ការផ្តល់​សេវា​សុខភាព​នៅ​មណ្ឌល​សុខភាព​អូរ​ម៉ាល់​

ប្រជាពលរដ្ឋ​ជាច្រើន​មាន​ទំនុកចិត្ត​ដោយ​ការ​ទៅ​ទទួល​សេវា​សុខភាព​ផ្សេងៗ​នៅ​មណ្ឌល​សុខភាព​សាធារណៈ ដើម្បី កាត់បន្ថយ​ការចំណាយ ទន្ទឹម​នេះ​ដែរ​រាល់​តម្លៃ​សេវា​ក្នុង​ការផ្តល់​សេវា​ទៅកាន់​ពលរដ្ឋ​ត្រូវតែ​ច្បាស់លាស់ ត្រឹមត្រូវ តាម​អ្វី​ដែល បានកំណត់ ដើម្បី​ធានាបាន​ថា​ការផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​មាន​ប្រសិទ្ធភាព ។​

​ជា​ប្រជាពលរដ្ឋ​មួយរូប​រស់នៅក្នុង​សង្កាត់​អូរ​ម៉ាល់ បាន​ប្រាប់ថា​៖ ពេល​ទៅ​ទទួល​សេវា​សុខភាព​នៅ​មណ្ឌល​សុខភាព គឺ​មាន​ភាពល្អប្រសើរ ជាពិសេស​សំរាប់​លោក​មាន​ប័ណ្ណ​មូលនិធិ​សមធម៌​ដូច្នេះ​ពេល​ទៅ​ទទួល​សេវា មិន​មាន​បង់​ប្រាក់​អ្វី​នោះទេ ហើយ​បើ​គ្មាន​ប័ណ្ណ​ក៏​តម្លៃ​សេវា​តិចតួច ដែល​ពលរដ្ឋ​ទទួលយកបាន​។​

​រ​រីឯ ប្រជាពលរដ្ឋ​ម្នាក់​ទៀត បាន​និយាយថា ការយល់ដឹង ពី​ការព្យាបាល​នៅ​មណ្ឌល​សុខភាព​នេះ ពលរដ្ឋ ខ្លះ​ដឹង ពលរដ្ឋ​ខ្លះទៀត​នៅ​មិនទាន់​យល​ដឹង​នៅឡើយ​ទេ ។ កញ្ញា​បន្ដថា ចំពោះ​អ្នក​មានបណ្ណ័​ក្រីក្រ ពេទ្យ​ដូច​មិនសូវ​យក​ទុកដាក់​ប៉ុន្មាន​ទេ ព្រោះ​ឃើញ​ថា គាត់​ភាពក្រីក្រ​អត់​លទ្ធភាព​។​

​ចំណែកឯ​អ៊ុំ​ម្នាក់ទៀត រស់នៅ​សង្កាត់​អូរ​ម៉ាល់​ដែលនោះ និយាយថា​៖ ថ្នាំ​ព្យាបាល​នៅ ពេទ្យ​ឃុំ បាន​តែ​ជម្ងឺ​ស្រាលៗ​ទេ តែបើ​ជ​ម្ងឹ​ធ្ងន់​វិញ ការព្យាបាល​ហាក់​គ្មាន​មាន​ប្រសិទ្ធភាព​ទេ​។​

​លោក ម៉ៅ មុន្នី​ស៊ីណា​រិន្ទ ប្រធាន​មណ្ឌល​សុខភាព​អូរ​ម៉ាល់​មានប្រសាសន៍ថា សម្រាប់​មណ្ឌល​សុខភាព​អូរ​ម៉ាល់​គឺ​បើកទទួល​ព្យាបាល និង​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​24​ម៉ោង ហើយ​គ្រូពេទ្យ​គឺ​មាន​គ្រមសីលធម៌ និង​ទទួល​មើលថែ​អ្នក​ជម្ងឺ​យ៉ាង​យកចិត្តទុកដាក់​។​

​ក្នុង​នោះ​ដែល​សម្រាប់​តម្លៃ​សេវា​គឺ​យក​ទៅ​តាម​តារាង​ដែល​បាន​បិទ​នៅ​ក្នុង​មណ្ឌល​សុខភាព​តែ​ម្តង​មិន​យក​លើសពី​ការកំណត់​នៅក្នុង​តារាង​នោះទេ​។​

​ការផ្តល់​សេវា​សុខភាព​ចំពោះ​ពលរដ្ឋ​ទូទៅ​ដោយ​មិន​ប្រកាន់​ថា​អ្នក​មាន​ប័ណ្ណ​សមធម៌​ឬ​គ្មាន​ប័ណ្ណ​នោះទេ ដូច​ជា​ការយកចិត្តទុកដាក់ ការកំណត់​តម្លៃ​សេវា​អោយ​បាន​ត្រឹមត្រូវ ការត្រួតពិនិត្យ​តាមដាន និង​ការអនុវត្ត​ទៅ​គោលការណ៍​ច្បាប់​ដែល​បានកំណត់ ទាំងនេះ​ជា​អ្វី​ដែល​ប្រជាពលរដ្ឋ​ទាមទារ​ចង់បាន ដើម្បី​អោយ​ការផ្តល់សេវា​សុខភាព​ជូន​ពលរដ្ឋ​មាន​ប្រសិទ្ធភាព ។​