព័រហ្វេសប៊ុកក្លែងក្លាយដោយមាន ដាក់រូបភាព និងឈ្មោះ មើលទៅហាក់ដូចជាសាររបស់ក្រុមហ៊ុនហ្វេសប៊ុកក្នុងគោលដៅបោកបញ្ឆោតអ្នកប្រើប្រាស់ជាពិសេសទៅលើអ្នកប្រកបអាជីវកម្មអនឡាញ។

👉ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូម ជម្រាបជូនសាធារណជនអំពីឧបាយកលបោកបញ្ជោត និងវិធានការបង្ការដូចខាងក្រោម៖

*ឧបាយកលបោកបញ្ឆោត

👉ការបោកបញ្ឆោតនេះធ្វើឡើងតាមរយៈការជូនដំណឹងទៅម្ចាស់ទំព័រហ្វេសប៊ុកថា “ទំព័រហ្វេសប៊ុកនោះបាន ប្រព្រឹត្តខុសទៅនឹងគោលការណ៍របស់ក្រុមហ៊ុនហ្វេសប៊ុកពាក់ព័ន្ធនឹងការរំលោភបំពានផ្សេងៗ។ ដើម្បីពិនិត្យបញ្ហាសុវត្ថិភាព និងបញ្ជាក់អត្តសញ្ញាណម្ចាស់ទំព័រត្រូវចុចតំណភ្ជាប់និងធ្វើតាមការណែនាំ បើមិនដូច្នេះទេក្រុមហ៊ុនហ្វេសប៊ុក នឹងបិទទំព័រហ្វេសប៊ុកនោះចោលតែម្តង”។ នៅពេលម្ចាស់ទំព័រហ្វេសប៊ុកចុចលើតំណភ្ជាប់ នឹងមានការតម្រូវឱ្យបញ្ចូល ព័ត៌មានសំខាន់ៗដូចជា ឈ្មោះ ពាក្យសម្ងាត់គណនីហ្វេសប៊ុក ឬ/និងព័ត៌មានគណនីធនាគារ ជាដើម។ បន្ទាប់មកចោរព័ត៌មានវិទ្យា ធ្វើការលួចយកគណនីហ្វេសប៊ុក ទំព័រហ្វេសប៊ុក ព្រមទាំងអាចប្រើប្រាស់ព័ត៌មានគណនីធនាគារ ដើម្បីធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មនានានៅលើហ្វេសប៊ុក ឬក៏អាចឈានទៅចំណាយទិញទំនិញផ្សេងៗទៀត។

🚨*វិធានការបង្ការ
– សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការបន្លំដោយប្រាប់ថា «ទំព័រហ្វេសប៊ុករបស់អ្នកខុសទៅនឹងគោលការណ៍ នានារបស់ក្រុមហ៊ុនហ្វេសប៊ុក» ដែលតម្រូវឱ្យមានការចុចទៅលើតំណភ្ជាប់ (Link) ដើម្បីបំពេញព័ត៌មាន ព្រោះក្រុមហ៊ុនហ្វេសប៊ុកមិនទាមទារការបញ្ជាក់ ដោយបំពេញព័ត៌មានដូចរៀបរាប់ខាងលើទេ

– ធ្វើការត្រួតពិនិត្យវេបសាយ ទំព័រហ្វេសប៊ុក ឬតំណភ្ជាប់នានាឱ្យបានច្បាស់លាស់មុននឹងចុចបើកមើល ឬបញ្ចូលព័ត៌មានសំខាន់ៗតាមការទាមទារ

– គួរប្រើប្រាស់មុខងារកាតសិប្បនិម្មិត (Virtual Credit/Debit Card) និងកំណត់ទំហំសាច់ប្រាក់សម្រាប់ ការចាយវាយមិនលើសបរិមាណសមស្របមួយ

– ពិនិត្យមើលការជូនដំណឹងអំពីការធ្វើប្រតិបត្តិការចំណាយអនឡាញឱ្យបានទៀងទាត់ ប្រសិនបើមាន ការចំណាយខុសប្រក្រតីណាមួយអ្នកត្រូវទាក់ទងទៅធនាគារជាបន្ទាន់ ដើម្បីស្វែងរកជំនួយ និងដំណោះស្រាយ។

✅សម្រាប់ព័ត៌មានបច្ចេកទេសពាក់ព័ន្ធនឹងបញ្ហានេះ អ្នកប្រើប្រាស់អាចស្វែងយល់បន្ថែមក្នុងគេហទំព័ររបស់«ការិយាល័យឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូទ័រ (CamCERT)» នាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលមានអាសយដ្ឋាន www.camcert.gov.kh ឬរាយការណ៍ ឬសុំជំនួយ បច្ចេកទេស បន្ថែមលើករណីនេះ តាមរយៈអ៊ីម៉ែល incident@camcert.gov.kh ឬទូរសព្ទលេខ ០២៣ ៧២២ ៣៩១ / ០១៦ ៨៥១ ៦៧៨៕