អនុប្រធាន​មន្ទីរ​ធនធានទឹក​៖ អំពាវនាវ​ឲ្យ​ប្រជាកសិករ​ធ្វើ​ស្រែប្រាំង​តែ​១​ដង ក្នុង​ឆ្នាំ​២០១៩​នេះ​

លោក ខៃ សុ​ដា អនុប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្ត​បាត់ដំបង បាន​មានប្រសាសន៍ថា​៖ សូម​អំពាវនាវ​ដល់​ប្រជាកសិករ​ទាំងអស់​ធ្វើ​ស្រែប្រាំង​តែ​១​បាន​ហើយ ក្នុង​ឆ្នាំ​២០១៩​នេះ តាម​សារាចរ​ណែនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​។ តាម​សារាចរ​ណែនាំ​បានបង្ហាញ​បាន នៅ​រដូវប្រាំង​២០១៩​នេះ នឹង​ត្រូវ​អូសបន្លាយ​ពេល ហើយ​ជួប​បាតុភូត​គ្រោះរាំងស្ងួត​។ នេះ​ជា​ការលើកឡើង​ក្នុង​កម្មវិធី សន្ទនា​មតិ​ព្រឹក​ថ្ងៃទី ០៧ ខែ​កុម្ភៈ ឆ្នាំ​២០១៩​។​

​ក្នុងនោះដែរ លោក សំបូរ មកពី​ស្រុក​ឯក​ភ្នំ ខេត្ត​បាត់ដំបង បាន​និយាយថា​៖ ប្រជាពលរដ្ឋ​ខ្លះ​ពិតជា​ធ្វើ​ស្រែប្រាំង​២​ដង ដែល​ធ្វើឲ្យ​ប៉ះពាល់​ប្រយោជន៍​រួម បើទោះបីជា​មាន​ការ ផ្សព្វផ្សាយ​យ៉ាងណាក្តី ។ បច្ចុប្បន្ន រាជរដ្ឋាភិបាល​ក៏​បាន​ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ​តាំង​អស់​ធ្វើតាម សារាចរ និង​ថែរក្សា​ទឹក​ប្រើប្រាស់​ប្រចាំថ្ងៃ បង្ការ​បញ្ហា​គ្រោះ​រាំងស្ងួត​ខាងមុខ​។​

​បញ្ហា​នេះ លោក អនុប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្ត​បាត់ដំបង បាន​មានប្រសាសន៍​បន្ថែម​ថា​៖ ក្រសួង​ក៏ដូចជា​មន្ទីរ​បាន​ផ្សព្វផ្សាយ​ណែនាំ​ដល់​ប្រជាពលរដ្ឋ តាំងពី​ខែ​តុលា ឆ្នាំ​២០១៨​មក​ម្ល៉េះ​ថា​នឹង​មាន​គ្រោះរាំងស្ងួត​នៅក្នុង​ឆ្នាំ​២០១៩​។​

​គួរ​បញ្ជាក់​ផង​ដែរ សារាចរ​មាន​៣​សំខាន់ៗ​គឺ​៖១. ការងារ​បង្កបង្កើនផល​ស្រូវប្រាំង​ក្នុង​ឆ្នាំ​២០១៩​នេះ គឺ​អាច​ធ្វើបាន​តែ​១​ដង​ប៉ុណ្ណោះ ដោយ​មិន​អាច​ធ្វើ​ស្រូវប្រាំង​លើក​ទី​២​បានទេ បើទោះបីជា​ទឹក​នៅ​តាម​បណ្តា​អាង​ដែល​បាន​រក្សាទុក និង​កន្លែង​មួយ​ចំនួន ដែល​មាន​ទឹកជា​ធម្មជាតិ​ក៏ដោយ គួរ​គប្បី​រក្សា​ទឹក​ទាំងនោះ​ទុក​សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ និង​ការដាំ​ដំណាំ​រួមផ្សំ​ផ្សេង​ទៀត​ក្រៅពី​ស្រូវ​។​២. ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់​ថ្នាក់​ត្រូវ​ចូលរួម​ចាត់វិធានការ​ថែរក្សា​ទឹក​ទុកឲ្យ​បានល្អ ដើម្បី​ផ្គត់ផ្គង់​សម្រាប់​តែ​ការប្រើប្រាស់​ប្រចាំថ្ងៃ​តែ​ប៉ុណ្ណោះ រហូតដល់​ពេល​មាន​ភ្លៀង​ធ្លាក់​ជាធម្មតា​ឡើងវិញ​។ ៣. ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់​ថ្នាក់​ត្រូវ​ត្រៀម​លក្ខណៈ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ដោយ​គ្រោះធម្មជាតិ​នានា​ដូចជា​ខ្យល់​កន្ត្រាក់​ជាដើម​៕