ប្រជាពលរដ្ឋមួយចំនួន រស់នៅឃុំវត្តតាមិម បានតែត្អូញត្អែរចំពោះ បញ្ហាផ្លូវកៅស៊ូឆ្លងកាត់ភូមិក្នុងឃុំ ដោយសារតែផ្លូវនេះ មានសភាពខូចខាត ធ្វើឲ្យប៉ះពាល់ដល់ការធ្វើដំណើរ និងអាចបង្កជាគ្រោះថ្នាក់ចរាចរណ៍។
អ្នកស្រី វី ជាប្រជាពលរដ្ឋ រស់នៅភូមិកំពង់ពិល ឃុំវត្តតាមិម បានប្រាប់ថា៖ ផ្លូវកៅស៊ូឆ្លងកាត់ភូមិបច្ចុប្បន្ន មានសភាពទ្រុឌទ្រោមដោយសារ មានឡានដឹកដីឆ្លងកាត់ច្រើន ហើយមានការពិបាកខ្លាំងចំពោះការធ្វើដំណើរនៅពេលយប់។ មិនខុសគ្នានេះ អ្នកស្រី សាវ៉ន រស់នៅ ភូមិស្លក្រាម ឃុំវត្តតាមិម បានរៀបរាប់ថា៖ អ្នកស្រីសង្កេតឃើញ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ដោយសារផ្លូវមានសភាពខូចខាត។ អ្នកស្រីចង់ឲ្យអាជ្ញាធរ ដោះស្រាយចំពោះបញ្ហានេះ។
ទោះយ៉ាងណាក្តី បញ្ហាផ្លូវកៅស៊ូមួយខ្សែរនេះ បច្ចុប្បន្នប្រជាពលរដ្ឋបានសង្កេតឃើញ គឺមានការជុលជួល ជាបន្តបន្ទាប់ពីសំណាក់អាជ្ញាធរ ប៉ុន្តែប្រជាពលរដ្ឋចង់ឲ្យមានការថែទាំផ្លូវបានល្អ កុំឲ្យមានសភាពខូចខាតទៀត ។
លោក អ៊ិម ស្វាង មេឃុំវត្តតាមិមបានលើកឡើងថា ចំពោះបញ្ហាផ្លូវនេះគឺតែងតែមានការជុសជុល ជារឿយៗ។ ហើយចំពោះការអភិវឌ្ឍន៍កន្លងមកគឺបានធ្វើថ្នល់កៅស៊ូប្រវែង 3555ម៉ែត និងបានស្តាប្រឡាយស្រាប់ស្រោចស្រពដំណាំ និងទឹកប្រើប្រាស់ប្រវែង 2020ម៉ែតផងដែរ។
អត្ថបទ៖ ក. ម៉ន ឆវ័ន្ត